
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយរដ្ឋមន្ត្រីថៃ ដែលត្រូវបានតែងតាំងជាទីប្រឹក្សាក្រៅផ្លូវការរបស់ប្រធានអាស៊ាន។ រូបថត THE NATION
បាងកក៖ តុលាការព្រហ្មទណ្ឌបដិសេធសំណើសុំរបស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានអញ្ជើញដោយប្រធានាធិបតីឥណ្ឌូនេស៊ី។
លោក ថាក់ស៊ីន ស៊ី ដែលកំពុងប្រឈមនឹងការចោទប្រកាន់ពីបត ប្រមាថព្រះមហាក្សត្រ បានដាក់សំណើនៅតុលាការព្រហ្មទណ្ឌ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។
ប្រសិនបើតុលាការបានយល់ព្រមលើសំណើរបស់លោក លោកនឹងត្រូវបង់ប្រាក់ធានាដើម្បីបំពេញកាតព្វកិច្ចនៅក្រៅឃុំ និងអនុវត្តតាមនីតិវិធីច្បាប់មុនពេលធ្វើដំណើរ។
យ៉ាងណាក៏ដោយ បន្ទាប់ពីសវនាការ តុលាការបានសម្រេចនៅរសៀលថ្ងៃដដែលថា លោក ថាក់ស៊ីន មានហេតុផលមិនគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាតពីតុលាការឲ្យចាកចេញពីប្រទេស។
កាលពីខែមករា តុលាការធ្លាប់បានផ្តល់ការអនុញ្ញាតឱ្យគាត់ធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ ដោយតម្រូវឱ្យបង់ប្រាក់ធានាចំនួន ៥ លានបាត និងការប្តេជ្ញាចិត្តដើម្បីរាយការណ៍ត្រឡប់មកវិញក្នុងរយៈពេលបីថ្ងៃ។
នៅក្នុងខែកុម្ភៈ លោកក៏ត្រូវបានអនុញ្ញាតឲ្យចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសប្រ៊ុយណេកាលពីនៅថ្ងៃទី ១៨-១៩ ប៉ុន្តែត្រូវបានហាមមិន ឲ្យទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងកម្ពុជា។
លោកថាក់ស៊ីនត្រូវបានតែងតាំងជាទីប្រឹក្សាក្រៅផ្លូវការរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីត្រៀមធ្វើជាប្រធានអាស៊ានឆ្នាំ ២០២៥ របស់ប្រទេសម៉ាឡេស៊ី។
ការប្រកាសតែងតាំងនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Putrajaya ដែលមានការចូលរួមដោយលោក អាន់វ៉ា ផ្ទាល់ ហើយក្នុងនោះដែរ ក៏មានការចូលរួមដោយនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ដែលជាកូនស្រីរបស់លោក ថាក់ស៊ីន ផងដែរ។
លោក អាន់វ៉ា បានបញ្ជាក់ថា បទពិសោធន៍ដ៏ទូលំទូលាយរបស់លោក ថាក់ស៊ីន ក្នុងនាមជាអ្នកធ្លាប់ដឹកនាំប្រទេស នឹងផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់បញ្ហាទាក់ទងនឹងអាស៊ាន។
លោក ថាក់ស៊ីន នៅតែជាឥស្សរជននយោបាយដ៏សំខាន់ ដែលធ្លាប់និរទេសខ្លួន និងប្រឈមផ្លូវច្បាប់កាលពីអតីតកាលក៏ដោយ។ លោកបានវិលត្រឡប់មកប្រទេសថៃវិញនៅឆ្នាំ ២០២៣ បន្ទាប់ពីបានរស់នៅក្រៅប្រទេសជាច្រើនឆ្នាំ។
ការតែងតាំងរបស់គាត់ជាទីប្រឹក្សាប្រធានអាសស៊ានត្រូវបានគេមើលឃើញថាជាចលនាយុទ្ធសាស្ត្រ ជាពិសេសក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ស្មុគស្មាញ ដូចជាវិបត្តិមីយ៉ាន់ម៉ាដែលកំពុងបន្ត ដែលនៅតែជាបញ្ហាប្រឈមដ៏ធំសម្រាប់អាស៊ាន៕ ប្រភព៖ The Nation