ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍​កាលពីថ្ងៃព្រហស្បតិ៍​ថាលោក គីម ជុងអ៊ុន​ មេដឹកនាំប្រទេសកូរ៉េខាងជើងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅចុងឆ្នាំនេះ ខណៈ​ដែល​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​រាយការណ៍​ថា បាន​បញ្ជូន​ទាហាន​៣ពាន់​នាក់​ទៅ​ជួយ​រុស្ស៊ី។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បាននិយាយថា ការរៀបចំសម្រាប់ដំណើរទស្សនកិច្ចនៅទីក្រុងមូស្គូរបស់លោក គីម ជុងអ៊ុន​ កំពុងរៀបចំ​ឡើង​ ហើយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ទៅកាន់ទីក្រុងព្យុងយ៉ាង ក៏ត្រូវបានរៀបចំដូចគ្នាផងដែរ។ នេះ​បើ​យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ី។

លោក គីម ជុអ៊ុន​​ បាន​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌឺមៀ​ ពូទីន កាលពី​ខែ​មិថុនា​ឆ្នាំ​មុន។ កិច្ច​ប្រជុំ​កំពូល​កាល​ពី​ឆ្នាំ​មុន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រុង​ព្យុងយ៉ាងប្រទេសកូរ៉េខាងជើង ដោយនៅពេលនោះ លោក ពូទីន បានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំបន្ទាប់របស់ពួកគេ នឹងធ្វើឡើងនៅទីក្រុងមូស្គូ។

មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិក្នុងអំឡុងពេលកិច្ចប្រជុំកំពូលក្រុងព្យុងយ៉ាង ហើយចាប់តាំងពីពេលនោះមកបានពង្រីកទំនាក់ទំនងយោធា និងសេដ្ឋកិច្ច។

នៅព្រឹកថ្ងៃព្រហស្បតិ៍ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានដាក់ពង្រាយទាហានបន្ថែមយ៉ាងហោចណាស់ ៣ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ីក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ​២០២៥​នេះ បើទោះបីជាមានការរងរបួស និងស្លាប់ទាហានដែលត្រូវបានបញ្ជូនទៅធ្វើសង្គ្រាម​ប្រឆាំងនឹងអ៊ុយក្រែនក៏ដោយ។

ទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូល ដែលជាសេវាស៊ើបការណ៍សម្ងាត់ជាតិ បាននិយាយនៅដើមឆ្នាំនេះថា ប្រទេសកូរ៉េខាងជើងត្រូវបានគេជឿថាបានដាក់ពង្រាយទាហានប្រហែល ១ម៉ឺន​១ពាន់​​នាក់ទៅកាន់​តំបន់​ជួរ​មុខ​នៃ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ក្នុងជុំដំបូងរបស់ខ្លួននៅខែតុលាឆ្នាំមុន។

នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយនៅក្នុងការធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយរបស់ខ្លួនស្តីពីកូរ៉េខាងជើងថា៖ «ក្នុងចំណោមទាហានកូរ៉េខាងជើងប្រហែលជាង​ ១ម៉ឺន​នាក់ ដែលបានបញ្ជូនទៅប្រទេសរុស្ស៊ី បានទទួលរងរបួសចំនួនប្រហែល ៤ពាន់​នាក់ ហើយទាហានប្រហែល ៣ពាន់​នាក់ ឬច្រើនជាងនេះទៀតត្រូវបានបញ្ជូនបន្ថែមនៅក្នុងខែមករា និងខែកុម្ភៈ»។

នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានបន្ថែមថា រហូតមកដល់ពេលនេះ ទីក្រុងព្យុងយ៉ាងក៏បានផ្គត់ផ្គង់សព្វាវុធក្នុងចំនួនដ៏ច្រើនទៅដល់ទីក្រុងមូស្គូ ហើយការគាំទ្រនោះទំនងជានឹងបន្តដោយអាស្រ័យលើស្ថានភាព។ អាវុធ​ទាំង​នោះ​រួម​មាន មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី ​មីស៊ីល​បាញ់​ស្វ័យប្រវត្តិ និង​គ្រាប់​រ៉ុក្កែត ជាច្រើនសន្ធឹកសន្ធាប់។

យោធាកូរ៉េខាងត្បូងបាននិយាយថា ទោះបីជាការបាញ់បង្ហោះផ្កាយរណបបរាជ័យរបស់កូរ៉េខាងជើងក្នុងខែឧសភាកាលពីឆ្នាំមុនក៏ដោយ ក៏កូរ៉េខាងជើងនៅតែត្រៀមលក្ខណៈសម្រាប់ការប៉ុនប៉ងរបស់​កូរ៉េ​ខាង​ជើង​ក្នុង​ការ​ដាក់ផ្កាយរណបឈ្លបយកការណ៍យោធាទៅកាន់គន្លងតារាវិថី ដោយមានជំនួយផ្នែកបច្ចេកវិទ្យាពីប្រទេសរុស្ស៊ី។

យោធាកូរ៉េខាងត្បូងបានបន្ថែមថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវសញ្ញាដែលទាក់ទងនឹងវឌ្ឍនភាពបច្ចេកវិទ្យា និងការបាញ់បង្ហោះជាបន្តបន្ទាប់។

កាលពីខែឧសភាកន្លងទៅ ទីក្រុងព្យុងយ៉ាងបានព្យាយាមដាក់ផ្កាយរណបយោធាចូលទៅក្នុងគន្លង ប៉ុន្តែ រ៉ុក្កែតដែលផ្ទុកផ្កាយរណបបានផ្ទុះនៅលើអាកាសភ្លាមៗបន្ទាប់ពីការហោះឡើង នេះបើយោងតាមយោធារបស់កូរ៉េខាងត្បូង។

កូរ៉េខាងជើងបានកាត់បន្ថយការហ្វឹកហ្វឺនយោធារដូវរងារបស់ខ្លួននៅឆ្នាំនេះ ដោយសារទាហានកំពុងត្រូវបានកេណ្ឌសម្រាប់ការសាងសង់រោងចក្រ និងខ្សែថាមពលនៅតាមព្រំដែន ជាពិសេសការបណ្តុះបណ្តាលសម្រាប់ការដាក់ពង្រាយបន្ថែមទៅកាន់ប្រទេសរុស្ស៊ី៕