
រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំសំដៅលើទីក្រុង (កៀវ) Kyiv និងទីក្រុងសំខាន់ៗផ្សេងទៀតនៅក្នុងប្រទេសអ៊ុយក្រែនពេញមួយយប់ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់ កាលពីថ្ងៃអាទិត្យ។
ការវាយប្រហារនេះកើតឡើងមុនពេលប្រតិភូអ៊ុយក្រែន និងរុស្ស៊ីគ្រោងជួបចរចាសន្តិភាពដោយប្រយោលជាមួយអាមេរិកនៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយសហរដ្ឋអាមេរិកនឹងសម្រុះសម្រួលការចរចានេះ ហើយជួបជាមួយតំណាងប្រទេសដាច់ដោយឡែកពីគ្នា។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ការវាយប្រហារកាលពីថ្ងៃអាទិត្យដោយប្រទេសរុស្ស៊ីធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើកចំនួន១៤៧គ្រឿង ក្នុងនោះ ៩៧ គ្រឿងត្រូវបានបាញ់ទម្លាក់ និង ២៥ គ្រឿងផ្សេងទៀតបរាជ័យក្នុងការហោះដល់គោលដៅ។
ការវាយប្រហារនេះបានសម្លាប់មនុស្សបីនាក់នៅក្នុងទីក្រុងកៀវ ក្នុងនោះមានកុមារអាយុ ៥ ឆ្នាំម្នាក់ហើយយ៉ាងហោចណាស់ ១០នាក់ផ្សេងទៀតបានរងរបួស។
ប្រជាជនអ៊ុយក្រែនដែលនៅកន្លែងកើតហេតុនៃការវាយប្រហារនៅទីក្រុងកៀវ បានធ្វើការពិនិត្យមើលការខូចខាតផ្ទះ និងសង្កាត់របស់ពួកគេកាលពីព្រឹកថ្ងៃអាទិត្យ ហើយបានលើកឡើងថា កិច្ចចរចាបទឈប់បាញ់នាពេលខាងមុខត្រូវបានគេមើលងាយ។
ពួកគេបានចង្អុលទៅផ្ទះដែលត្រូវបានបំផ្លាញក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដោយនិយាយបន្ថែមទៀតថា ទាំងនេះគឺកាន់តែបង្ហាញពីចេតនាពិតរបស់រុស្ស៊ី។
ស្ថិតនៅក្នុងអគារចំណាស់មួយ ដែលរងការខូចខាតក្នុងការវាយប្រហារពេញមួយយប់ពីរុស្ស៊ី លោក Dmytro Zapadnya អាយុ ៣៧ ឆ្នាំបាននិយាយថាលោកមិនមានជំនឿលើប្រទេសរុស្ស៊ីក្នុងការរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយឡើយ។
លោកបានលើកឡើងទៀតថា៖ «វាគ្មានន័យអ្វីទេក្នុងការចុះហត្ថលេខាជាមួយប្រទេសរុស្ស៊ី រឿងតែមួយគត់ដែលមិនសប្បាយចិត្តនោះគឺថា ឥឡូវនេះសហរដ្ឋអាមេរិកហាក់ដូចជាមិនសូវយល់អំពីស្ថានភាពរបស់យើងទេ»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនៅទីក្រុងកៀវ បានក្លាយជារឿងប្រចាំថ្ងៃសម្រាប់អ៊ុយក្រែន។
លោកបាននិយាយថា៖ «ក្នុងសប្តាហ៍នេះត្រូវទទួលរងគ្រាប់បែកពីលើអាកាសជាង ១៥៨០ គ្រាប់ យន្តហោះគ្មានមនុស្សបើកវាយប្រហារជិត ១១០០គ្រឿង ហើយកាំជ្រួចចំនួន ១៥ ប្រភេទត្រូវបានប្រើប្រាស់វាយប្រហារប្រជាជនរបស់យើង។ ដំណោះស្រាយថ្មីគឺយើងត្រូវការជាចំបាច់ ដោយត្រូវតែមានសម្ពាធជាថ្មីលើទីក្រុងមូស្គូ ដើម្បីបញ្ឈប់ការវាយប្រហារ និងបញ្ចប់សង្រ្គាមនេះ»៕