អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob ជាប់ឈ្មោះជាជនសង្ស័យក្នុងសំណុំរឿងពុករលួយ។ គណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី​កំពុងត្រូវបានស៊ើបអង្កេតពីបទពុករលួយ និងការលាងលុយកខ្វក់។

លោក Ismail Sabri ពីមុនត្រូវបានគេដាក់ឈ្មោះជាសាក្សី ក្នុងសំណុំរឿងពុករលួយពាក់ព័ន្ធនឹងទឹកប្រាក់ចំនួន ១៥៧លានដុល្លារ ដែលបានចំណាយលើការផ្សព្វផ្សាយរបស់រដ្ឋាភិបាលក្នុងអំឡុងពេលកាន់តំណែងរយៈពេល ១៤ ខែរបស់គាត់។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២ ខែមីនា ទីភ្នាក់ងារប្រឆាំងអំពើពុករលួយបាននិយាយថា លោក Ismail Sabri បានដាក់លិខិតប្រកាសទ្រព្យសម្បត្តិជាផ្លូវការទៅកាន់អាជ្ញាធរនៅថ្ងៃទី ១០ ខែកុម្ភៈ ទៅ​តាមការ​បង្គាប់​បញ្ជា​របស់អាជ្ញាធរ។

ក្នុងអំឡុងពេលប្រកាសទ្រព្យនោះដែរ មន្ត្រីជាន់ខ្ពស់បួននាក់ដែលបម្រើការក្រោមការដឹកនាំរបស់ Ismail Sabri ត្រូវបានឃុំខ្លួន។

ក្នុងការ​​ស្រាវជ្រាវ​នៅ​​ឯ​លំនៅដ្ឋានរបស់ពួកគេ​ និងទីតាំងចំនួនបីផ្សេងទៀត អាជ្ញាធរបានរឹបអូសបានសាច់ប្រាក់ប្រមាណ ៤០លានដុល្លា ព្រមទាំងមាសសុទ្ធ ១៦គីឡូក្រាម និងទ្រព្យសម្បត្តិមានតម្លៃជាច្រើនទៀត។

លោក​ Ismail Sabri ត្រូវបានគេដាក់ឈ្មោះជាជនសង្ស័យវិញបន្ទាប់ពីរឹបអូសបានសាច់ប្រាប់និងទ្រព្យសម្បត្តិជាច្រើនទាំង​នោះ។​

លោក Azam Baki ប្រធាន MACC បានប្រាប់អ្នកយកព័ត៌មានថា៖ «ការរកឃើញសាច់ប្រាក់នេះបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីគឺជាជនសង្ស័យក្នុងករណីនេះ»។

ដុំសាច់ប្រាក់ និងដុំមាសដែលរឹបអូសបានត្រូវបានដាក់តាំងនៅលើតុក្នុងបន្ទប់សន្និសីទសារព័ត៌មាន រួមជាមួយនឹងនាឡិកាប្រណីត និងគ្រឿងអលង្ការផ្សេងទៀត។

លោក Ismail Sabri នឹងត្រូវបានកោះហៅមកសាកសួរនៅថ្ងៃពុធនេះ ដោយរង់ចាំឲ្យ​ស្ថានភាពសុខភាពរបស់គាត់ប្រសើរឡើង ​បន្ទាប់​ពី​អតីត​នាយក​រដ្ឋមន្ត្រីរូបនេះសន្លប់​កាលពីថ្ងៃទី២២ ខែ​កុម្ភៈ មុន​ការ​ចាប់​ខ្លួនដែល​ជា​ជំនួយ​ការ​​របស់​លោក។

គណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បានសង្កត់ធ្ងន់ថា ការស៊ើបអង្កេតកំពុងធ្វើឡើងដោយឯករាជ្យ វិជ្ជាជីវៈ និងស្របតាមច្បាប់ និងប្តេជ្ញាធានាថា រាល់ទង្វើខុសឆ្គងដែលទាក់ទងនឹងអំពើពុករលួយ និងការលាងលុយកខ្វក់ ត្រូវបានដោះស្រាយយ៉ាងម៉ឺងម៉ាត់ ដើម្បីផលប្រយោជន៍ជាតិ៕