ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បាន​ចេញ​បទ​បញ្ជា​បិទ​ចោល​ក្រសួង​អប់រំ​ជា​ផ្លូវការ​ ក្រោយ​ពេល​ក្រសួង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៧៩ ដោយ​លោក​លើក​ហេតុ​ផល​ថា ក្រសួង​នេះ​មិន​បាន​ជួយ​ឲ្យ​អាមេរិកាំង​មាន​គុណភាព​អប់រំ​ខ្លាំង​ដូចជា​មុខ​វិជ្ជា​គណិតវិទ្យា​ជា​ដើម។លោក​ថា គុណភាព​អប់រំ​នៅ​អាមេរិក មិន​ខ្លាំង​ដូច​នៅ​ប្រទេស​មួយ​ចំនួន​​ទេ​ដូចជា​ ដាណឺម៉ាក និង ហ្វាំងឡង់​ជា​ដើម។

ការ​បិទ​ចោល​ក្រសួង​អប់រំ​នេះ ភារកិច្ច​ទាំង​អស់​នឹង​ត្រូវ​ប្រគល់​ឲ្យ​ស្ថិត​ក្រោម​រដ្ឋបាល​របស់​លោក​ ហើយ​វា​ស្រ​ប​ទៅ​នឹង​គោល​នយោបាយ​របស់​លោក​ដែល​បាន​សន្យា​​នៅ​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត។ យ៉ាង​ណា​ក៏​ដោយ ការ​បិទ​ក្រសួង​នេះ​ទាំង​ស្រុង​ ត្រូវ​ការ​ការ​សម្រេច​ចិត្ត​ពី​សភា។​

លោក​ ត្រាំ ថ្លែង​ថា៖ «រដ្ឋបាល​របស់​ខ្ញុំ នឹង​ចាត់​វិធានការ​ដែល​ច្បាប់​អនុញ្ញាត​ទាំង​អស់​ដើម្បី​បិទ​ក្រសួង​នេះ»។លោក​បន្ត​ថា​ លោក​នឹង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​លោក​គ្រូ អ្នក​គ្រូ និង​អាច​ផ្ដល់​ផល​ប្រយោជន៍​កាន់​តែ​ប្រសើរ​ដល់​ពួក​គេ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក​ស្រី Linda McMahon នឹង​សម្រប​សម្រួល​ការងារ​ទាំង​អស់​ដើម្បី​បិទ​ទីភ្នាក់ងារ​នេះ រហូត​ដល់​ទី​បញ្ចប់​ដែល​ច្បាប់​អនុញ្ញាត ហើយ​ត្រូវ​ធានា​ថា ដំណើរ​ការ​នេះ​មិន​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​ផ្ដល់​សេវា ដំណើរការ​នៃ​កម្មវិធី​និង​ផល​ប្រយោជន៍​នានា។

យ៉ាង​ណា​ក៏​ដោយ អ្នក​នយោបាយ​ពី​គណបក្ស​ប្រជា​អធិបតេយ្យ និង​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​វិស័យ​អប់រំ​អាមេរិក​បាន​រិះ​គន់​វិធានការ​នេះ ដោយ​លើក​ឡើង​ពី​កង្វល់​អំពី​ការ​បោះ​បង់​ចោល​កុមារ​និង​សាលា​នានា​ដែល​ពឹង​លើ​មូលនិធិ​ពី​ក្រសួង​នេះ។​

ការ​បិទ​ក្រសួង​នេះ​ក៏​ប៉ះ​ពាល់​ដល់​សិស្ស​និស្សិត​ដែល​កំពុង​ជាប់​កម្ចី​ និង ទទួល​បាន​ជំនួយ​ឥត​សំណង​ពី​ក្រសួង​នេះ និង​ប៉ះ​ពាល់​ដល់​សាលា​ដែល​មាន​កុមារ​ពី​គ្រួសារ​មាន​ចំណូល​ទាប​ដែល​សាលា​បាន​ផ្ដល់​ការ​ឧបត្ថម្ភ​បន្ថែម៕