
ប្រតិភូប៉ាឡេស្ទីន រួមមានមន្ត្រីអាជ្ញាធរនិងវិស័យឯកជន ជួបជាមួយមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីសប្ដាហ៍មុន។ ស្ថានទូតជប៉ុន
អាជ្ញាធរ និងវិស័យឯកជនប៉ាឡេស្ទីនបានបញ្ចប់ទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីកិច្ចដំណើរការតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ក្រោមគំនិតផ្ដួចផ្ដើមរបស់ជប៉ុន ក្នុងការជួបបង្កើតរដ្ឋប៉ាឡេស្ទីនឋិតថេរមួយដែលមានប្រព័ន្ធសេដ្ឋកិច្ចមាននិរន្តរភាព។
ដំណើរទស្សនកិច្ចនេះធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលជប៉ុន តាមរយៈគំនិតផ្ដួចផ្ដើមក្នុងការកសាងរដ្ឋប៉ាឡេស្ទីន។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ប្រតិភូប៉ាឡេស្ទីនបានទៅទស្សនាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) និងបានផ្លាស់ប្តូរយោបល់ជាមួយមន្ត្រីមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងការបរទេស និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ នេះបើតាមស្ថានទូតជប៉ុន។
ស្ថានទូតជប៉ុនបញ្ជាក់ថា៖ «យើងមានសេចក្តីសោមនស្សរីករាយដែលនេះជាកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជប៉ុន-កម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមរបស់សហគមន៍អន្តរជាតិ»។
ស្ថានទូតបានឲ្យដឹងផងដែរថា រដ្ឋាភិបាលជប៉ុនបានបង្កើត«សន្និសីទស្ដីពីកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសអាស៊ីខាងកើតសម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន» នៅឆ្នាំ២០១៣ ហើយកម្ពុជាបានចូលជាសមាជិកនៃសន្និសីទនេះកាលពីឆ្នាំ២០២៤។ ជប៉ុនក៏បានបង្កើតគំនិតផ្ដួចផ្ដើមមួយទៀតដើម្បីការអភិវឌ្ឍប៉ាឡេស្ទី ឈ្មោះថា «ច្រករបៀងសម្រាប់សន្តិភាពនិងវិបុលភាព»។
នៅឆ្នាំ ២០១២ រដ្ឋាភិបាលជប៉ុនក៏បានបង្កើតសួនមួយនៅតំបន់ Jericho ក្នុងទីក្រុង West Bankឈ្មោះថា «សួនកសិឧស្សាហកម្ម Jericho»ដើម្បីបង្កើតជាគំរូសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅប៉ាឡេស្ទីន។ សួនកសិឧស្សាហកម្ម Jericho បង្កើតឡើងដើម្បីទាក់ទាញការវិនិយោគ ជំរុញការធ្វើជំនួញ និងបង្កើតឱកាសការងារ នៅរដ្ឋប៉ាឡេស្ទីនតាមរយៈកិច្ចសហប្រតិបត្តិការតំបន់។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា កម្ពុជាបានរួមចំណែកក្នុងការស្វែងរកដំណោះស្រាយនៃវិបត្តិនៅមជ្ឈិមបូព៌ា ជាពិសេសជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។ លោកយល់ថា កម្ពុជាមានតែមានជំហរនឹងនរនៅក្នុងដំណោះស្រាយរដ្ឋពីរ គឺការចង់ឃើញប៉ាឡេស្ទីនក្លាយជារដ្ឋពេញលក្ខណៈច្បាប់មួយ ដូចអ៊ីស្រាអែលដែរ។
លោកបន្តថា បញ្ហានៅប៉ាឡេស្ទីនគឺជាវិបត្តិមនុស្សជាតិ ដែលជប៉ុន ក៏ដូចជាកម្ពុជាត្រូវចូលរួមដោះស្រាយ។ ដំណើរទស្សនកិច្ចរបស់ប្រតិភូប៉ាឡេស្ទីនបង្ហាញពីការគាំទ្ររបស់កម្ពុជាចំពោះអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋប៉ាឡេស្ទីន។
លោកថ្លែងដូច្នេះថា៖ «នៅក្នុងនយោបាយការបរទេសរបស់កម្ពុជា គឺយើងប្រាថ្នាចង់ឃើញសណ្ដាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់អន្តរជាតិ ហើយរដ្ឋនីមួយៗត្រូវតែទទួលបាននូវការការពារផ្នែកច្បាប់ និងលិខិតុបករណ៍អន្តរជាតិ។ យើងមិនប្រាថ្នាឃើញការរំលោភបំពាន ការឈ្លានពាន ឬ ការប្រើកម្លាំងបាយពីសំណាក់រដ្ឋមួយទៅលើរដ្ឋមួយ ពីសំណាក់ប្រជាជាតិមួយទៅលើប្រជាជាតិមួយ»៕