ប្រទេសចិន​បាន​ចាត់ទុក​ថា​ជាការ «គំរាមកំហែង» ពី​ប្រធានាធិបតី​អាមេរិកលោក ដូណាល់​​ ត្រាំ​ ក្នុង​ការ​បន្ថែម​ពន្ធ​ ៥០% ​លើ​ទំនិញ​របស់​ខ្លួន បន្ទាប់​ពី​លោក​ ត្រាំ បាន​ទាមទារ​ឲ្យ​​ទីក្រុង​ប៉េកាំង​ដក​ផែនការ​របស់​ខ្លួន​សម្រាប់​ការ​ប្រឆាំង​ពន្ធ​របស់​អាមេរិក​។​

ប្រសិនបើភាគីទាំងសងខាងមិនអើពើរ ហើយលោក ត្រាំ​ ប្រកាន់ខ្ជាប់នូវផែនការរបស់គាត់ នោះពន្ធថ្មីសរុបអាចកើនឡើងដល់ ១០៤% នៅឆ្នាំនេះ​លើទំនិញរបស់ចិនដែលនាំចូលទៅកាន់សហរដ្ឋអាមេរិក។

ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «ការគំរាមកំហែងរបស់ភាគីអាមេរិកក្នុងការបង្កើនពន្ធប្រឆាំងនឹងប្រទេសចិនគឺជា កំហុសមួយនៅលើ​កំហុស​ ដែលបានបង្ហាញឱ្យឃើញពីការគំរាមកំហែងនិងការបំផ្លិចបំផ្លាញរបស់ភាគីអាមេរិក»។

ក្រសួង​ពាណិជ្ជកម្មចិនបន្ត​ថា៖ «ប្រទេសចិននឹងតស៊ូដល់ទីបញ្ចប់។ ប្រសិនបើសហរដ្ឋអាមេរិកបង្កើនវិធានការពន្ធរបស់ខ្លួន នោះប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួនដូចគ្នា»។

លោក ត្រាំ​ បាននិយាយថា លោកនឹងដាក់ពន្ធបន្ថែម ៥០% លើការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំងមិនដកពន្ធ ៣៤% ដែលបានដាក់លើផលិតផលអាមេរិកកាលពីសប្តាហ៍មុន នៅត្រឹម​ថ្ងៃពុធនេះ។

លោក Xu Tianchen សេដ្ឋវិទូជាន់ខ្ពស់នៅ Economist Intelligence Unit បាននិយាយថា៖ «ចាប់តាំងពីប្រទេសចិនប្រឈមមុខនឹងអត្រាពន្ធលើសពី ៦០% រួចមក វាលែងជាបញ្ហាហើយថាតើវាកើនឡើង ៥០% ឬ ៥០០% នោះ»។

លោកបានបន្ថែមថា «អ្វីដែលចិនអាចធ្វើបានគឺបញ្ឈប់ការទិញកសិកម្មរបស់សហរដ្ឋអាមេរិក ផ្គូផ្គងពន្ធរបស់សហរដ្ឋអាមេរិក និងពង្រីកការត្រួតពិនិត្យការនាំចេញរបស់ខ្លួនតាមតារាងកាលកំណត់»៕