
នៅថ្ងៃទី១៧ ខែមេសានេះ មានការរញ្ជួយដីកម្រិតស្រាលបានកើតឡើងជាបន្តបន្ទាប់ នៅភាគខាងជើងនៃប្រទេសថៃ ដែលប៉ះពាល់ដល់ខេត្តចំនួនពីររួមមាន ខេត្តឈៀងរ៉ៃ (Chiang Rai) និងខេត្តឈៀងម៉ៃ (Chiang Mai) ។
នាយកដ្ឋានអង្កេតការរញ្ជួយដីបានបញ្ជាក់ថា មានការរញ្ជួយដីពីរលើកបានកើតឡើងនៅក្នុងប្រទេសថៃ ដោយលើកទីមួយ កម្លាំងរញ្ជួយមានកម្រិត ១.៦ រ៉ិចទ័រ និងជម្រៅ ២ គីឡូម៉ែត្រ បានកើតឡើងនៅវេលាម៉ោង ១២ និង៥៣ នាទីព្រឹក នៅក្នុងឃុំ Pong Phrae ស្រុក Mae Lao ខេត្ត Chiang Rai។
រញ្ជួយដីលើកទី២ មានកម្លាំង ១,៩ រ៉ិចទ័រ និងជម្រៅ ៧គីឡូម៉ែត្រ បានកើតឡើងនៅវេលាម៉ោង ៥ និង ៤៤នាទីព្រឹក នៅក្នុងឃុំ Saluang ស្រុក Mae Rim ខេត្ត Chiang Mai។
គិតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីការខូចខាតទ្រព្យសម្បត្តិ ឬអ្នកស្លាប់ និងរងរបួសនៅក្នុងហេតុការណ៍នោះនៅឡើយទេ។
យោងតាមនាយកដ្ឋានឧតុនិយមថៃបានឱ្យដឹងថា រញ្ជួយដីកម្រិតស្រាលចំនួន ១២លើក ត្រូវបានកត់ត្រាទាំងនៅភាគខាងជើងនៃប្រទេសថៃ និងនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍នេះ ដែលកម្លាំងរញ្ជួយមានកម្រិតចាប់ពី ១.៦ ដល់ ៣.៥ រ៉ិចទ័រ៕