
ទឹកជំនន់នៅស្រុក Jatinegara នៃរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ AFP
ឥណ្ឌូនេស៊ី៖ ទឹកជំនន់កំពុងវាយប្រហារប្រទេសឥណ្ឌូនេស៊ី និងធ្វើឱ្យប្រជាជនរាប់ពាន់នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈមន្ត្រីជំនាញព្យាករថា ឥណ្ឌូនេស៊ី នឹងបន្តជួបនូវអាកាសធាតុអាក្រក់ធ្ងន់ធ្ងរបែបនេះជាច្រើនថ្ងៃទៀត។
ភ្លៀងធ្លាក់ខ្លាំងជាប់គ្នាតាំងតែពីថ្ងៃចន្ទ ទី៣ ខែមីនា បានធ្វើឱ្យសង្កាត់ជាច្រើននៅក្នុងទីក្រុងហ្សាការតា របស់ប្រទេសឥណ្ឌូនេស៊ី លិចលង់ដោយទឹកជំនន់ ហើយមនុស្សរាប់រយនាក់ ត្រូវបានជម្លៀសចេញ ទៅកាន់កន្លែងសុវត្ថិភាពនៅថ្ងៃអង្គារ ទី៤ ខែមីនា។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិរបស់ឥណ្ឌូនេស៊ី (BNPB) បានឱ្យដឹងថា ទឹកបានកើនកម្ពស់ខ្ពស់ជាច្រើនម៉ែត្រ នៅក្នុងតំបន់ភាគខាងកើត និងខាងត្បូង ប៉ុន្តែគិតមកដល់ពេលនេះ ពុំទាន់មានរបាយការណ៍ណាមួយដែលបញ្ជាក់អំពីចំនួនអ្នកស្លាប់ និងអ្នករបួសក្នុងគ្រោះទឹកជំនន់នេះឡើយ។ នេះបើតាម CNA។
ទីក្រុងរណបផ្សេងទៀតដូចជា Bogor, Bekasi និង Tangerang ក៏ត្រូវលិចលង់ផងដែរ ហើយអ្នកស្រុកបានឡើងទៅលើដំបូលផ្ទះ ចំណែកមនុស្សមួយចំនួន បានប្រើខ្សែពួរដើម្បីទាញខ្លួនទៅកាន់ទីសុវត្ថិភាព។
អាជ្ញាធរបាននិយាយថា ពួកគេកំពុងរៀបចំអាហារ និងត្រៀមរួចជាស្រេចនូវសម្ភារៈដូចជា ភួយ និងតង់ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងដាក់ពង្រាយទូកកៅស៊ូ ដើម្បីជម្លៀសអ្នកស្រុក។
សូមរំឭកថា ក្នុងឆ្នាំ ២០២០ ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ និងការបាក់ដី ដែលបានសម្លាប់មនុស្សជិត ៧០ នាក់នៅក្នុងនិងជុំវិញទីក្រុងហ្សាការតា ខណៈដែលមនុស្សរាប់ពាន់នាក់ទៀត ត្រូវបានបង្ខំឱ្យជម្លៀសទៅកាន់ទីទួលសុវត្ថិភាព៕