
លោក JD Vance និងភរិយា គ្រោងនឹងធ្វើទស្សនកិច្ចទៅប្រទសេហ្គ្រីនឡែននៅថ្ងៃសុក្រនេះ។ AFP
លោក JD Vance អនុប្រធានាធិបតីសហរដ្ឋអាមេរិក នឹងធ្វើដំណើរទៅកាន់ទឹកដីហ្គ្រីនឡែន (Greenland) ដែលជាដែនដីពាក់កណ្តាលស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ចង់បានយ៉ាងខ្លាំង។
នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Vance បាននិយាយថាលោកនឹងទៅសួរសុខទុក្ខអ្នកយាមរបស់សហរដ្ឋអាមេរិកមួយចំនួននៅក្នុងកងកម្លាំងអវកាសនៅឆ្នេរសមុទ្រភាគពាយព្យនៃប្រទេស ហ្គ្រីនឡែន ហើយថែមទាំងពិនិត្យមើលថាតើមានអ្វីកើតឡើងចំពោះសន្តិសុខរបស់ ហ្គ្រីនឡែន ផងដែរ។
លោក Vance និយាយថា៖ «ប្រទេសជាច្រើនផ្សេងទៀតបានគំរាមកំហែង ហ្គ្រីនឡែន ... បានគំរាមប្រើប្រាស់ទឹកដីនិងផ្លូវទឹករបស់ប្រទេសនេះដើម្បីគំរាមកំហែងសហរដ្ឋអាមេរិក គំរាមកំហែងកាណាដា និងគំរាមកំហែងប្រជាជននៅហ្គ្រីនឡែន។ ដូច្នេះយើងនឹងពិនិត្យមើលថាតើមានអ្វីទៅទីនោះ»។
លោកបានបន្ថែមទៀតថា៖ «ជាអកុសល មេដឹកនាំទាំងនៅអាមេរិក និងនៅដាណឺម៉ាក មិនអើពើនឹងហ្គ្រីនឡែនយូរពេកហើយ។ វាអាក្រក់ណាស់សម្រាប់ ហ្គ្រីនឡែន ហើយវាក៏អាក្រក់សម្រាប់សន្តិសុខនៃពិភពលោកទាំងមូលផងដែរ ដូច្នេះខ្ញុំនឹងទៅពិនិត្យមើល»។
ភរិយារបស់លោក Vance អ្នកស្រី Usha Vance រួមជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz និងរដ្ឋមន្ត្រីថាមពល Chris Wright ក៏នឹងធ្វើដំណើរជាមួយលោកទៅ ហ្គ្រីនឡែន ក្នុងសប្តាហ៍នេះផងដែរ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Brian Hughes បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកមាន «ផលប្រយោជន៍សន្តិសុខនៅក្នុងតំបន់អាកទិក»។
យ៉ាងណាក៏ដោយ អ្នកនយោបាយនៅប្រទេសហ្គ្រីនឡែន បានថ្កោលទោសផែនការដំណើរទស្សនកិច្ចជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដោយហៅវាថាជា «ការឈ្លានពានបង្កហេតុ និងការបង្ហាញអំណាច»។ ប៉ុន្តែលោក ដូណាល់ ត្រាំ បានហៅដំណើរទស្សនកិច្ចនេះថា«ជាមិត្តភាពមិនមែនជាការបង្កហេតុ» នោះទេ៕