ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ​នឹង​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្លាឌឺមៀ ពូទីន នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​រក​វិធី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ខណៈ​ដែល​មេដឹកនាំ​អ៊ុយក្រែន​ថា លោក ពូទីន ព្យាយាម​បន្ត​សង្គ្រាម។

លោក​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​អ៊ុយក្រែន​មិន​ល្អ​នោះ​ទេ ប៉ុន្តែ​យើង​នឹង​ដឹង​ថា​តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​បាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ បទ​ឈប់​បាញ់​គ្នា និង​សន្តិភាព ហើយ​ខ្ញុំ​គិត​ថា យើង​អាច​ធ្វើ​បាន»។

លោក​ ត្រាំ បន្ត​ថា សមាសធាតុ​ជា​ច្រើន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នៅ​អ៊ុយក្រែន​ ត្រូវ​បាន​និយាយ​ត្រូវ​រូវ​គ្នា​ហើយ ជាមួយ​ភាគី​រុស្ស៊ី។

យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ សំណើ​ឈប់​បាញ់​គ្នា​នៅ​អ៊ុយក្រែន​​រយៈ​ពេល ៣០​ថ្ងៃ បាន​កន្លង​ផុត​ទៅ​មួយ​សប្ដាហ៍​ហើយ។ ប្រធានាធិបតី​អ៊ុយក្រែន Volodymir Zelensky ថ្លែង​ថា គឺ​លោក​ ពូទីន ប្រធានាធិបតី រុស្ស៊ី​ជា​អ្នក​អូស​បន្លាយ​សង្គ្រាម​ហើយ​សម្ពាធ​ត្រូវ​តែ​ដាក់​បន្ថែម​លើ​រុស្ស៊ី​ដើម្បី​ឲ្យ​រុស្ស៊ី​បញ្ចប់​សង្គ្រាម​នេះ។

ថ្លែង​នៅ​លើ​បណ្ដាញ​សង្គម​ X លោក​ Zelensky លើក​ឡើង​ថា ថ្ងៃ​នេះ​គឺ​ជា​ខួប​គ្រប់​មួយ​សប្ដាហ៍​ដែល​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​នៅ​លើ​មេឃ នៅ​ឯ​សមុទ្រ និង​នៅ​ជួរ​មុខ។ សំណើ​នេះ​គួរ​តែ​ត្រូវ​បាន​អនុវត្ត​ភ្លាមៗ ប៉ុន្តែ រៀង​រាល់​ថ្ងៃ​ សង្គ្រាម​នៅ​តែ​បន្ត​ហើយ​ឆក់​យក​ជីវិត​មនុស្ស​ជា​ច្រើន។​

លោក​ថា៖ «ឥឡូវ​នេះ ជិត​មួយ​សប្ដាហ៍​ហើយ ហើយ​វា​ច្បាស់​ណាស់​សម្រាប់​មនុស្ស​គ្រប់​គ្នា​នៅ​លើ​ពិភពលោក​ ថា​តើ​អ្នក​ណា​ជា​អ្នក​មិន​ទទួល​ស្គាល់​ការ​ពិត​អស់​រយៈ​ពេល ៣​ឆ្នាំ​កន្លង​ទៅ នោះ​គឺ​លោក ពូទីន ដែល​បន្ត​អូស​បន្លាយ​សង្គ្រាម​នេះ។ ឥឡូវ​នេះ​ជិត​មួយ​សប្ដាហ៍ លោក ពូទីន នៅ​តែ​មិន​អាច​និយាយ​ចេញ​ពាក្យ​ថា «បាទ» ចំពោះ​សំណើ​ឈប់​បាញ់​គ្នា។ គាត់​ចេះ​តែ​និយាយ​អ្វី​ដែល​គាត់​ចង់ ប៉ុន្តែ​មិន​មែន​អ្វី​ដែល​ពិភពលោក​ចង់​បាន»។

លោក​បន្ត​ថា បទ​ឈប់​បាញ់​គ្នា​ដោយ​គ្មាន​លក្ខខណ្ឌ​មាន​សារៈ​សំខាន់​សម្រាប់​សង្គ្រោះ​ជីវិត និង​ជា​ឱកាស​សម្រាប់​មន្ត្រី​ទូត​ធ្វើ​ការ​លើ​ការ​ធានា​សន្តិសុខ​និង​សន្តិភាព​យូរ​អង្វែង ប៉ុន្តែ រុស្ស៊ី​មិន​ខ្វាយ​ខ្វល់​ពី​សំណើ​នេះ​ទេ។

សំណើ​ឈប់​បាញ់​គ្នា​​រយៈ​ ៣០​ថ្ងៃ​ ត្រូវ​បាន​ស្នើ​ឡើ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កាល​ពី​សប្ដាហ៍​មុន​ ប៉ុន្តែ លោក​ពូទីន បាន​លើក​ឡើង​នូវ​ចម្ងល់​ជា​ច្រើន​ ដូចជា​ថា បទ​ឈប់​បាញ់​នេះ​គឺ​ដើម្បី​ឲ្យ​អ៊ុយក្រែន​ប្រមូល​កម្លាំង​ទ័ព​ ជា​ដើម៕