និស្សិតថ្នាក់បណ្ឌិត​ម្នាក់ត្រូវបានកាត់ទោសកាលពីថ្ងៃពុធ នៅក្នុងតុលាការទីក្រុងឡុងដ៍​ពីបទ​ប្រើប្រាស់គ្រឿងញៀន និងរំលោភលើស្ត្រីចំនួន ១០ នាក់នៅក្នុងប្រទេសអង់គ្លេស និងប្រទេសចិន ខណៈ​ដែលប៉ូលិសបានព្រមានថា អាចមានជនរងគ្រោះជាង ៥០​ នាក់ផ្សេងទៀត។

ជនជាប់​ចោទ Zhenhao Zou អាយុ ២៨ ឆ្នាំជនជាតិចិន​ជានិស្សិតថ្នាក់បណ្ឌិត​ត្រូវបាន​គេរកឃើញ​ថាមានពិរុទ្ធពីបទ​ប្រើប្រាស់គ្រឿង​ញៀន និងចាប់រំលោភស្ត្រីចំនួន ១០ នាក់នៅទីក្រុងឡុងដ៍ និងប្រទេសចិន ចន្លោះឆ្នាំ ២០១៩ និង ២០២៣។

បន្ទាប់ពីការ​ពិភាក្សាអស់រយៈពេលជាង ១៩ ម៉ោង ចៅក្រមបានសន្និដ្ឋានថា​ លោក Zou បាន​រំលោភស្ត្រី​បី​នាក់​នៅទីក្រុងឡុងដ៍ និង ៧ នាក់​នៅ​ប្រទេសចិន។

ប៉ូលិស​អាច​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​តែ​ពីរ​នាក់​ប៉ុណ្ណោះ ហើយ​បាន​និយាយ​​បន្ទាប់​ពី​ចេញ​​សាលក្រម​ថា ស្ត្រី​ជាង ៥០ នាក់​ផ្សេងទៀត​អាច​ជា​ជនរងគ្រោះ​នៃ​អំពើ​របស់​លោក​ Zou ដែល​នឹង​ធ្វើ​ឱ្យ​គាត់​ក្លាយជា​ជនល្មើស​ផ្លូវភេទ​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ចក្រភព​អង់គ្លេស​។

សកម្មភាព​របស់លោក​ Zou គឺការលួចថតរាល់សកម្មភាពដែលខ្លួនបានប្រព្រឹត្ត និង​ធ្វើ​ការ​គំរាមកំហែង​ទៅដល់ស្រ្តី​ទាំងនោះ។

លោក Zou ជានិស្សិតវិស្វកម្មមេកានិចដែលកំពុងសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ University College London បានអះអាងថា ទំនាក់ទំនងផ្លូវភេទគឺជាការព្រមព្រៀងគ្នា។ 

បន្ទាប់ពីគាត់បានមើលវីដេអូរបស់ជនជាប់ចោត Zou ​ចៅក្រម Rosina Cottage បានពិពណ៌នាចុងចោទថាជា «ឧក្រិដ្ឋជនផ្លូវភេទ​ដ៏គ្រោះ​ថ្នាក់ និង​គួរ​ឱ្យស្អប់ខ្ពើម»ហើយការកាត់​ទោសគួរតែមានយូរ​ហើយ។

ក្រៅពីការចោទប្រកាន់ពីបទរំលោភផ្លូវភេទ ជនជាប់ចោទ​ Zou ក៏មានទោស​ផ្សេងទៀត​ពាក់ពន្ធទៅនឹងការ​កាន់កាប់​​រូបភាព​​អាសអាភាសនិង​មាន​​គ្រឿងញៀន​ដែល​មាន​ចេតនា​ប្រព្រឹត្ត​បទល្មើស​ផ្លូវ​ភេទ។

លោក​ Zou ដែលប្រើឈ្មោះ Pakho នៅលើអ៊ីនធឺណិតបានប្រើវិធីស្និទ្ធស្នាលជាមួយមនុស្សផ្សេងទៀតនៅលើ WeChat និងកម្មវិធីណាត់ជួប មុនពេលហៅ​ពួកគេឱ្យផឹកស្រា និងជក់ថ្នាំ​នៅអាផាតមិន​របស់​គាត់​នៅ​ទីក្រុង​ឡុងដ៍ ឬទីតាំងមិនស្គាល់ក្នុងប្រទេសចិន។

មេបញ្ជាការប៉ូលិស Metropolitan លោក ​Kevin Southworth បាននិយាយថា៖ «គាត់បាន​ធ្វើ​អស់​ពី​លទ្ធភាព​ដែលគាត់អាចធ្វើបានក្នុងបទល្មើសទាំងនេះ ដើម្បី​អោយ​ជនរងគ្រោះដែល​គ្មាន​សមត្ថភាព​តតាំង​អាច​ទទួល​បាន​យុត្តិធម៌»។

គួរអោយដឹងផងដែរថា Zou បានផ្លាស់ទៅទីក្រុង Belfast ប្រទេសអៀរឡង់ខាងជើងក្នុងឆ្នាំ ២០១៧ ដើម្បីសិក្សាផ្នែកវិស្វកម្មមេកានិចនៅសាកលវិទ្យាល័យ Queen's មុនពេលធ្វើដំណើរទៅ University College London ក្នុងឆ្នាំ ២០១៩ សម្រាប់ថ្នាក់អនុបណ្ឌិត និងបន្ទាប់មកថ្នាក់បណ្ឌិត៕ ប្រភព៖ CNN, BBC