
ម៉ានីល៖ យន្តហោះចម្បាំង FA-50PH មួយគ្រឿង នៃកងកម្លាំងទ័ពអាកាសហ្វីលីពីន (PAF) បានបាត់ក្នុងអំឡុងពេលប្រតិបត្តិការនាពេលយប់ រួមជាមួយនិងមនុស្ស២នាក់ នៅព្រឹកនៅថ្ងៃអង្គារនេះ។
កងទ័ពអាកាសហ្វីលីពីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រោយពាក់កណ្តាលអធ្រាត្រថ្ងៃទី៤ ខែមីនានេះ យន្តហោះចម្បាំង FA-50 បានបាត់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការ ដោយបានបាត់ការទាក់ទងជាមួយនឹងយន្តហោះផ្សេងទៀតប៉ុន្មាននាទីមុនពេលទៅដល់តំបន់គោលដៅរបស់ខ្លួន។
យន្តហោះដែលបាត់នេះស្ថិតនៅក្នុងចំណោមយន្តហោះចម្បាំង FA-50PH ចំនួន ១២ គ្រឿងរបស់ខ្លួនដែលបានធ្វើប្រតិបត្តិការ។
អ្នកនាំពាក្យកងទ័ពអាកាសអ្នកស្រី Consuelo Castillo បានប្រាប់អ្នកយកព័ត៌មានថា៖ «វាគឺជាឧប្បត្តិហេតុធំដំបូងបង្អស់ដែលពាក់ព័ន្ធនឹងកងវរសេនាតូច FA-50 របស់ខ្លួន ដែលពីមុនត្រូវបានប្រើប្រាស់ក្នុងសមយុទ្ធនៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
អ្នកស្រីបានបដិសេធមិនផ្តល់ព័ត៌មានលម្អិត ឬទីតាំងនៃបេសកកម្ម។ យន្តហោះចម្បាំងនេះបានហោះចេញពីមូលដ្ឋានអាកាស Mactan-Benito Ebuen។
មូលដ្ឋាននេះចែករំលែកផ្លូវរត់ជាមួយព្រលានយន្តហោះក្នុងទីក្រុង Cebu ដែលជាទីក្រុងធំទីពីររបស់ប្រទេសហ្វីលីពីន។
អ្នកស្រីនិយាយថា៖ «យើងសង្ឃឹមថានឹងនៅតែអាចសង្គ្រោះបានយន្តហោះ និងមនុស្សនៅើលើយន្តហោះនេះ យើងនៅតែមានសុទិដ្ឋិនិយមថាពួកគេមានសុវត្ថិភាព»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពអាកាសបាននិយាយថា ខ្លួនកំពុងធ្វើប្រតិបត្តិការស្វែងរកយ៉ាងទូលំទូលាយ និងហ្មត់ចត់ ដោយប្រើប្រាស់ធនធានដែលមានទាំងអស់ ដើម្បីកំណត់ទីតាំងយន្តហោះចម្បាំងដែលបាត់ខ្លួន។
គួរអោយដឹងផងដែរថា ប្រទេសហ្វីលីពីនមានយន្តហោះចម្បាំងរាប់សិបគ្រឿងដែលបានទិញពីកូរ៉េខាងត្បូងក្នុងទសវត្សរ៍ចុងក្រោយនេះ៕ ប្រភព៖ ទីភ្នាក់ងារព័ត៌មានហ្វីលីពីន