វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជា​ឲ្យ​​បិទក្រសួង​អប់រំ​អាមេរិក​ នៅថ្ងៃព្រហស្បតិ៍ ទី២០ខែមីនានេះ។ នេះជាលើកដំបូងហើយដែលលោក ត្រាំ សម្រេចបិទក្រសួងកម្រិតខ្ពស់បែបនេះ ក្រោយពេលលោក និង លោក Elon Musk បានព្យាយាមបិទទីភ្នាក់ផ្ដល់ជំនួយ USAID។

យោង​តាម​​ការ​​បញ្ជាក់​របស់​សេតវិមាន​​កាល​ពី​ថ្ងៃ​ពុធ បទបញ្ជានេះ​តម្រូវ​ឲ្យ​​រដ្ឋមន្ត្រី​​អប់រំ Linda McMahon ដឹកនាំ​​ចាត់វិធានការចាំបាច់ទាំងអស់ដើម្បីជួយសម្រួលដល់ការបិទក្រសួង​នេះ​ និងប្រគល់សិទ្ធិអំណាចអប់រំ​ទាំង​អស់​ទៅ​ក្រសួង​ការបរទេស​ ព្រម​ទាំង​ធានា​នូវ​ការ​ផ្ដល់​សេវា​ កម្មវិធី និង ផល​ប្រយោជន៍​ផ្សេងៗ​ទៀត​ដោយ​គ្មាន​ការ​រាំង​ស្ទះ។​

លោក ត្រាំ​ ធ្លាប់​បានអំពាវនាវម្តងហើយម្តងទៀតឱ្យលុប​ចោល​ក្រសួង​នេះ ដោយលោកបានហៅក្រសួង​​នេះថា​ជា «ការងារ​កេង​ចំណេញ​ដ៏​ធំ»។ លោក​បាន​ស្នើ​ឲ្យ​បិទ​ក្រសួង​នេះ​​ក្នុង​អាណត្តិ​ដំបូង​របស់​លោក​ម្តងរួចមកហើយ ប៉ុន្តែ​សភា​មិន​បាន​ធ្វើ​សកម្មភាព​ទេ។

លោកស្រី Linda McMahon រដ្ឋមន្ត្រីអប់រំ កាលពីថ្ងៃចន្ទបានការពារផែនការរបស់លោក ត្រាំ​ ក្នុងការលុបចោលទីភ្នាក់ងារនេះ ប៉ុន្តែបានសន្យាថា ការផ្តល់មូលនិធិរបស់សាលាសហព័ន្ធដែលយល់ស្របដោយសភាក្នុងការបន្ត​ជួយដល់សាលារៀន និងសិស្ស​ដែលមានប្រាក់ចំណូលទាប។

បើតាមប្រភព​ដែល​បាន​ដឹង​ពីបទបញ្ជានេះ បាននិយាយថា កម្ចី​សម្រាប់​សិស្ស និង​សេវាកម្ម​សម្រាប់​កុមារ​មាន​ពិការភាព​​ដែល​​កំណត់​ក្នុង​ច្បាប់ នឹងនៅតែបន្តអនុវត្ត។

យ៉ាង​ណា​ក៏​ដោយ ចំណាត់ការនេះត្រូវបានជំទាស់ដោយ​គណបក្ស​ប្រជាធិបតេយ្យ ដែលបានដាក់ពាក្យប្តឹងកាលពីសប្តាហ៍មុន ស្វែងរកការរារាំងរដ្ឋបាល​លោក​ ត្រាំ មិន​ឲ្យ​មាន​ការរុះរើក្រសួង​ និងបញ្ឈប់ការបណ្តេញបុគ្គលិកជិតពាក់កណ្តាល។

ការបិទជាបន្ទាន់នេះអាចរំខានដល់ជំនួយរាប់សិបពាន់លានដុល្លារទៅលើការអប់រំកម្រិត​ K-12 និងជំនួយសិក្សាសម្រាប់និស្សិតមហាវិទ្យាល័យ។

ក្រសួង​អប់រំ​គ្រប់​គ្រ​ងទៅ​លើ​សាលា​រដ្ឋ​ចំនួន​ ១០​ម៉ឺន​សាលា និង សាលា​ឯកជន ៣ម៉ឺន៤ពាន់ សាលា។ ប៉ុន្តែ មូលនិធិ​ជាង ៨៥​ភាគរយ​ទទួល​បាន​ពី​រដ្ឋ​រៀងៗ​ខ្លួន និង ពី​រដ្ឋាភិបាល​មូលដ្ឋាន។​ ក្រសួង​នេះ​ក៏​គ្រប់​គ្រង​ទៅ​លើ​កម្ចី​របស់​សិស្ស​​អាមេរិកាំង​ដែល​គ្មាន​លទ្ធភាព​បង់​ថ្លៃ​សាលា​ពេញ ដែល​មាន​ទឹកប្រាក់ ១,៦​លាន​លាន​ដុល្លារ​ (ទ្រីលាន)៕