លោក Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាននិយាយ​ថា ប្រទេស​ម៉ាឡេស៊ី​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​ប្រទេស​ចិន​ក្នុង​វិស័យ​ផ្សេងៗ រួមទាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​ដែល​កំពុង​លេច​ធ្លោ​ដូច​ជា AI។

នាយករដ្ឋមន្ត្រី ដែល​បាន​ហៅ​ប្រធានាធិបតី​ចិន Xi Jinping ថា​ជា «មិត្ត​ពិត» បាន​និយាយ​ថា លោក ​និង​គណៈរដ្ឋមន្ត្រី​ ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក Xi និង​គណៈប្រតិភូ​របស់​លោក​មកកាន់​ប្រទេស​ម៉ាឡេស៊ី ហើយម៉ាឡាស៊ី នឹងខិតខំប្រឹងប្រែងធ្វើការជាមួយគ្នាក្នុងវិស័យ ផ្សេងៗ ជាច្រើនដូចជា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងបច្ចេកវិទ្យាថ្មី រួមទាំងគំនិតផ្តួចផ្តើម AI និងវិធីសាស្រ្តពាក់ព័ន្ធផ្សេងទៀត ដែលប្រទេសទាំង២ បានពិភាក្សាគ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

ក្នុងនោះដែរ Anwar Ibrahim ក៏បានលើកឡើងទៀតថា «នៅពេលដែលលោក និងលោក Xi ជួបគ្នានៅប្រទេសចិន លោក Xi បានបង្ហាញពីគំរូបុគ្គលិកលក្ខណៈថ្មីនៃភាពជាអ្នកដឹកនាំ ដែលនិយាយអំពីកំណើន និងការវិនិយោគ និងការរីកចម្រើនសេដ្ឋកិច្ច ហើយគាត់ក៏និយាយ អំពីការលុបបំបាត់ភាពក្រីក្រ និងបានបង្ហាញពីភាពជោគជ័យរបស់គាត់ សំខាន់ជាងនេះទៅទៀត គាត់បានបង្ហាញអំពីភាពរុងរឿង និងអរិយធម៌ ដែលរឿងទាំងអស់នេះ ដែលកម្រមានមេដឹកនាំក្នុងពិភពលោកនៅសម័យទំនើបនេះចែករំលែកណាស់»។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយនៅក្នុងសុន្ទរកថាបើកមុនកិច្ចប្រជុំទ្វេភាគី ជាមួយគណៈប្រតិភូចិនកាលពីថ្ងៃពុធថា «យើងកោតសរសើរចំពោះភាពអត់ធ្មត់របស់អ្នក ហើយប្រជាជនម៉ាឡេស៊ីស្វាគមន៍អ្នក លោកប្រធានាធិបតី Xi មិនត្រឹមតែជាប្រធានាធិបតី នៃប្រទេសចិនដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុនន្តែប្រធានាធិបតីចិនគឺជា«មិត្តពិត»។

ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទីពីររបស់លោក Xi ទៅកាន់ប្រទេស ម៉ាឡេស៊ីក្នុងរយៈពេល ១២ឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចចុងក្រោយរបស់លោកក្នុងឆ្នាំ ២០១៣។

ប្រភព៖ https://asianews.network/pm-anwar-says-malaysia-committed-to-work-with-china-describes-president-xi-as-a-true-friend/