
អ្នករងគ្រោះដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅតំបន់ Gaza។ AP
ការវាយប្រហារតាមផ្លូវអាកាសពេញមួយយប់របស់អ៊ីស្រាអែលទៅលើតំបន់ Gaza គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក្រោយពេលការវាយប្រហារនេះបានសម្លាប់មនុស្ស ៤០០នាក់។
អង្គការសហប្រជាជាតិបានថ្កោលទោសអ៊ីស្រាអែល ដោយចាត់ទុកថាវាជារឿងដែលគួរឱ្យរន្ធត់ ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះនៅតែប្តេជ្ញាចិត្តថានឹងប្រើកម្លាំងកាន់តែខ្លាំងថែមទៀតផ្ដោតគោលដៅទៅលើក្រុមហាម៉ាស់។
បើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុមហាម៉ាស យ៉ាងហោចណាស់មនុស្ស ៤១៣ នាក់បានស្លាប់ និង ៥៦២ នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសកាលនៅព្រឹកព្រលឹមថ្ងៃអង្គារពីសំណាក់អ៊ីស្រាអែលទៅលើតំបន់ Gaza។
ការវាយប្រហារតាមអាកាសជាថ្មីម្តងទៀតនេះបានបញ្ចប់បទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធគ្រប់គ្រងតំបន់ Gaza។
លោក Netanyahu បាននិយាយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) ទ្រង់ទ្រាយធំបានត្រឡប់ទៅប្រយុទ្ធសារជាថ្មី បន្ទាប់ពីក្រុមហាម៉ាស់មិនបានដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់។
លោក Netanyahu បានសន្យាថានឹងបង្កើនសកម្មភាពប្រឆាំងនឹងក្រុមហាម៉ាសឲ្យកាន់តែខ្លាំងឡើងហើយបានបញ្ជាក់សារជាថ្មីអំពីចេតនារបស់លោកក្នុងការបន្តការប្រយុទ្ធរហូតដល់ចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង ហើយក្រុមហាម៉ាសត្រូវបានបំផ្លាញ។
យោងតាមមន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា អ្នកស្លាប់ជាច្រើននៅក្នុងការវាយប្រហារចុងក្រោយបំផុតគឺជាកុមារ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានហៅការវាយប្រហារនេះថា«ជាការរំលោភបំពានលើអនុសញ្ញាអន្តរជាតិ និងគោលការណ៍មនុស្សធម៌»។
នៅក្នុងសុន្ទរកថានៅឯអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន Riyad Mansour បាននិយាយថា «យើងចង់បានសន្តិភាព»។
ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅអ៊ីស្រាអែល លោក Simon Walters បានបង្ហោះនៅលើបណ្តាញសង្គម X ថា ការវាយប្រហាររបស់អ៊ីស្រាអែល នឹងមិនជួយកម្ចាត់ក្រុមហាម៉ាស ឬនាំយកចំណាប់ខ្មាំងមកផ្ទះវិញទេ តែវាជាការបង្កើនការស្លាប់បន្ថែមទៀត។
មានចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៥៩ នាក់នៅតែត្រូវបានក្រុមហាម៉ាសចាប់ឃុំឃាំង ក្នុងនោះ ២៤ នាក់ត្រូវបានគេជឿថានៅមានជីវិត។
សម្រាប់ការដោះលែងពួកគេ ក្រុមហាម៉ាសចង់ឱ្យមានការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ Gaza និងការបញ្ចប់ភាពជាសត្រូវនឹងគ្នា ដែលជាផ្នែកមួយនៃដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀង៕