បាងកក៖ មនុស្ស៦នាក់បានរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកបំពង់មួយនៅឯផ្លូវរថភ្លើងឆ្លងកាត់ក្នុងស្រុក Muang ខេត្ត Yala កាល​ពី​ថ្ងៃ​ទី៦ ខែមីនា។

ខ្សែ​វីដេអូ CCTV បាន​បង្ហាញ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​គប់​បំពង់​ទីប​ចំនួន​ពីរ​លើ​ផ្លូវ Pad Rotfai ក្នុង​សង្កាត់ Sateng ខណៈ​អ្នក​បើក​បរជាច្រើន​កំពុង​រង់​ចាំ​ភ្លើង​ស្តុប ហើយក៏មានគ្រាប់បែកមួយបានផ្ទុះឡើង។

ប៉ូលិសបាននិយាយថា ការបំផ្ទុះនេះបានបំផ្លាញរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿង និងរបួសមនុស្ស៦នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយ៉ាឡា។

មន្ត្រីសន្តិសុខក្នុងតំបន់បាននិយាយថា នៅក្នុងខេត្តប៉ាតានី (Pattani) ដែលជាខេត្តជិតខាងគ្នានិងយ៉ាឡា កាមេរ៉ា CCTV ចំនួនពីរនៅក្នុងស្រុក Sai Buri និងស្រុក Panare ត្រូវបានបំផ្លាញកាលពីយប់ថ្ងៃពុធ ដោយការបំផ្លាញនេះគេសង្ស័យថាកើតឡើងដោយក្រុមបះបោរធ្វើដើម្បីបិទបាំងការត្រៀមលក្ខណៈរបស់ពួកគេសម្រាប់ការវាយប្រហារ។

ប៉ូលិសបាននិយាយថា ជនដៃដល់បានដុតកង់រថយន្តដែល​គេ​ដាក់​នៅ​លើបង្គោលភ្លើង CCTV នៅចំណុចប្រសព្វ Hutakolae ក្នុងទីក្រុង Trobon ស្រុក Sai Buri និងនៅមុខមន្ទីរពេទ្យ Ban Tro Hak ក្នុង​តំបន់​ Ban Nam Bo ស្រុក Panare ។

មន្ត្រីសន្តិសុខបាននិយាយថា ការបំផ្លិចបំផ្លាញកាមេរ៉ាស្របនឹងការស៊ើបការណ៍សម្ងាត់ដែលក្រុមបះបោរ​ Platong កំពុងរៀបចំការវាយប្រហារដោយគ្រាប់បែក និងការវាយឆ្មក់នៅ​ខេត្ត​ប៉ាតានី ក្នុងអំឡុងខែដ៏វិសុទ្ធនៃបុណ្យរ៉ាម៉ាដានរបស់ជន​មូស្លីម​ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា៕ ប្រភព៖ ANN/The Nation