ប្រទេស​ហ្វាំងឡង់​បន្ត​ឈរ​លំដាប់​ថ្នាក់​ទី១ ​ជា​លើក​ទី៨​ជាប់ៗ​គ្នា​ ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​សេចក្ដី​សប្បាយ​រីករាយ ​សុភមង្គល នៅ​ក្នុង​របាយការណ៍​ស្ដីពី​សុភមង្គល​ឆ្នាំ​២០២៥។ អ្នក​ជំនាញ​យល់​ថា​ ចំណាត់​ថ្នាក់​ល្អ​នេះ​ដោយ​សារ​តែ​កត្តា​ធម្មជាតិ​ផង​និង​ប្រព័ន្ធ​សុខមាលភាព​ខ្លាំង។

របាយការណ៍ World Happiness Report ​របស់​​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សុខមាលភាព​នៃ​សាកលវិទ្យាល័យ​អុកស្វឺត (Wellbeing Research Centre at the University of Oxford) គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ ​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​បាន​បញ្ជាក់​ថា ប្រទេស​ក្នុង​តំបន់​ Nodic ចំនួន​៣​ទៀត​រួម​មាន ដាណឺម៉ាក អ៊ីស្លង់ និង ស៊ុយអែត ឈរ​លេខ​រៀង​ទី២ ទី​៣ និង​ទី៤​រៀង​គ្នា។ ចំណែក​ចក្រភព​អង់គ្លេស ​និង​សហរដ្ឋ​អាមេរិក​​ឈរ​លំដាប់​ថ្នាក់​ទី២៣ និង ២៤។

ការ​កំណត់​ចំណាត់​ថ្នាក់​នេះ ផ្អែក​លើ​លក្ខខណ្ឌ​មួយ​ចំនួន​ដើម្បី​បង្ហាញ​ពី​កម្រិត​នៃ​ការ​ធ្វើ​អំពើ​ល្អ​ ដូចជា ការ​បរិច្ចាគ ការងារ​ស្ម័គ្រចិត្ត ការ​ជួយ​ដល់​ជន​ចម្លែក​មិន​ធ្លាប់​ស្គាល់ ការ​ប្រគល់​កាបូប​លុយ​ដែល​បាត់​ពី​សំណាក់​អ្នក​ជិត​ខាង មនុស្ស​ចម្លែក និង​សមត្ថកិច្ច​ដែល​បាន​រក​ឃើញ។ នៅ​ក្នុង​ការ​វាយ​តម្លៃ​សម្រាប់​ឆ្នាំ​២០២៥​នេះ ការ​ប្រគល់​កាបូប​លុយ​ដែល​បាន​បាត់​គឺ​ជា​កត្តា​វាស់​ស្ទង់​មួយ​ដ៏​សំខាន់។​

របាយការណ៍​រក​ឃើញ​ថា មនុស្ស​ចម្លែក​មាន​ចិត្ត​ល្អ​ ២​ដង​លើស​ពី​អ្វី​ដែល​មនុស្ស​ធ្លាប់​បាន​គិត។ ការ​កំណត់​នេះ​ធ្វើ​ឡើង​ដោយ​ការ​ធ្វើ​ជា​បាត់​កាបូប​លុយ​នៅ​កន្លែង​ណា​មួយ ហើយ​រង់​ចាំ​មើល​ថា​តើ​អ្នក​រើស​បាន​កាបូន​នោះ​ប្រគល់​វា​ទៅ​ឲ្យ​ម្ចាស់​វិញ​ឬ​អត់។

លទ្ធផល​បង្ហាញ​ថា ការ​ប្រគល់​កាបូប​នោះ​មក​វិញ​ មាន​អត្រា​២​ដង​លើស​អ្វី​ដែល​មនុស្ស​បាន​គិត។ អ្នក​ស្រាវជ្រាវ​កំណត់​ថា ការ​មាន​ចិត្ត​ល្អ​របស់​មនុស្ស​ដទៃ​គឺ​ជាប់​ទាក់​ទិន​នឹង​ក្ដី​រីករាយ ឬ សុភមង្គល។

យោង​តាម​របាយការណ៍​ដដែល ប្រទេស​សេរ៉ាឡេអូន និង អាហ្វហ្គានីស្ថាន​ឈរ​លេខ​រៀង​ចុង​ក្រោយ​គេ ១៤៦ និង ១៤៧។ ចំណែក​កម្ពុជា ឈរ​លំដាប់​ថ្នាក់​ ១២៤៕