លោក Elon Musk ប្រធាន​ក្រុមហ៊ុន Tesla បាន​និយាយ​ថា លោក​នឹង​បន្ថយ​តួនាទី​ និង​ពេល​វេលា​​របស់​លោក​នៅ​ក្នុង​រដ្ឋបាល​របស់​លោក ត្រាំ​ ខណៈ​ដែល​ប្រាក់​ចំណេញ​ និង​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ Tesla បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៥​នេះ។

ការ​លក់​រថយន្ត​ Tesla ​បាន​ធ្លាក់ចុះ ​ហើយ​ម៉ាក​យី​ហោ​បាន​ប្រឈម​នឹង​ការ​រិះគន់​ខណៈ​ដែល​លោក Musk បាន​ក្លាយ​ជា​ឥស្សរជន​នយោបាយ​ដ៏​សំខាន់​នៅ​សេតវិមាន។

នៅ​ថ្ងៃ​អង្គារ ក្រុមហ៊ុន​ Tesla​ បាន​រាយការណ៍​ថា ប្រាក់​ចំណូល​ពី​ការ​លក់​រថយន្ត​បាន​ធ្លាក់​ចុះ ២០% ក្នុង​ត្រី​មាស​ទីមួយ​នៃ​ឆ្នាំ ២០២៥ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​ដែល​ប្រាក់​ចំណេញ​បាន​ធ្លាក់​ចុះ​ជាង ៧០%។

នៅ​ក្នុង​ត្រី​មាស​ទី១​នៃ​ឆ្នាំ​នេះ ប្រាក់​ចំណូល​របស់​ Tesla ​ទទួល​បាន​ ១៩,៣ ពាន់​លាន​ដុល្លារ ​ធ្លាក់​ចុះ ៩% ធៀប​នឹង​ឆ្នាំ​មុន ដែល​តួលេខ​នេះ​ទាប​ជាង​ការ​រំពឹង​ទុក​ ២១,១ ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន​បាន​បញ្ជាក់​ប្រាប់​​អ្នក​វិនិយោគ​ថា បញ្ហា​នេះ​អាច​នឹង​បន្ត​កើត​មាន​ និង​មិន​ផ្តល់​ការព្យាករណ៍​កំណើន​នោះ​ទេ​ ប៉ុន្តែ​បាន​អះអាង​ថា ការ​ផ្លាស់​ប្តូរ​នៃ​ទស្សនៈ​នយោបាយ​ អាច​ប៉ះ​ពាល់​ដល់​តម្រូវការ​យ៉ាង​ធ្ងន់ធ្ងរ។

លោក Elon Musk​ ថ្លែង​ថា ការ​បែង​ចែក​ពេល​វេលា​របស់​លោក​ទៅ​លើ​ទីភ្នាក់ងារ​ប្រសិទ្ធភាព​រដ្ឋាភិបាល (DOGE) ​នឹង​ត្រូវ​កាត់​បន្ថយ​ ចាប់​ពី​ខែ​ឧសភា​ ត​ទៅ។ លោក​នឹង​ចំណាយ​ពេល​ត្រឹម​តែ ១ ទៅ ២ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​លើ​កិច្ចការ​រដ្ឋាភិបាល។

ការ​ធ្លាក់​ចុះ​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ថ្មីៗ​នេះ កើត​ឡើង​​ចំ​ពេល​មាន​ការ​តវ៉ា​ជុំវិញ​តួនាទី​របស់​លោក Musk នៅ​ក្នុង​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​ ដូណាល់ ត្រាំ ហើយ​លោក Musk ​ខ្លួន​ឯង​ក៏​បាន​ទទួល​ស្គាល់​ថា តួនាទី​របស់​លោក​បាន​ធ្វើ​ឱ្យ​លោក​មាន​ពេល​វេលា​តិច​តួច​សម្រាប់​ផ្ដោត​ទៅ​លើ​​ទៅ​លើ​ក្រុមហ៊ុន។

លោក Musk បាន​បរិច្ចាគ​ជាង ២៥០ លាន​ដុល្លារ​ដល់​យុទ្ធនាការ​បោះឆ្នោត​របស់​លោក ត្រាំ។ លោក​ក៏​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​គំនិត​ផ្តួច​ផ្តើម​របស់​លោក ត្រាំ ក្នុង​ការ​បង្កើត​​ទីភ្នាក់ងារ​ប្រសិទ្ធភាព​រដ្ឋាភិបាល (DOGE) ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​សហព័ន្ធ និង​កាត់​បន្ថយ​កម្លាំង​ពលកម្ម​នៅ​ក្នុង​រដ្ឋាភិបាល​អាមេរិក។​

វត្តមាន​របស់​លោក​នៅ​ក្នុង​ផ្នែក​នយោបាយ​បាន​បង្ក​ឱ្យ​មាន​ការ​តវ៉ា និង​ការ​ធ្វើ​ពហិការ​លើ​ផលិតផល​រថយន្ត​ Tesla ​នៅ​ជុំវិញ​ពិភព​លោក៕ ប្រភព៖ BBC