
សេអ៊ូល៖ ភ្លើងឆេះព្រៃក្នុងពេលដំណាលគ្នាជាច្រើនកន្លែងដែលបានផ្ទុះឡើងកាលពីចុងសប្តាហ៍នៅទូទាំងភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូងបានបណ្ដាលឲ្យមនុស្សស្លាប់៤នាក់ រងរបួស ៦នាក់ និងប្រជាជនជាង ១៥០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។ នេះបើយោងតាមអាជ្ញាធរគ្រោះមហន្តរាយកូរ៉េខាងត្បូង។
ទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាពបាននិយាយថា អគ្គិភ័យចាប់ផ្តើមឆាបឆេះនៅស្រុក Sancheong ខេត្ត Gyeongsang ខាងត្បូងតាំងពីថ្ងៃសុក្រ ហើយបានឆក់យកជីវិតមនុស្ស ៤នាក់ និងរបួស ៦ នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យ។
ទន្ទឹមនឹងនេះ អគ្គិភ័យដ៏ធំមួយនៅទីក្រុង Uiseong ខេត្ត Gyeongsang ខាងជើង ក៏បានបន្តឆាបឆេះរយៈពេលពីរថ្ងៃ ដោយក្រុមមន្ត្រីពន្លត់អគ្គិភ័យបានរាយការណ៍ថា អត្រាទប់ស្កាត់បានត្រឹមតែ ៣០ ភាគរយប៉ុណ្ណោះ គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃអាទិត្យ ដោយតំបន់ដែលរងផលប៉ះពាល់មានទំហំប្រហែល ៣៥១០ ហិកតា។
អាជ្ញាធរបាននិយាយថា ការពន្លត់តាមផ្លូវអាកាសត្រូវបានរារាំង ដោយសារតែខ្យល់បក់ខ្លាំង អាកាសធាតុស្ងួត ឆាបឆេះលឿន និងផ្សែងក្រាស់។
មន្ត្រី Gyeongsang ខាងជើងបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ខ្យល់បានស្ងប់ស្ងាត់បន្តិចបើប្រៀបធៀបទៅនឹងថ្ងៃចាប់ផ្តើម។ ដូច្នេះយើងកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គិភ័យជាមួយនឹងឧទ្ធម្ភាគចក្រផ្តោតលើតំបន់ដែលមានផ្សែងតិច»។
ភ្លើងឆេះព្រៃនេះបានបង្កឱ្យមានការខាតបង់ទ្រព្យសម្បត្តិយ៉ាងច្រើន ដោយនៅស្រុក Sancheong ផ្ទះ ១០ខ្នងត្រូវបានបំផ្លាញ រីឯនៅទីក្រុង Uiseong ផ្ទះចំនួន ២៤ខ្នង ត្រូវបានឆេះទាំងស្រុង និង ៥ ខ្នងទៀតបានរងការខូចខាតដោយផ្នែក។
ព្រៃឈើដែលត្រូវឆាបឆេះមាននៅតំបន់ Uiseong, Sancheong, Ulsan's Ulju District និង Gimhae ដោយត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនជាង ៣២៨០ ហិកតា ប្រហែលទំហំនៃទីលានបាល់ទាត់ចំនួន ៤៦០០ទីលាន។
កាលពីថ្ងៃអាទិត្យ ភ្លើងឆេះព្រៃក៏បានរាលដាលក្នុងទីក្រុង Ulju ម្ដងទៀត ដោយបង្ខំឲ្យអ្នកស្រុកជាង ៧៩០ នាក់ក្នុងសង្កាត់ទាំង ៥ ត្រូវជម្លៀសចេញ។
គិតត្រឹមម៉ោង ៤ រសៀលថ្ងៃអាទិត្យ ភ្លើងឆេះព្រៃបានបន្តអស់រយៈពេលជាង ២៧ ម៉ោង ធ្វើឲ្យអាជ្ញាធរអគ្គិភ័យបានចេញសេចក្តីប្រកាសអាសន្នភ្លើងឆេះព្រៃកម្រិតទី ៣ និងបានដាក់ពង្រាយឧទ្ធម្ភាគចក្រចំនួន ១២ គ្រឿង និងបុគ្គលិកជាង ២៣៣០នាក់ ដើម្បីធ្វើការពន្លត់។
លោក Lee Yong-kwon នាយកគ្រប់គ្រងគ្រោះមហន្តរាយព្រៃឈើបាននិយាយថា៖ «អាកាសធាតុក្តៅ ស្ងួត និងខ្យល់បក់ខ្លាំង គឺជាបញ្ហាប្រឈមនឹងហានិភ័យខ្ពស់ដែលបង្ករឲ្យភ្លើងឆេះព្រៃទ្រង់ទ្រាយធំនេះ។ យើងនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្នុងតំបន់ អ្នកពន្លត់អគ្គិភ័យ យោធា និងភ្នាក់ងារផ្សេងទៀតដើម្បីការពារទាំងព្រៃឈើ និងអាយុជីវិតមនុស្ស»៕