
អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងកាត់បន្ថយបុគ្គលិកនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប (Gaza Strip) បន្ទាប់ពីការវាយប្រហារដោយរថក្រោះរបស់អ៊ីស្រាអែលចំបរិវេណរបស់ខ្លួនកាលពីសប្តាហ៍មុន ដោយបានសម្លាប់បុគ្គលិកម្នាក់មកពីប្រទេសប៊ុលហ្គារី និងបុគ្គលិកប្រាំនាក់ផ្សេងទៀតរងរបួស។
អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stéphane Dujarric បានឱ្យដឹងថា ស្ថាប័នពិភពលោកនេះនឹងដកបុគ្គលិកអន្តរជាតិប្រហែល ១ ភាគ ៣ នៃបុគ្គលិកអន្តរជាតិប្រហែល ១០០ នាក់ ដែលកំពុងធ្វើការនៅតំបន់ហ្គាហ្សាជាបណ្តោះអាសន្ន។
លោកបានចង្អុលបង្ហាញពីគ្រោះថ្នាក់កើនឡើង បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនឡើងវិញកាលពីសប្តាហ៍មុនជាមួយនឹងការទម្លាក់គ្រាប់បែកដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ចាប់តាំងពីពេលនោះមក។
ក្នុងនោះដែរអ៊ីស្រាអែលក៏បានកាត់ផ្តាច់អាហារ ឱសថ ជំនួយ និងការផ្គត់ផ្គង់ផ្សេងៗទៀតដល់ប្រជាជននៅតំបន់ហ្គាហ្សាសម្រាប់រយៈពេលបីសប្តាហ៍កន្លងមកនេះ។
សេចក្តីថ្លែងការណ៍របស់លោក Dujarric គឺជាអ្នកទីមួយរបស់អង្គការសហប្រជាជាតិ ដែលបានចង្អុលទៅកាន់អ៊ីស្រាអែលថាជាអ្នកបង្ករការផ្ទុះនៅទីតាំងស្នាក់ការរបស់អង្គការសហប្រជាជាតិនៅកណ្តាលហ្គាហ្សា កាលពីថ្ងៃទី ១៩ ខែមីនា ដោយលោកបាននិយាយថា៖ «ផ្អែកលើព័ត៌មានដែលមាននាពេលបច្ចុប្បន្ន ការវាយប្រហារនៅមកលើស្នាក់ការរបស់អង្គការសហប្រជាជាតិបានបង្កឡើងដោយរថក្រោះអ៊ីស្រាអែល»។

ទីតាំងដេលរងការវាយប្រហារបណ្ដាលឲ្យបុគ្គលិក UN ម្នាក់ស្លាប់។
យោធាអ៊ីស្រាអែលបានបដិសេធម្តងហើយម្តងទៀតថាខ្លួនមិនទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
លោក Dujarric បាននិយាយថា អង្គការសហប្រជាជាតិបានធ្វើការសម្រេចចិត្តដ៏លំបាកដើម្បីកាត់បន្ថយការជួយរបស់អង្គការនៅក្នុងតំបន់ហ្គាហ្សា ទោះបីជាតម្រូវការមនុស្សធម៌កើនឡើងក៏ដោយ។
លោកបាននិយាយថា «អង្គការសហប្រជាជាតិមិនចាកចេញពីហ្គាហ្សាទេ» ដោយចង្អុលបង្ហាញថា UN នៅតែមានបុគ្គលិកជាតិប្រហែល ១៣ ០០០នាក់នៅក្នុងតំបន់នេះ ដែលភាគច្រើនធ្វើការឱ្យទីភ្នាក់ងារ UNRWA ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន៕