
ជំនួបកំពូលនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី២ ខែមីនា។ Volodymyr Zelenskyy
ទីក្រុងឡុងដ៍៖
លោក Keir Starmer នាយករដ្ឋមន្រ្តីអង់គ្លេសប្រកាសផែនការ ៤ ចំណុច រួមមានទាំងការបង្កើតសម្ព័ន្ធនៃឆន្ទៈសម្រាប់ធានាសន្តិភាពនៅអ៊ុយក្រែន និងការពារអ៊ុយក្រែនពីការឈ្លានពានរបស់រុស្ស៊ី ក្រោយពេលការចរចាកិច្ចព្រមព្រៀងរ៉ែរវាងលោក ដូណាល់ ត្រាំ និង លោក Zelenskyy បរាជ័យ។
លោក Starmer និងមេដឹកនាំអឺរុបចំនួន ១៨ រូប រួមទាំងប្រធានាធិបីអ៊ុយក្រែន Volodymyr Zelenskyy ផង បានជួបគ្នាក្នុងជំនួបកំពូលកាលពីថ្ងៃអាទិត្យ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដើម្បីពិភាក្សាបញ្ហាអ៊ុយក្រែន។
ក្នុងជំនួបនោះ លោក Starmer លើកឡើងពីផែនការ ៤ ចំណុចនោះរួមមាន បន្តផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន និងបន្តដាក់សម្ពាធសេដ្ឋកិច្ចលើរុស្ស៊ី, សន្តិភាពយូរអង្វែងត្រូវតែធានាអធិបតេយ្យភាព និង សន្តិសុខសម្រាប់អ៊ុយក្រែន ហើយអ៊ុយក្រែនត្រូវតែអាចចូលរួមកិច្ចពិភាក្សាសន្តិភាព, បង្កើនសមត្ថភាពឲ្យអ៊ុយក្រែនការពារពីការវាយប្រហារនាពេលអនាគត បន្ទាប់ពីទទួលបានសន្តិភាព, និង បង្កើន«សម្ព័ន្ធនៃឆន្ទៈ» ដើម្បីការពារកិច្ចព្រមព្រៀងនៅអ៊ុយក្រែន និងធានាសន្តិភាព។

លោកបន្តថា ពេលនេះមិនមែនជាពេលវាលាសម្រាប់និយាយទៀតទេ តែនេះជាពេលវេលាដែលយើងត្រូវធ្វើសកម្មភាព ដោយច្បាប់ផ្ដើមពីបង្កើតផ្លូវមួយឆ្ពោះទៅរកការឈប់គ្នានៅអ៊ុយក្រែន។
ប្រទេសនៅអឺរ៉ុបបានបង្ហាញការគាំទ្រអ៊ុយក្រែន ក្រោយពេលជំនួបរវាងប្រធានាតិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន Zelenskyy បានបរាជ័យកាលពីថ្ងៃសុក្រ ដែលនៅពេលនោះ លោក ត្រាំ បានស្តីបន្ទោស Zelenskyy នៅក្នុងការិយាល័យរាងពងក្រពើនៃសេតវិមាន ដែលជាសកម្មភាពធ្វើឱ្យលោកខាងលិចមានភាពភ្ញាក់ផ្អើល។
លោក Starmer បានប្រាប់អ្នកយកព័ត៌មានថា លោកកំពុងធ្វើការជាមួយប្រទេសបារាំង និងប្រទេសមួយចំនួនទៀតដើម្បីរៀបចំផែនការដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ហើយបន្ទាប់មក លោកនឹងបង្ហាញផែនការនោះទៅសហរដ្ឋអាមេរិក ដែលមានតួនាទីសំខាន់ក្នុងការបញ្ចប់សង្គ្រាមនេះ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានគូសបញ្ជាក់អំពីផែនការនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានបារាំង Le Figaro ថា ប្រទេសបារាំង និងចក្រភពអង់គ្លេសបានស្នើសុំបទឈប់បាញ់ដែលមានកំណត់រយៈពេលមួយខែនៅក្នុងប្រទេសអ៊ុយក្រែន។
លោកថា ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងសន្តិភាពបារាំង-អង់គ្លេស សម្រាប់អ៊ុយក្រែនគឺពាក់ព័ន្ធទៅនឹង «បទឈប់បាញ់លើអាកាស លើសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធថាមពល» ដែលមានរយៈពេលមួយខែ ហើយដំណាក់កាលទីពីរគឺជាការឈប់បាញ់គ្នានៃពីកងទ័ពនៅលើដី។
លោក Starmer បាននិយាយថា៖ «នៅទីបញ្ចប់ កិច្ចព្រមព្រៀងមួយនេះត្រូវមានការចូលរួមពីប្រទេសរុស្ស៊ីដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀង បើមិនដូច្នេះទេ យើងនឹងមិនមានការរីកចម្រើនអ្វីទាំងអស់»។
លោក Zelenskyy បានថ្លែងកាលពីថ្ងៃអាទិត្យនៅលើ X ថាកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលមួយ គួរតែចាប់ផ្តើមជាមួយនឹងការដោះដូរអ្នកទោស និងការត្រឡប់មកវិញនៃកុមារ នោះទើបវាបង្ហាញពីចេតនាពិតរបស់រុស្ស៊ីសម្រាប់សន្តិភាព៕ ប្រភព៖ BBC, CNN