
លោក ចូ បៃដិន និងកូនប្រុស Hunter Biden និងកូនស្រី Ashley Biden នៅឆ្នាំ២០២៤។ AP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោកបានបញ្ចប់ការការពារសន្តិសុខសម្ងាត់ដែលផ្តល់ទៅឲ្យកូនៗរបស់អតីតប្រធានាធិបតី ចូ បៃដិន។
លោកថ្លែងនៅលើបណ្ដាញសង្គមរបស់លោកឈ្មោះ Truth ដោយបានលើកឡើងថា លោក Hunter Biden ដែលមានអាយុ ៥៥ឆ្នាំ មានអង្គរក្សហូតដល់ ១៨ នាក់តាមការពារខណៈពេលដែលលោកកំពុងសម្រាកវិស្សមកាលនៅអាហ្វ្រិកខាងត្បូងនៅក្នុងសប្តាហ៍នេះ ហើយ អ្នកស្រី Ashley Biden ដែលមានអាយុ ៤៣ឆ្នាំ មានអង្គរក្សហូតដល់ ១៣ នាក់តាមការពារ វាគឺជារឿងដែលគួរឲ្យអស់សំណើចបំផុត។
គួរឲ្យដឹងផងដែរថា នៅក្រោមច្បាប់សហព័ន្ធសហរដ្ធអាមេរិក អតីតប្រធានាធិបតី និងប្តីប្រពន្ធរបស់ពួកគេ ទទួលបានការការពារសន្តិសុខសម្ងាត់ពេញមួយជីវិត លើកលែងតែពួកគេបដិសេធ។ ប៉ុន្តែការការពារដែលផ្តល់ដល់សមាជិកគ្រួសាររបស់ពួកគេដែលមានអាយុលើសពី ១៦ ឆ្នាំត្រូវបញ្ចប់នៅពេលដែលពួកគេចាកចេញពីតំណែង។
មន្ត្រីការពារសន្តិសុខសម្ងាត់ម្នាក់បាននិយាយថា ទីភ្នាក់ងារបានដឹងអំពីការសម្រេចចិត្តរបស់លោក ត្រាំ ដោយលោកលើកឡើងថា៖ «ក្រុមការពារសន្តិសុខសម្ងាត់នឹងគោរពតាម និងកំពុងធ្វើការយ៉ាងសកម្មជាមួយនឹងសេតវិមាន ដើម្បីធានាឱ្យមានការអនុលោមតាមច្បាប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
វាជារឿងធម្មតាសម្រាប់សមាជិកគ្រួសាររបស់អតីតប្រធានាធិបតីដែលមានការការពារសន្តិសុខសម្ងាត់សម្រាប់រយៈពេលជាក់លាក់មួយ។ ជាធម្មតាកូនៗរបស់អតីតប្រធានាធិបតីតែងតែទទួលបានការការពារសន្តិសុខសម្ងាត់រហូតដល់ប្រាំមួយខែបន្ទាប់ពីការគ្រប់គ្រងរបស់ឪពុកម្តាយពួកគេបានបញ្ចប់ ប៉ុន្តែវាអាស្រ័យលើការសម្រេចចិត្តរបស់ប្រធានាធិបតីដែលកំពុងកាន់អំណាចផងដែរ។
មុនពេលដែលលោក ចូ បៃដិន ចាកចេញពីតំណែងក្នុងខែមករា លោកបានដាក់ការការពារសន្តិសុខសម្រាប់កូនៗរបស់គាត់រហូតដល់ខែកក្កដា។
គួររំលឹកផងដែរថា កាលពីអាណត្តិទីមួយរបស់លោក ត្រាំ បានបញ្ចប់នៅខែមករា ឆ្នាំ២០២១ លោក បៃដិន បានបន្តការការពារដល់កូនរបស់លោក ត្រាំ រយៈពេលប្រាំមួយខែបន្ទាប់ពីលោក ត្រាំ ចាកចេញពីតំណែង។
លោក Hunter Biden និងអ្នកស្រី Ashley Biden មិនមែនជាមនុស្សដំបូងដែលលោក ត្រាំ ដកហូតការការពារសន្តិសុខសម្ងាត់នោះទេ ដោយកាលពីខែមករា លោក ត្រាំ ក៏បានដកការការពារសន្តិសុខសម្ងាត់សម្រាប់លោកបណ្ឌិត Anthony Fauci ដែលមើលការខុសត្រូវរបស់រដ្ឋាភិបាលសហព័ន្ធចំពោះជំងឺរាតត្បាត Covid ផងដែរ៕