
កប៉ាល់ដឹកកុងតឺន័រនៅព្រែកជីកប៉ាណាម៉ា។ Hutchison Ports PPC
ក្រុមហ៊ុន CK Hutchison Holding ដែលបង្កើតឡើងដោយមហាសេដ្ឋីហុងកុង លី កាស៊ីង បានយល់ព្រមលក់ភាគហ៊ុនភាគច្រើននៃកំពង់ផែចំនួនពីរនៅព្រែកជីកប៉ាណាម៉ាទៅឲ្យក្រុមហ៊ុនអាមេរិក BlackRock ក្រោយពេលលោក ត្រាំ ចោទប្រកាន់ថា ព្រែកជីកនេះគ្រប់គ្រងដោយចិន ហើយចង់យកព្រែកជីកនេះមកគ្រប់គ្រង។
ក្រុមហ៊ុន CK Hutchison Holding ដំណើរការកំពង់ផែចំនួនពីរដែលស្ថិតនៅច្រកចូលទាំងសងខាងនៃព្រែកជីកនេះពីមហាសមុទ្រអាត្លង់ទិច និងពីមហាសមុទ្រប៉ាស៊ីហ្វិក តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ខ្លួន។
ការទិញលក់នេះធ្វើឡើងជាផ្នែកមួយនៃការទិញកំពង់ផែចំនួន ៤៣ របស់ក្រុមហ៊ុន CK Hutchison Holding នៅជុំវិញពិភពលោកក្នុងតម្លៃសរុប ២២,៨ពាន់លានដុល្លារ។
ក្រុមហ៊ុន CK Hutchison ត្រូវបានបង្កើតឡើងដោយមហាសេដ្ឋីហុងកុងដែលមានប្រាក់រាប់ពាន់លានគឺលោក លី កាស៊ីង (Li Ka-shing) ហើយមិនមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលចិននោះទេ ប៉ុន្តែដោយសារតែវាមានមូលដ្ឋាននៅទីក្រុងហុងកុង មានន័យថាក្រុមហ៊ុននេះដំណើរការក្រោមច្បាប់របស់ចិន។ ក្រុមហ៊ុននេះដំណើរការកំពង់ផែទាំងពីរតាំងពីឆ្នាំ១៩៩៧។
យ៉ាងណាក៏ដោយ ការទិញលក់នេះត្រូវមានការយល់ព្រមពីរដ្ឋាភិបាលប៉ាណាម៉ា ផងដែរ។ ព្រែកជីកនេះមានប្រវែង៨២គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសប៉ាណាម៉ា និងជាផ្លូវទឹកដ៏សំខាន់ដែលតភ្ជាប់រវាងមហាសមុទ្រអាត្លង់ទិច និងមហាសមុទ្រប៉ាស៊ីហ្វិក។
ជារៀងរាល់ឆ្នាំ នាវារហូតដល់ទៅ ១៤ ០០០ ធ្វើដំណើរឆ្លងកាត់ព្រែកជីកនេះ ដោយដឹកកុងតឺន័រ រថយន្ត ឧស្ម័នធម្មជាតិ និងទំនិញផ្សេងៗទៀត ហើយវាក៏ជាផ្លូវឆ្លងកាត់នៃនាវាយោធាផងដែរ។
ព្រែកជីកនេះកសាងឡើងនៅដើមសតវត្សរ៍ទី២០ ហើយសហរដ្ឋអាមេរិកធ្លាប់បានគ្រប់គ្រងតំបន់នេះរហូតដល់ឆ្នាំ១៩៧៧ នៅពេលមានកិច្ចព្រមព្រៀងមួយចំនួនដែលតម្រូវឲ្យសហរដ្ឋអាមេរិកប្រគល់ព្រែកជីកនេះទៅប៉ាណាម៉ាវិញ។ ប៉ុន្តែរហូតដល់ឆ្នាំ១៩៩៩ ទើបប៉ាណាម៉ា អាចគ្រប់គ្រងទាំងស្រុងទៅលើព្រែកជីកនេះ។
ក្រោយពេលឡើងកាន់អំណាច ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានលើកឡើងជាច្រើនដងអំពីការយកព្រែកជីកនេះ និងតំបន់ជុំវិញមកគ្រប់គ្រងវិញ ដោយអះអាងថា ចិនមានឥទ្ធិពលលើព្រែកជីកនេះ ហើយជាការគំរាមកំហែងសន្តិសុខអាមេរិក។
លោកលើកហេតុផលថា អាមេរិកជាអ្នកជីកព្រែកនេះគួរតែមានសិទ្ធិគ្រប់គ្រង ហើយថា កប៉ាល់របស់អាមេរិកដែលឆ្លងកាត់ព្រែកជីកនេះត្រូវបង់ថ្លៃខ្ពស់ពេក៕ ប្រភព៖ BBC