បន្ទាប់ពីប្រឈមមុខនឹងញត្តិដកសេចក្ដីទុកចិត្ត ទីបំផុតនាយក​រដ្ឋមន្ត្រី​ថៃ Paetongtarn Shinawatra  ​បាន​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ទំនុក​ចិត្តនៅក្នុងសភា​នៅ​ថ្ងៃ​នេះ។​

លោក​ស្រី Paetongtarn Shinawatra​ បានរួចផុតពីការបោះឆ្នោត​​ដកសេចក្តីទុកចិត្ត​​នៅក្នុងសភាបានយ៉ាងងាយស្រួលនៅថ្ងៃពុធនេះ បន្ទាប់ពីមានការជជែកដេញដោលរយៈពេលពីរថ្ងៃ ពីដៃគូប្រកួតប្រជែងដែលជាបក្សប្រឆាំង ដែលបានចោទប្រកាន់ទៅលើអ្នកស្រីថា គ្រប់គ្រងប្រទេសមិនបានត្រឹមត្រូវ គេចវេសពន្ធ និងដឹកនាំប្រទេសក្រោមឥទ្ធិពលឪពុករបស់លោកស្រីគឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។

សមាជិកសភាបក្សប្រឆាំងបានលើកឡើងថា លោកស្រីបានទទួលឥទ្ធិពលហួសហេតុពីឪពុករបស់លោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃដែលជាឥស្សរជននយោបាយដ៏មានប្រជាប្រិយ និង​មានភាពចម្រូងចម្រាសខ្លាំង។

លោក​ ថាក់ស៊ីន ត្រូវបានបណ្តេញចេញពីអំណាចដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦ ហើយបាននិរទេសខ្លួនទៅនៅក្រៅប្រទេស។ ប៉ុន្តែ ថ្មីៗនេះ​លោកបានវិលត្រឡប់មករស់នៅក្នុងប្រទេសថៃវិញ។

ក្នុងនោះដែរ គូប្រជែងរបស់​លោកស្រី Paetongtarn បានលើកឡើងទៀតថា រដ្ឋបាលរបស់លោកស្រី ​​កំពុង​បម្រើ​ផលប្រយោជន៍​ដល់​គ្រួសាររបស់​លោកស្រីនិង​ឪពុក​របស់​លោកស្រី​ ​និងមិនអាចដោះស្រាយបញ្ហាជូនប្រជាជន ដូចជា​បញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ ការបំពុលបរិយាកាស ឧក្រិដ្ឋកម្ម និងអំពើពុករលួយជាដើម។

បន្ទាប់ពីការចោទប្រកាន់ សភា​ថៃ​ក៏បាន​រៀប​ចំ​ការបោះឆ្នោតលើ​ទំនុក​ចិត្តនៅថ្ងៃពុធនេះ ដោយលទ្ធផល​បញ្ជាក់​ថា​លោកស្រី Paetongtarn បានឈ្នះការគាំទ្រពីសមាជិកសភាចំនួន ៣១៩​នាក់ក្នុងចំណោមសមាជិក​សភា ៤៨៧នាក់៕