
លោក ដូណាល់ ត្រាំ និងលោក វ្លាឌឺមៀ ពូទីន។ AFP
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយថា លោក «ខឹងខ្លាំងណាស់» និង «រង្កៀសចិត្ត» ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីការចរចាបទឈប់បាញ់នៅអ៊ុយក្រែនគ្មានលទ្ធផល។
នៅក្នុងបទសម្ភាសន៍ជាមួយ NBC News ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា លោកខឹងនឹងលោក ពូទីន ចំពោះការវាយប្រហារលើភាពជឿជាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្កី ហើយបានគំរាមដាក់ពន្ធគយ ៥០ភាគរយ លើទំនិញនាំចូលទៅសហរដ្ឋអាមេរិកពីប្រទេសដែលទិញប្រេងពីរុស្ស៊ី ប្រសិនបើលោកមិនយល់ព្រមឈប់បាញ់។
លោកបាននិយាយថា៖ «ប្រសិនបើរុស្ស៊ី និងខ្ញុំមិនអាចធ្វើកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបង្ហូរឈាមនៅអ៊ុយក្រែនបានទេ ហើយប្រសិនបើខ្ញុំគិតថាវាជាកំហុសរបស់រុស្ស៊ី - វាអាចមិនមែនទេ - ខ្ញុំនឹងដាក់ពន្ធគយបន្ថែម... លើប្រេងទាំងអស់ដែលចេញពីរុស្ស៊ី»។
ការលើកឡើងនេះបង្ហាញពីការផ្លាស់ប្តូរឥរិយាបថរបស់លោក ត្រាំ ចំពោះលោក ពូទីន និងរុស្ស៊ី។ យ៉ាងណាក៏ដោយ មេដឹកនាំអឺរ៉ុបបានបារម្ភថា លោក ត្រាំ កំពុងតែស្និទ្ធស្នាលជាមួយលោក ពូទីន ខណៈដែលការចរចាស្តីពីបទឈប់បាញ់នៅអ៊ុយក្រែននៅតែបន្ត។
កាលពី៦សប្ដាហ៍កន្លងមកនេះ លោក ត្រាំ បានស្តីបន្ទោសលោក ហ្សេលេនស្កី នៅក្នុងការិយាល័យរាងពងក្រពើ នៃសេតវិមាន ហើយបានទាមទារការសម្បទានជាច្រើនពីប្រធានាធិបតីអ៊ុយក្រែន ព្រមទាំងបានលើកសរសើរលោក ពូទីន និងភាគច្រើនបានទទួលយកតាមការទាមទាររបស់ប្រធានាធិបតីរុស្ស៊ី។
ប៉ុន្តែ ការលើកឡើងរបស់លោក ត្រាំ ចុងក្រោយនេះ ហាក់ដូចជាលោក ត្រាំ លេងទ្រាំជាមួយលោក ពូទីន ទៀតហើយ ហើយលោកកំពុងងាកចេញពីស្ថានភាពជិតស្និទ្ធនោះ។
វាជាលើកទីមួយហើយដែលសហរដ្ឋអាមេរិកបានគំរាមរុស្ស៊ីយ៉ាងធ្ងន់ធ្ងរ ដោយលើកឡើងពីផលវិបាកចំពោះការអូសបន្លាយក្នុងការចរចាបទឈប់បាញ់ ដែលហាក់ដូចជាប្រគល់ការទទួលខុសត្រូវ និងការសម្រេចចិត្តទៅឲ្យទីក្រុងមូស្គូ។
ហ្សេលេនស្កី បានថ្លែងនៅលើបណ្ដាញសង្គម X ថា លោក ពូទីន ព្យាយាមរកលេសដើម្បីបន្តសង្គ្រាម ដូចអ្វីដែលលោកតែងតែធ្វើតាំងពីឆ្នាំ២០១៤មក៕