លោក ត្រាំ បាន​ប្រាប់​ទៅ​ក្រុម​ហាម៉ាស់​ថា ពេល​វេលា​សម្រាប់​ពួក​គេ​អស់​ហើយ ពួក​គេ​ត្រូវ​តែ​ដោះលែង​ចំណាប់​ខ្មាំង​ និង​ប្រគល់​សាកសព​ចំណាប់​ខ្មាំង​ទាំង​អស់​ដែល​ពួក​គេ​បាន​សម្លាប់ បើ​មិន​ដូច្នោះ​ទេ អ្វីៗ​គ្រប់​យ៉ាង​ហួស​ពេល។

ថ្លែង​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃទី៥ ខែមីនា ម៉ោង​នៅ​សហរដ្ឋ​អាមេរិក លោក ត្រាំ បាន​បញ្ជាក់​ថា៖ «ខ្ញុំ​នឹង​បញ្ជូន​អ្វី​គ្រប់យ៉ាង​ទៅ​ឲ្យ​អ៊ីស្រាអែល​ដើម្បី​ធ្វើ​កិច្ច​ការ​នេះ​ឲ្យ​ចប់​សព្វគ្រប់ គ្មាន​សមាជិក​ហាម៉ាស់​ណា​មួយ​មាន​សុវត្ថិភាព​នោះ​ទេ ប្រសិន​បើ​ពួក​អ្នក​មិន​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​និយាយ។ ខ្ញុំ​ទើប​តែ​បាន​ជួប​ជាមួយ​អតីត​ចំណាប់​ខ្មាំង​ដែល​ពួក​អ្នក​ឯង​បំផ្លាញ​ជីវិត​របស់​ពួក​គេ។ នេះ​ជា​ការ​ព្រមាន​ចុង​ក្រោយ​សម្រាប់​ពួក​អ្នក​ឯង»។

លោក​បន្ត​ថា សម្រាប់​មេដឹកនាំ​ហាម៉ាស់ វា​ជា​ពេល​វេលា​ដែល​ពួក​គេ​ត្រូវ​ចាកចេញ​ពី​តំបន់​ Gaza ដែល​ពេល​នេះ។ ហាម៉ាស់​ត្រូវ​តែ​សម្រេច​ចិត្ត​ថា​តើ​ពួក​គេ​ត្រូវ​តែ​ដោះ​លែង​ចំណាប់​ខ្មាំង ឬ​ត្រូវ​ស្លាប់។

លោក​ថា៖ «សូម​ធ្វើការ​សម្រេច​ចិត្ត​ដ៏​ឆ្លាត​វៃ។ ត្រូវ​ដោះ​លែង​ចំណាប់​ខ្មាំង​នៅ​ពេល​ឥឡូវ​នេះ បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​លេង​ជាមួយ​នឹង​ឋាន​នរក​នៅ​ពេល​ក្រោយ»។

ក្រុមហាម៉ាស់ ត្រូវ​បាន​រដ្ឋធានី​វ៉ាស៊ីនតោន​ចាត់​ទុក​ជា​ក្រុម​ភេរវករ ហើយ​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​បាន​ហាម​រដ្ឋាភិបាល​អាមេរិក​មិន​ឲ្យ​ជជែក​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​នេះ​ទេ។ ប៉ុន្តែ ការ​ព្រមាន​របស់​លោក​ ត្រាំ ធ្វើ​ឡើង​ក្រោយ​ពេល​វ៉ាស៊ីនតោន​ បាន​ជជែក​ផ្ទាល់​ជាមួយ​ក្រុម​ហាមាស់។

អ៊ីស្រាអែល​និយាយ​ថា បច្ចុប្បន្ន​នេះ នៅ​មាន​ចំណាប់​ខ្មាំង​ចំនួន ៥៩​នាក់​ទៀត​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​តំបន់​ Gaza ហើយ​ប្រហែល​តែ ២៤​នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់​រាន​មាន​ជីវិត។ ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ទាំង​នោះ ក៏​មាន​ជនជាតិ​អាមេរិកាំង​ផងដែរ។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ ត្រាំ ក៏​បាន​បង្ហាញ​មហិច្ឆតា​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់​ Gaza៕