
វិហារ Bulguksa ដែលត្រូវបានចុះក្នងបញ្ជីអង្គការយូណេស្កូ នៅឆ្នាំ១៩៩៥។ Gyeongju Tourguide
កូរ៉េខាងត្បូងបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិននៅក្នុងត្រីមាសទីបីនៃឆ្នាំ២០២៥នេះ ដើម្បីជំរុញវិស័យទេសចរណ៍ ចំពេលវិស័យនេះកំពុងធ្លាក់ចុះ និងមុនកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកចាប់ផ្តើមនៅចុងឆ្នាំនេះ។
ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់ប្រទេសចិនកាលពីខែវិច្ឆិកាឆ្នាំមុន ដែលអនុញ្ញាតឲ្យភ្ញៀវទេចរមកពីកូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ី និងអឺរ៉ុបផ្សេងទៀតដែលធ្វើដំណើរសម្រាប់អាជីវកម្ម ទេសចរណ៍ និងដំណើរកម្សាន្តជាលក្ខណៈគ្រួសារ អាច ចូលប្រទេសចិនដោយគ្មានទិដ្ឋាការរហូតដល់ដំណាច់ឆ្នាំនេះ។
លោក Choi Sang mok ប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា៖ «យើងនឹងលើកលែងទិដ្ឋាការបណ្តោះអាសន្នសម្រាប់អ្នកទេសចរជាក្រុមមកពីប្រទេសចិននៅត្រីមាសទីបី ដើម្បីបង្កើនល្បឿននៃការងើបឡើងវិញនៃចំនួនភ្ញៀវទេសចរចិនមកកាន់ប្រទេសយើង»។
ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅត្រីមាសទី ៤ ក្នុងឆ្នាំនេះនៅទីក្រុង Gyeongju ភាគអាគ្នេយ៍នៃប្រទេសដែលជាតំបន់ល្បីល្បាញពោពេញដោយទេសចរណ៍បេតិកភណ្ឌពិភពលោក។
កាលពីឆ្នាំមុន អ្នកដំណើរ ១៦,៤ លាននាក់បានទៅលេងកូរ៉េខាងត្បូង កើនឡើង ៤៨ភាគរយ ធៀបនឹងឆ្នាំ២០២៣។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ជនជាតិចិនមានចំណែកដ៏ធំបំផុតដែលមានចំនួន ២៨ ភាគរយ ហើយក្នុងចំណោមចំនួនសរុបនេះ ជិតមួយភាគបីជាស្ត្រីក្នុងវ័យ២០ឆ្នាំ ទៅ៣០ឆ្នាំ។
វប្បធម៌ពេញនិយមរបស់កូរ៉េខាងត្បូងមានចាប់ពីតន្ត្រី K-pop រហូតដល់ការបង្ហាញម៉ូដដែលបានទទួលស្គាល់ជាសាកលក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
រដ្ឋាភិបាលក៏នឹងរៀបចំវិធានការបន្ថែម ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ដូចជាកញ្ចប់ដំណើរកម្សាន្តតាមតម្រូវការ រួមមានទាំងម្ហូបអាហារកូរ៉េ និងផលិតផលថែរក្សាសម្រស់ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរឲ្យបានចំនួន ១៨,៥ លាននាក់នៅក្នុងឆ្នាំនេះ។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងថយចុះនៅឆ្នាំនេះ ដោយការចំណាយរបស់អ្នកប្រើប្រាស់នៅមានកម្រិតខ្សោយ ហើយក៏ចំពេលវិបត្តិនយោបាយកំពុងកើតឡើងដែលជះឥទ្ធិពលដល់វិស័យទេសចរណ៍យ៉ាងខ្លាំង៕