ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ នឹង​ប្រកាស «ថ្ងៃ​រំដោះ»​ ២​មេសា ដោយ​លោក​នឹង​ប្រកាស​អំពី​ការ​យក​ពន្ធ​គយ​ ដើម្បី​បំពេញ​របៀប​វារៈ​សេដ្ឋកិច្ច​នៃ​រដ្ឋបាល​របស់​លោក ប៉ុន្តែ​ជា​អ្វី​ដែល​ពិភពលោក​រង់ចាំ​មើល​ជាមួយ​នឹង​ការ​ភ័យ​ខ្លាច​កើត​មាន​សង្គ្រាម​ពាណិជ្ជកម្ម។

«វា​គឺ​ជា​ថ្ងៃ​រំដោះ​អាមេរិក ​ដូច​ដែល​ប្រធានាធិបតី​ ត្រាំ បាន​ហៅ​វា​ថា​ដូច្នេះ។ លោក​ប្រធានាធិបតី​នឹង​ប្រកាស​ពី​ផែនការ​ពន្ធគយ​ដែល​នឹង​បញ្ឈប់​ការ​អនុវត្ត​ពាណិជ្ជកម្ម​មិន​យុត្តិធម៌​ដែល​បាន​លួច​សេដ្ឋកិច្ច​ប្រទេស​របស់​យើង​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ លោក​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ជា​ប្រយោជន៍​ដ៏​ចម្បង​របស់​កម្មករ​អាមេរិក»។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​សេតវិមាន អ្នកស្រី Karoline Leavitt។

យ៉ាង​ណា​ក៏​ដោយ មិន​មាន​ទាន់​សេចក្ដី​លម្អិត​នៃ​ការ​យក​ពន្ធគយ​នេះ​ទេ ដោយ​លោក​ ត្រាំ ធ្លាប់​បាន​ថ្លែង​កាល​ពី​កន្លង​ទៅ​ថា ការ​ប្រកាស​ពន្ធ​គយ​នេះ គឺជា​ការ​សង​សឹក​ទៅ​នឹង​អ្វី​ដែល​ប្រទេស​ផ្សេងៗ​យក​ពន្ធ​ពី​អាមេរិក។

អ្នកស្រី​ Leavitt បន្ត​ថា ផលិតផល​អាមេរិក​មិន​អាច​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ជា​ច្រើន​ ហើយ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​អាជីវកម្ម ​និង កម្មករ​អាមេរិក​ត្រូវ​បាន​បញ្ឈប់ ហើយ​ពេល​នេះ​ជា​ពេល​ដែល​ត្រូវ​ឆ្លើយ​តប​ ដោយ​ប្រធានាធិបតី​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​ប្រវត្តិសាស្ត្រ​ ដើម្បី​ផល​ប្រយោជន៍​ពលរដ្ឋ​អាមេរិក។

លោក ត្រាំ បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា នៅ​ដំណាក់​កាល​ដំបូង លោក​នឹង​ដាក់​ពន្ធ​ឆ្លើយ​តប ឬ សងសឹក​ទៅ​លើ​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភពលោក។ បន្ទាប់​មក​ លោក​នឹង​ធ្វើ​ការ​ចរចា​ដើម្បី​បន្ថយ​ពន្ធគយ​ទាំង​នោះ​ក្នុង​ករណី​ចាំ​បាច់។

ថ្លែង​នៅ​លើ​បណ្ដាញ​សង្គម X នៅ​ថ្ងៃ​​នេះ លោក​ត្រាំ និយាយ​ថា ការ​ធ្វើ​បរិវត្តកម្ម​ប្រទេស​នេះ មិន​ដែល​កើត​មាន​ទេ​នៅ​សហរដ្ឋ​អាមេរិក។ លោក​ថា ក្រុមហ៊ុន​ជា​ច្រើន​កំពុង​ហូរ​ចូល​មក​សហរដ្ឋ​អាមេរិក​ក្នុង​កម្រិត​មួយ​មិន​ធ្លាប់​មាន ​ហើយ​នឹង​បង្កើត​ការងារ​និង​ប្រាក់​ចំណូល។

ទីប្រឹក្សា​សេត​វិមាន​ លោក Peter Navarro ​បាន​ថ្លែង​ថា ការ​ប្រកាស​ពន្ធ​គយ​នេះ អាច​ធ្វើ​ឲ្យ​អាមេរិក​ចំណេញ​បាន​ប្រាក់​ប្រមាណ ៦០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕