ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានចោទប្រកាន់កងទ័ពរុស្ស៊ី កាលពីថ្ងៃអាទិត្យ ទី ១៣ ខែវិច្ឆិកាថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងសម្លាប់ជនស៊ីវិល នៅទីក្រុងឃើរសុន ដែលអ៊ុយក្រែនទើបដណ្ដើមបានផ្នែកខ្លះៗមកវិញ ក្រោយកងទ័ពរុស្ស៊ីដកចេញ។
លោក ហ្សេឡេនស្គី ថ្លែងថា៖ «អ្នកស៊ើបអង្កេតបានចងក្រងឯកសារឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ីជាង ៤០០ ករណីរួចហើយ។ សាកសពជនស៊ីវិល និងទាហាន ដែលស្លាប់ត្រូវបានគេរកឃើញ»។ លោកបន្តថា៖ «កងទ័ពរុស្ស៊ី បន្សល់ទុកនូវអំពើព្រៃផ្សៃដូចគ្នា ដែលពួកគេ បានធ្វើនៅតំបន់ផ្សេងទៀតនៃប្រទេស(អ៊ុយក្រែន) ដែលពួកគេលុកលុយ»។
នេះមិនមែនជាលើកទី១ ទេ ដែលអ៊ុយក្រែនចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាម។ កាលពីរុស្ស៊ីដកទ័ពចេញពីតំបន់កៀវ នៅចុងខែមីនា អ៊ុយក្រែន បានរកឃើញសាកសពជនស៊ីវិលជាង ៤៥០ នាក់ ដែលត្រូវបានសម្លាប់ ដោយការបាញ់ចោល និងទារុណកម្មពីកងទ័ពរុស្ស៊ី ហើយកាលពីខែកញ្ញា អ៊ុយក្រែន ក៏បានរកឃើញរណ្ដៅកប់សពជនស៊ីវិលជាង ៤០០ នាក់ នៅក្រុងអុីហ្សយូម បន្ទាប់ពីរុស្ស៊ីដកទ័ពចេញពីតំបន់ខាកៀវ។
មេដឹកនាំអ៊ុយក្រែនម្ដងហើយម្ដងទៀត បានចោទប្រកាន់កងទ័ពរុស្ស៊ីថា កងទ័ពរុស្ស៊ីទៅដល់ណា នឹងបន្សល់ទុកសាកសពនៅទីនោះ។ តែយ៉ាងណាក្ដី កន្លងមក រុស្ស៊ីតែងតែទទូចថា ទាហានរបស់ខ្លួនគ្មានចេតនាកំណត់គោលដៅលើជនស៊ីវិលនោះទេ ហើយថា ការរកឃើញរបស់អ៊ុយក្រែន គឺជាឆាកល្ខោន បើទោះបីជាអង្គការសិទ្ធិមនុស្សជាច្រើន រួមទាំងអង្គការសហប្រជាជាតិផងដែរ បានកត់ត្រាករណីដ៏ឃោរឃៅ ដែលកងទ័ពរុស្ស៊ីបន្សល់ទុកក៏ដោយ។
សង្គ្រាមឈ្លានពាន ដែលចាប់ផ្ដើមនៅចុងខែកុម្ភៈរបស់រុស្ស៊ី មិនត្រឹមតែបន្សល់សាកសពប៉ុណ្ណោះទេ តែវាក៏បន្សល់ផងដែរនូវការខូចខាតយ៉ាងដំណំលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ស៊ីវិលផ្សេងៗរបស់អ៊ុយក្រែន។ ក្រុមមន្ត្រីក្នុងតំបន់ បានអះអាងថា ក្រុមហ៊ុនផ្ដល់សេវាកម្មលើឧបករណ៍ប្រើប្រាស់នៅតំបន់ឃើរសុន កំពុងស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលរងការខូចខាត និងត្រូវបានកងទ័ពរុស្ស៊ីដាក់មីន ខណៈផ្នែកជាច្រើននៃទីក្រុងគ្មានទឹក និងភ្លើងប្រើប្រាស់។
លោក ហ្សេឡេនស្គី ក៏បានព្រមានប្រជាជន នៅក្រុងឃើរសុនផងដែរពីគ្រាប់មីនរបស់រុស្ស៊ីថា៖ «ខ្ញុំសុំឱ្យអ្នកកុំភ្លេចថា ស្ថានភាពនៅក្នុងតំបន់ឃើរសុន នៅតែមានគ្រោះថ្នាក់ខ្លាំង»។
កងទ័ពអ៊ុយក្រែន បានចូលដល់កណ្តាលទីក្រុងឃើរសុន កាលពីថ្ងៃសុក្រ ក្រោយរុស្ស៊ីបោះបង់ចោលក្រុងនេះ ដោយនិយាយថា កងទ័ពខ្លួនប្រឈមនឹងហានិភ័យនៃការវាយប្រហារពីកងទ័ពអ៊ុយក្រែន៕


