
ប្រធានាធិបតី ត្រាំ ជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky កាលពិថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ។ White House
សហរដ្ឋអាមេរិកសម្រេចផ្អាកជំនួយយោធាសម្រាប់អ៊ុយក្រែន ដោយមន្ត្រីសេតវិមានអះអាងថា ការផ្អាកនេះគឺដើម្បីពិនិត្យឡើងវិញថាតើជំនួយនេះពិតជាចូលរួមដល់ការរកដំណោះស្រាយសម្រាប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឬយ៉ាងណា។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានប្រាប់បណ្ដាញព័ត៌មាន BBC ថា ការផ្អាកជំនួយយោធានេះគឺជាវិធានការបណ្ដោះអាសន្នប៉ុណ្ណោះ រហូតដល់ពេលមួយដែលប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ សម្រេចចិត្តថា អ៊ុយក្រែនអាចបង្ហាញ«ការប្ដេជ្ញាចិត្តសម្រាប់ការចរចាសន្តិភាព»ជាមួយរុស្ស៊ី។
រដ្ឋបាលលោក ត្រាំ ចង់ឲ្យប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ចុះកិច្ចព្រមព្រៀងរ៉ែ និង«មានសន្តិភាពជាមួយរុស្ស៊ី» ប៉ុន្តែ សហរដ្ឋអាមេរិកមិនធានាសន្តិសុខសម្រាប់អ៊ុយក្រែន ជាអ្វីដែលអ៊ុយក្រែនចង់បាន។ ប៉ុន្តែ លោក ត្រាំ បាននិយាយអំពីការធានាផ្នែកសេដ្ឋកិច្ច។
មេដឹកនាំអឺរ៉ុបបានថ្លែងកាលថ្ងៃអាទិត្យថា សន្តិភាពនៅអ៊ុយក្រែនមិនអាចខ្វះសហរដ្ឋអាមេរិកបានទេ ខណៈដែលនាយករដ្ឋមន្ត្រីអង់គ្លេសបានដាក់ចេញផែនការ ៤ ចំនុចសម្រាប់ដំណោះស្រាយជម្លោះនេះ។
លោក ត្រាំ បានអះអាងកាលពីសប្ដាហ៍មុនថា សហរដ្ឋអាមេរិកបានផ្ដល់ជំនួយដល់អ៊ុយក្រែនចន្លោះពី ៣០០ ទៅ ៣៥០ពាន់លានដុល្លារ ប៉ុន្តែ បើតាមការស្រាវជ្រាវរបស់វិទ្យាស្ថាន Kiel មានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ តួលេខនៃជំនួយយោធារបស់សហរដ្ឋអាមេរិកមានតែ១១៩,៧ពាន់លានដុល្លារប៉ុណ្ណោះ គិតពីខែមករាឆ្នាំ២០២២ ដល់ខែធ្នូឆ្នាំ២០២៤។
លោក ត្រាំ បានអះអាងទៀតថា ជំនួយយោធារបស់សហរដ្ឋអាមេរិកមានចំនួនច្រើនជាងជំនួយរបស់ប្រទេសនៅអឺរ៉ុបរហូតដល់ទៅ ២០០ពាន់លានដុល្លារ។
ប៉ុន្តែ វិទ្យាស្ថាន Kiel ដដែលរកឃើញថា ប្រទេសនៅអឺរ៉ុបបានផ្ដល់ជំនួយដល់អ៊ុយក្រែនក្នុងរយៈពេលដដែលនេះមានចំនួន ១៣៨,៧ពាន់លានដុល្លា ខណៈដែលសហរដ្ឋអាមេរិកបានផ្ដល់ តែ១១៩,៧ពាន់លានដុល្លារ៕