នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra បាននិយាយថា រដ្ឋាភិបាលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនុកចិត្តអន្តរជាតិឡើងវិញនៅក្នុងប្រទេសថៃបន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃសុក្រ។

ថ្លែងនៅក្នុងពិធីបើកមជ្ឈមណ្ឌលសេវាកម្មវិនិយោគ និងជនបរទេសរបស់ប្រទេសថៃ (TIESC) កាលពីថ្ងៃចន្ទ លោកស្រី Paetongtarn បានថ្លែងទៅកាន់សហគមន៍អន្តរជាតិទាក់ទងនឹងការដួលរលំអគារការិយាល័យសវនកម្មរដ្ឋថ្មី (SAO) អំឡុងពេលរញ្ជួយដី ដោយលោកស្រីបានលើកឡើងថា៖ «ការដួលរលំនេះគឺដោយសារតែកំហុសបច្ចេកទេសដែលប៉ះពាល់ដល់អគារ ខណៈដែលមានការធានាឡើងវិញថាគ្មានអគារផ្សេងទៀតនៅក្នុងទីក្រុងបាងកកប្រឈមនឹងហានិភ័យនៃការដួលរលំទៀតនោះទេ ដោយសារតែពួកគេប្រកាន់ខ្ជាប់នូវស្តង់ដារធន់នឹងការរញ្ជួយដី»។

លោកស្រី​បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការស្តារមុខមាត់របស់ខ្លួនឡើងវិញ និងធានានូវទំនុកចិត្តសាធារណៈ ដោយនិយាយថា ការស៊ើបអង្កេតហ្មត់ចត់លើការអនុម័ត ការរចនា និងសម្ភារសំណង់កំពុងដំណើរការ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul រួមជាមួយនឹងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក Akanat Promphan នឹងពិនិត្យមើលសម្ភារសំណង់របស់គម្រោងនេះ។

ទន្ទឹមនឹងនោះ អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថា ស្ថានការណ៍ក្នុងរាជធានីមានស្ថិរភាពស្ទើរតែទាំងស្រុង។

លោកបាននិយាយថា ចរាចរណ៍ធម្មតាបានបន្តឡើងវិញទូទាំងទីក្រុងបាងកក រួមទាំងផ្លូវល្បឿនលឿន និងខ្សែរថភ្លើងក្រោមដី លើកលែងតែការកកស្ទះតិចតួចនៅជិតទីតាំងអគារបាក់រលំក្នុងសង្កាត់ Chatuchak និងតំបន់ដែលមានប្រតិបត្តិការរថយន្តស្ទូចនៅក្នុងស្រុក Bang Sue។

លោក​ Chadchart ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ការ​ត្រួត​ពិនិត្យ​អគារ​នៅ​ក្នុង​ទីក្រុង​កំពុង​តែ​បន្ត ដោយ​ទទួល​បាន​របាយការណ៍​ជាង ១៣ ០០០ ដោយករណីភាគច្រើនពាក់ព័ន្ធទៅនឹងការបាក់ជញ្ជាំងតិចតួច ខណៈដែលអគារពីរត្រូវបានគេចាត់ទុកថាមិនមានសុវត្ថិភាព ដែលប៉ះពាល់ដល់អ្នករស់នៅប្រហែល ២០០០នាក់។

ជម្រកបណ្តោះអាសន្នត្រូវបានរៀបចំសម្រាប់អ្នកដែលត្រូវការជំនួយ ដោយមានក្រុមហ៊ុន និងភ្នាក់ងាររដ្ឋាភិបាលជួយ។

គម្រោង​អភិវឌ្ឍន៍មួយផ្សេងទៀតរបស់ក្រុមហ៊ុន Italian-Thai Development PCL (ITD) ដែលជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ITD-CREC ដែល​ជាអ្នកម៉ៅការសម្រាប់អគារ SAO ដែលដួលរលំបានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនេះ។​ ក្រុមហ៊ុនបានសន្យាសហការយ៉ាងពេញទំហឹងជាមួយអាជ្ញាធរ និងផ្តល់សំណងដល់ក្រុមគ្រួសារនៃអ្នកស្លាប់ និងរបួស។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Jungrungreangkit មិនបានបញ្ជាក់ថាតើ ITD នឹងត្រូវដាក់ក្នុងបញ្ជីខ្មៅដោយរដ្ឋាភិបាលឬយ៉ាងណាទេ ប៉ុន្តែលោកបាននិយាយថា ការចោទប្រកាន់ឧក្រិដ្ឋកម្ម កំពុងត្រូវបានពិចារណា៕