
លោក Elon Musk នៅក្នុងការិយាល័យប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗ។រូបថត AP
វ៉ាស៊ីនតោន៖ ជាថ្មីម្ដងទៀត បុគ្គលិកសហព័ន្ធប្រឈមមុខនឹងការបណ្តេញចេញពីការងារចំពោះការមិនឆ្លើយតបអ៊ីមែលទៅកាន់លោក Elon Musk សម្រាប់របាយការណ៍ស្តីពីសមិទ្ធិផលការងារថ្មីៗរបស់ពួកនៅសប្ដាហ៍មុន ដែលនេះជាការស្នើរសុំលើកទី២។
លោក Elon Musk និងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានផ្តល់យោបល់ថា បុគ្គលិកដែលមិនគោរពតាមការស្នើនេះ អាចត្រូវបានគេបណ្តេញចេញពីការងារ។ ថ្នាក់ដឹកនាំអាមេរិកទាំងពីរតម្រូវឲ្យបុគ្គលិកម្នាក់ៗបង្ហាញបញ្ជីការងារដែលបានធ្វើបន្ទាប់ពីមួយសប្តាហ៍ ដែលនេះជាមធ្យោបាយដែលមិនអាចប្រកែកបានក្នុងការបង្កើនការទទួលខុសត្រូវនៅក្នុងរបៀបថ្មីដែលស្នើឡើងដោយលោក Elon Musk។
ប៉ុន្តែ សម្រាប់បុគ្គលិកជាច្រើន សំណើនេះជាប្រភពនៃការថប់បារម្ភ និងភាពច្របូកច្របល់ ខណៈរដ្ឋបាលថ្មីរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើរដ្ឋាភិបាលសហព័ន្ធ។ ទីភ្នាក់ងារមួយចំនួននៅតែប្រាប់បុគ្គលោករបស់ពួកគេកុំឱ្យឆ្លើយតប ឬឆ្លើយក្នុងកម្រិតណាមួយក្នុងការឆ្លើយតបទៅនឹងការស្នើសុំ ដូចអ្វីដែលធ្លាប់ធ្វើឡើងលើកដំបូងកាលពីខែមុន។
បុគ្គលិកសហព័ន្ធទាំងអស់នឹងត្រូវបង្ហាញបញ្ជីសមិទ្ធផលការងាររៀងរាល់ថ្ងៃចន្ទ ដែលមានបុគ្គលិកសហព័ន្ធប្រហែល ២,៤ លាននាក់ ដោយមិនរាប់បញ្ចូលបុគ្គលិកយោធា និងបុគ្គលិកប្រៃសណីយ៍ដែលបំពេញកាតព្វកិច្ចសកម្ម។
កាលពីពេលថ្មីនេះ រដ្ឋមន្ត្រីក្រសួងថាមពល Chris Wright បានសរសេរថា សម្រាប់ការឆ្លើយតប «សូមកុំបញ្ចូលព័ត៌មានរសើប ឬចាត់ថ្នាក់ណាមួយ ហើយកុំផ្ញើតំណ ឬឯកសារភ្ជាប់ណាមួយ។ ប្រសិនបើសកម្មភាពរបស់អ្នកទាំងអស់មានភាពរសើប សូមឆ្លើយតបថា រាល់សកម្មភាពរបស់ខ្ញុំគឺមានភាពរសើប»។
ក្រសួងការបរទេសកាលពីថ្ងៃសៅរ៍បានប្រាប់កម្លាំងការងាររបស់ខ្លួនថា ថ្នាក់ដឹកនាំនាយកដ្ឋាននឹងឆ្លើយតបជំនួសពួកគេ។ ចំណែកការិយាល័យពន្ធនាគារសហព័ន្ធបាននិយាយថា និយោជិតអាចឆ្លើយតបថា «ការបង្ហាញពីកាតព្វកិច្ចរបស់ខ្ញុំអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្ថាប័ន ឬប្រតិបត្តិការ»។
ក្រសួងយុត្តិធម៌ប្រាប់បុគ្គលិករបស់ខ្លួនថា ពួកគេមិនចាំបាច់ឆ្លើយតបទៅលោក Elon Musk ទេ «ដោយសារតែលក្ខណៈសម្ងាត់ និងរសើបនៃការងាររបស់នាយកដ្ឋាន»។
ប៉ុន្តែសម្រាប់ព័ត៌មានចុងក្រោយ និយោជិតសហព័ន្ធទាំងអស់ត្រូវបានគេប្រាប់ថា ពួកគេគួរតែធ្វើតាមការណែនាំនៅក្នុងអ៊ីមែលដែលទទួលបានពីការិយាល័យគ្រប់គ្រងបុគ្គលិករបស់លោក Elon Musk៕