
កងទ័ពជើងទឹកសហរដ្ធអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា យន្តហោះចម្បាំង F/A-18 Super Hornet របស់កងទ័ពជើងទឹកអាមេរិកបានបាត់នៅក្នុងសមុទ្រ បន្ទាប់ពីវាបានធ្លាក់ពីលើនាវាផ្ទុកយន្តហោះ USS Harry S. Truman ខណៈពេលដែលយន្តហោះនេះកំពុងត្រូវបានសណ្តោងនៅលើនោះ។
មន្ត្រីអាមេរិកម្នាក់បាននិយាយថា របាយការណ៍ដំបូងពីកន្លែងកើតហេតុ បានបង្ហាញថា នាវាផ្ទុកយន្តហោះ Truman បានធ្វើការផ្លាស់ប្តូរទីតាំងយ៉ាងលឿនដើម្បីគេចចេញពីការបាញ់ប្រហារមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ក្រុម Houthis ដែលរួមចំណែកធ្វើឱ្យយន្តហោះចម្បាំងនេះធ្លាក់ពីលើនាវាផ្ទុកយន្តហោះ។
ក្រុមឧទ្ទាម Houthis បានអះអាងកាលពីថ្ងៃចន្ទថា ពួកគេបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលទៅលើនាវាផ្ទុកយន្តហោះដែលស្ថិតនៅក្នុងសមុទ្រក្រហម ដែលជាផ្នែកនៃប្រតិបត្តិការដ៏សំខាន់របស់យោធាសហរដ្ឋអាមេរិកប្រឆាំងនឹងពួកគេ។
សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកអាមេរិកអះអាងថា៖ «អំឡុងពេលកើតហេតុ យន្តហោះ F/A-18E ត្រូវបានទាញសណ្តោងចេញពីឃ្លាំងផ្ទុកយន្តហោះដើម្បីត្រួតពិនិត្យ តែក៏បាត់បង់ការគ្រប់គ្រងដែលបណ្តាលឲ្យយន្តហោះ និងត្រាក់ទ័អូសសណ្តោងយន្តហោះធ្លាក់ចូលសមុទ្រតែម្តង»។
មន្ត្រីអាមេរិកទីពីររូបបានប្រាប់បណ្តាញសារព័ត៌មានថា យន្តហោះបានលិចបាត់ភ្លាមៗចូលទៅក្នុងសមុទ្រ។ ការស៊ើបអង្កេតកំពុងបន្ត ដើម្បីកំណត់មូលហេតុពិតប្រាកដនៃហេតុការណ៍នេះ។ ហេតុការណ៏នេះដែរបានបណ្តាលអោយនាវិកម្នាក់បានរងរបួសស្រាល។
យោងតាមកងទ័ពជើងទឹកបានឱ្យដឹងថា យន្តហោះចម្បាំង F/A-18 មួយគ្រឿងមានតម្លៃជាង ៦០ លានដុល្លារ។ កងទ័ពជើងទឹកបានសង្កត់ធ្ងន់កាលពីថ្ងៃចន្ទថា ក្រុមប្រតិបត្តិការវាយប្រហារ និងកងអាកាសរបស់ខ្លួននៅតែមានសមត្ថភាពពេញលេញក្នុងបេសកកម្មប្រឆាំងនឹងក្រុម Houthis។
គួរឲ្យដឹងផងដែរថា នាវាផ្ទុកយន្តហោះ Truman ត្រូវបានយកជាគោលដៅនៃការវាយប្រហារម្តងហើយម្តងទៀតនៅក្នុងដោយក្រុម Houthis ដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន៕