នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ប៉ាគីស្ថានបានបញ្ចេញសេចក្ដីព្រមានយ៉ាងតឹងរឹងថា ភាពតានតឹងដែលកើតឡើងដោយសារជម្លោះនយោបាយនៅតំបន់ Kashmir អាចនាំឲ្យមានសង្គ្រាមជាមួយឥណ្ឌាកើតឡើង។

ការព្រមាននេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Asif ដែលបានបញ្ជាក់ថា ប៉ាគីស្ថាននឹងឆ្លើយតបប្រកបដោយភាពស្មើគ្នា ប្រសិនបើឥណ្ឌាចាប់ផ្តើមប្រើប្រាស់អំពើហិង្សា ប៉ុន្តែ​លោក​ក៏​បាន​និយាយ​ដែរ​ថា លោក​សង្ឃឹម​ថា​ជម្លោះ​នេះ​អាច​ត្រូវ​បាន​ដោះស្រាយ​តាម​រយៈ​ការ​ចរចា។

ភាពតានតឹងរវាងប្រទេសទាំងពីរនេះកើតឡើងបន្ទាប់ពីមានការវាយប្រហារភេរវកម្មមួយដែលបានកើតឡើងនៅក្នុងតំបន់ទេសចរណ៍ដ៏ល្បីគឺតំបន់ Pahalgam នៃស្រុក Anantnag ភាគខាងត្បូងនៃតំបន់ Kashmir កាលពីថ្ងៃអង្គារ​ ទី២២ ខែមេសានេះ ដែលបានសម្លាប់មនុស្សអស់ជាច្រើនអ្នក។

បន្ទាប់ពីមានការវាយប្រហារនេះកើតឡើង ប្រទេសឥណ្ឌាបានចោទប្រកាន់ ប្រទេសប៉ាគីស្ថានចំពោះហេតុការណ៍មួយនេះ ហើយបានផ្អាកទិដ្ឋាការសម្រាប់ជនជាតិប៉ាគីស្ថាន កាត់ផ្តាច់ទំនាក់ទំនងការទូត បិទច្រកព្រំដែន និងផ្អាកកិច្ចព្រមព្រៀងចែករំលែកទឹកដ៏សំខាន់មួយ។

ប៉ុន្តែ​លោក Asif បាន​បដិសេធលើ​ការ​ចោទប្រកាន់នេះដោយបានលើកឡើងថា ប្រទេស​ឥណ្ឌា​បានរៀបចំការ​បាញ់​ប្រហារក្លែងក្លាយមួយ ហើយចោទទៅលើប្រទេសប៉ាគីស្ថាន ក្នុងនោះដែរលោក​បាន​ព្រមានថា៖ «ប្រសិនបើ​មាន​ការ​វាយ​ប្រហារ​ណាមួយកើតឡើង ច្បាស់​ណាស់​នឹង​មាន​សង្គ្រាម យោធា​របស់​យើង​​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ភាព​តានតឹងដែលកើតឡើងកាន់តែខ្លាំង»។

ជាការឆ្លើយតប ប៉ាគីស្ថានបានលុបចោលទិដ្ឋាការសម្រាប់ជនជាតិឥណ្ឌា បិទដែនអាកាសសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលគ្រប់គ្រងដោយជនជាតិឥណ្ឌាទាំងអស់ និងបានផ្អាករាល់ការធ្វើពាណិជ្ជកម្មជាមួយឥណ្ឌា រួមទាំងការនាំចូល និងនាំចេញ។

ប្រទេសទាំងពីរ ជាប្រទេសមានអាវុធនុយក្លេអ៊ែរ ដែលធ្លាប់មានជម្លោះជាច្រើនលើកនៅតំបន់នេះ ដូច្នេះការកើនឡើងនៃភាពតានតឹងបែបនេះបានធ្វើឲ្យសហគមន៍អន្តរជាតិបារម្ភយ៉ាងខ្លាំង។

អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិបានអំពាវនាវឲ្យប្រទេសទាំងពីរបញ្ឈប់ការប្រឆាំង និងចូលរួមក្នុងកិច្ចពិភាក្សាសន្តិភាព ដើម្បីចៀសវាងពីការបណ្តាលឲ្យមានសង្គ្រាមដ៏ធំមួយដែលអាចមានផលប៉ះពាល់ធំលើតំបន់ និងពិភពលោកទាំងមូល។

គួរឲ្យ​ដឹងផងដែរថា តំបន់ Kashmir គឺជាតំបន់ដែលមានជម្លោះ និងមានប្រវត្តិសាស្រ្តសង្រ្គាមវឹកវរជាយូរឆ្នាំមកហើយ ដោយតំបន់​នេះ​ត្រូវបានបែងចែកជាពីរក្រោយការប្រកាសឯករាជ្យរបស់ឥណ្ឌាពីចក្រភពអង់គ្លេស និងការបង្កើតប្រទេសប៉ាគីស្ថាន នៅឆ្នាំ១៩៤៧។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសទាំងពីរនេះ សុទ្ធតែទាមទារ​ការ​គ្រប់គ្រងតំបន់នោះទាំងមូលផ្តាច់មុខ ហើយក៏ធ្លាប់ប្រយុទ្ធគ្នាក្នុងសង្គ្រាមធំៗជាច្រើនលើករួចមកហើយដែរ៕

ប្រភព៖ https://news.sky.com/story/pakistan-warns-kashmir-row-could-lead-to-all-out-war-with-india-13355033