គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,៧​ រិចទ័រ​ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ថៃ និងបានរង្គើដល់ប្រទេសវៀតណាម និងកម្ពុជា​ក្នុង​កម្រិត​បន្តិច​បន្តួច​ នៅ​ថ្ងៃ​ទី២៨ ខែ​មីនា​នេះ។

គ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់៧.៧រ៉ិចទ័រ​នេះ​ បានវាយប្រហារចំតំបន់ភាគកណ្តាល នៃប្រទេសមីយ៉ាន់ម៉ា ខណៈ​កម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លា បានជះឥទ្ធិពលដល់ប្រទេសថៃ វៀតណាម និងកម្ពុជា។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក និងមជ្ឈមណ្ឌលភូមិសាស្ត្រ​របស់ប្រទេសអាឡឺម៉ង់ បាននិយាយថា ការរញ្ជួយដីមានជម្រៅ ១០ គីឡូម៉ែត្រជាមួយនឹងចំណុចកណ្តាលនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

វីដេអូរដែលបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីការដួលរលំអគារ និងមានផ្សែងហុយ ខណៈមនុស្សជាច្រើនបានស្រែក និងរត់ចេញពីអាគារ នៅ​ប្រទេស​មីយ៉ាន់ម៉ា។​ អ្នកស្រុកនៅទីក្រុងយ៉ាំងហ្គោនបាននិយាយថា ពួកគេមិនអាចធ្វើការហៅទូរស័ព្ទបានទេបន្ទាប់ពីការរញ្ជួយដីបានកើតឡើង។

ប៉ូលិសនៅទីក្រុងបាងកកបាននិយាយថា អគារខ្ពស់ៗដែលកំពុងសាងសង់ក្នុងទីក្រុង​បានដួលរលំ ហើយចំនួនអ្នកស្លាប់អាច​មាន ប៉ុន្តែ មិន​ទាន់​មាន​តួលេខ​ច្បាស់​លាស់។

ទឹក​នៅពីលើ​ដំបូល​អគារ​ខ្ពស់ៗ​ក្នុង​ទីក្រុង​បាងកក​បាន​ខ្ទាត់ស្រក់​មក​ ខណៈ​វាកំពុង​ញ័រ ហើយ​កម្ទេចកម្ទី​បាន​ធ្លាក់​មក​ពី​អគារ​ជា​ច្រើន។ ប្រជាជននៅទីក្រុងបាងកកត្រូវបានជម្លៀសចេញពីអគាររបស់ពួកគេ ដោយឱ្យស្នាក់នៅខាងក្រៅអាគារក្នុងករណីមានហេតុការណ៍ផ្សេងទៀតកើតឡើង

នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានកោះហៅកិច្ចប្រជុំបន្ទាន់មួយ ដើម្បីវាយតម្លៃផលប៉ះពាល់នៃការរញ្ជួយដីនេះ។ នាយកដ្ឋានបង្ការគ្រោះមហន្តរាយរបស់ប្រទេសថៃ បាននិយាយថា រញ្ជួយដីនេះ បានកើតឡើងស្ទើរតែគ្រប់តំបន់នៃប្រទេស។

ងាកមកប្រទេសកម្ពុជាយើងឯនេះវិញ មានសេចក្ដីរាយការណ៍ថាអគារមួយចំនួន ក៏ទទួលរងឥទ្ធិពលពីការរញ្ចួយដីនេះផងដែរ ដោយនៅរសៀលថ្ងៃសុក្រនេះ មានមនុស្សផ្អើលឈូរឈររត់ចេញពីអាគារធ្វើការមួយ​ចំនួន​ បន្ទាប់ពីពួកគេមានអាការវិលមុខ និងធីងធោងនៅពេលដែលពួកគេស្ថិតនៅក្នុងអាគារ។ នៅ​ខេត្ត​ព្រះ​សីហនុ ក៏​មាន​សេចក្ដី​រាយការណ៍​អំពី​ឥទ្ធិពល​​បន្តិច​បន្តួច​កើត​ចេញ​ពី​រញ្ជួយ​ដី​នេះ​ដែរ។

គិត​ត្រឹ​រសៀល​ថ្ងៃ​ទី២៨ ខែមីនា​នេះ មិន​ទាន់​មាន​តួលេខ​ផ្លូវការ​អំពី​អ្នកស្លាប់ ឬ​របួស ទេ ប៉ុន្តែ សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា មនុស្ស​រាប់​សិប​អ្នក​បាន​ស្លាប់ របួស និង​ជាប់​នៅ​ក្នុង​អគារ​ដែល​បាក់​រលំ៕