នៅថ្ងៃទី២១ ខែមេសានេះ ប្រទេសចិនបានព្រមាន​ខ្លាំងៗ​ថា​ «ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងណាមួយរវាងសហរដ្ឋអាមេរិក និងប្រទេសនានាដែលធ្វើអោយមានផលប៉ះពាល់អវិជ្ជមានដល់ប្រទេសចិន» ហើយ​ថា ចិន​នឹងចាត់វិធានការប្រឆាំងនឹងពួកគេ។ 

ក្រសួងពាណិជ្ជកម្មចិនបានលើកឡើងទៀតថា៖ «ប្រទេសចិននឹងចាត់វិធានការតបតវិញក្នុងលក្ខណៈច្បាស់លាស់ និងទៅវិញទៅមក ប្រសិនបើប្រទេសណាមួយស្វែងរកកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋបាល​លោក ត្រាំ ដែលកំពុងរៀបចំដាក់សម្ពាធប្រទេសផ្សេងទៀតឱ្យដាក់កម្រិតពាណិជ្ជកម្មជាមួយប្រទេសចិនជាថ្នូរនឹងការលើកលែងពន្ធពីសហរដ្ឋអាមេរិក»។

ខណៈ​ដែល​ប្រទេស​ផ្សេង​ទៀត​នៅលើពិភពលោក​ត្រូវ​បាន​អាមេរិកយក​ពន្ធ ១០ ភាគរយ ចំណែកឯប្រទេសចិន​ប្រឈម​នឹង​ការ​យក​ពន្ធ​រហូត​ដល់ ១៤៥ ភាគរយ​លើ​ផលិតផល​ជា​ច្រើន ហើយ​ពន្ធ​នេះ​អាច​នឹង​ឡើង​ដល់​ ២៤៥ភាគ​រយ បើ​បូក​នឹង​ពន្ធដែលមាន​ស្រាប់។

ជាការឆ្លើយតបប្រទេសចិនបានយកពន្ធចំនួន ១២៥ ភាគរយលើទំនិញរបស់សហរដ្ឋអាមេរិកវិញផងដែរ។

ឥឡូវនេះប្រទេសមួយចំនួនកំពុងចូលរួមចរចាជាមួយសហរដ្ឋអាមេរិកដើម្បីកាត់បន្ថយពន្ធ ស្របទៅនឹងសង្រ្គាមពាណិជ្ជកម្មដែលកំពុងកើតឡើងរវាងប្រទេសអាមេរិកប្រឆាំងនឹងគូប្រជែងសេដ្ឋកិច្ចកំពូលរបស់ខ្លួនគឺប្រទេសចិន។

ប្រទេសចិន​បញ្ជាក់​ថា ខ្លួន​គោរពគ្រប់ភាគីទាំងអស់ក្នុងការរកដំណោះស្រាយផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក តាមរយៈការពិគ្រោះយោបល់ដោយឈរលើមូលដ្ឋានស្មើភាពគ្នា ប៉ុន្តែបានព្រមានប្រទេសនានាកុំឱ្យស្វែងរកកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដែលធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​ដល់ប្រទេសចិន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការលួងលោមនឹងមិននាំមកនូវសន្តិភាពទេ ហើយការសម្របសម្រួលនឹងមិនត្រូវបានគោរព។ ដើម្បីស្វែងរកផលប្រយោជន៍បណ្តោះអាសន្នដ៏អាត្មានិយមរបស់ពួកគេដោយចំណាយផលប្រយោជន៍របស់អ្នកដទៃ គឺជាការស្វែងរកស្បែកខ្លា»។

ចិន​​បានព្រមានថា វិធីសាស្ត្រ​បែប​នេះ​ «ទីបំផុតនឹងបរាជ័យទាំងសងខាង និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ»។

អ្នក​នាំ​ពាក្យ​រូប​នេះ​បានលើកឡើងទៀតថា​៖ «ចិន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ភាគី​ណា​ដែល​ឈាន​ដល់​កិច្ច​ព្រម​ព្រៀងដែលធ្វើអោយប៉ះពាល់​ប្រយោជន៍​ដល់ប្រទេស​ចិន ប្រសិនបើមានកិច្ច​ព្រម​ព្រៀងណាមួយ​កើតឡើង ចិន​នឹងមិន​ទទួលយក​វា​ជាដាច់ខាត ចិន​នឹង​ចាត់វិធានការ​តបតវិញ​យ៉ាង​ម៉ឺងម៉ាត់»។

ក្រសួងពាណិជ្ជកម្មបាននិយាយថា ប្រទេសចិនប្តេជ្ញា និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន៕