ទីភ្នាក់ងារប្រឆាំងគ្រឿងញៀន UN បាននិយាយកាលពីថ្ងៃអង្គារថា ការដាំដើមអាភៀននៅអាហ្វហ្គានីស្ថានឆ្នាំនេះ កើនឡើង ១ ភាគ ៣ នៅក្នុងរបាយការណ៍ដំបូងរបស់ខ្លួនស្តីពីបញ្ហានេះ ចាប់តាំងពីក្រុមតាលីបង៉រឹងរូស បានត្រឡប់មកកាន់អំណាចវិញនៅក្នុងឆ្នាំ ២០២១។
ប្រទេសនេះ គឺអ្នកផលិតអាភៀនធំបំផុតរបស់ពិភពលោក ជាប្រភពនៃរុក្ខជាតិដែលត្រូវបានចម្រាញ់ជាហេរូអ៊ីន ហើយកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ផលិតកម្ម និងការនាំចេញ បានកើនឡើង។
ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មអង្គការសហប្រជាជាតិ (UNODC) បាននិយាយថា តម្លៃបានកើនឡើង ក្រោយពីក្រុមតាលីបង់ចេញបម្រាមទៅលើការដាំដើមអាភៀន នៅក្នុងខែមេសា។
UNODC បានឱ្យដឹងទៀតថា ការប្រមូលផលឆ្នាំនេះ បានច្រើន លើសពីចំនួនរំពឹងទុក។
ទីភ្នាក់ងារប្រឆាំងគ្រឿងញៀន UN បាននិយាយថា ការដាំដើមអាភៀននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើង៣២ភាគរយរហូតដល់ ២៣៣ ០០០ ហិកតា លើសពីឆ្នាំមុន ដោយធ្វើឱ្យដំណាំឆ្នាំ ២០២២ ក្លាយជាផ្ទៃដីដាំដុះធំទី៣ ចាប់តាំងពីការត្រួតពិនិត្យ បានចាប់ផ្តើមក្នុងឆ្នាំ ១៩៩៤។
ឆ្នាំដែលមានផ្ទៃដីដាំដុះច្រើនជាងគេ គឺឆ្នាំ ២០១៨ និង ២០១៩។
ដំណាំអាភៀនឆ្នាំ ២០២២ ក៏បានទទួលផលកម្រៃច្រើនបំផុតដែរ ។ នេះបើតាម UNODC មានមូលដ្ឋាននៅទីក្រុងវីយែន។
របាយការណ៍នោះ បានឱ្យដឹងថា ប្រាក់ចំណូលរបស់កសិករបានមកពីការលក់អាភៀន កើនឡើង៣ដងពី ៤២៥ លានដុល្លារក្នុងឆ្នាំ ២០២១ ដល់ ១,៤ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២២។
ទីភ្នាក់ងារនេះ បាននិយាយថា កសិករអាហ្វហ្គានីស្ថាន នឹងសម្រេចចិត្តនៅដើមខែវិចិ្ឆកានេះថាតើនឹងដាំដើមអាភៀសសម្រាប់ឆ្នាំក្រោយ ឬយ៉ាងណា ហើយត្រូវដាំចំនួនប៉ុន្មាន? ទោះបីជាមានបម្រាមក្តី ដោយបានបន្ថែមថា ពួកគេ«ជាប់ក្នុងសេដ្ឋកិច្ចអាភៀនខុសច្បាប់»។
របាយការណ៍នោះ បានឱ្យដឹងថា៖«តម្លៃអាភៀនខ្ពស់នាពេលបច្ចុប្បន្ន ផ្តល់ការលើកទឹកចិត្តបន្ថែមទៀតដល់កសិករក្នុងការប្រថុយប្រថានដាំដើមអាភៀន ទោះបីជាមានបម្រាមពីអាជ្ញាធរក្តី»។
ទោះបីជាយ៉ាងក៏ដោយ ការប្រមូលផលធ្លាក់ចុះមកត្រឹម ៦ ២០០ តោន ឬ ១០ ភាគរយតិចជាងក្នុងឆ្នាំ ២០២១ ក្រោយពីគ្រោះរាំងស្ងួតនៅដើមឆ្នាំ បានធ្វើឱ្យទិន្នផលអាភៀនធ្លាក់ចុះ។
ប្រទេសអាហ្វហ្គានីស្ថាន សឹងតែផ្តាច់មុខទៅលើអាភៀន និងហេរូអ៊ីន ដោយតំណាងឱ្យ ៨០%ទៅ ៩០% នៃទិន្នផលអាភៀនសកល។ នេះបើយោងតាមការឱ្យដឹងពី UN។
ក្រុមតាលីបង់ ធ្លាប់បានហាមផលិតកម្មអាភៀនក្នុងឆ្នាំ ២០០០ មុននឹងក្រុមនេះ ត្រូវបានផ្តួលរំលំដោយកងកម្លាំង ដឹកនាំអាមេរិក ក្រោយការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
កងកម្លាំងអាមេរិក និងណាតូ បានព្យាយាមទប់ស្កាត់ការដាំដើមអាភៀន ក្នុងអំឡុង ២ ទសវត្សរ៍របស់ពួកគេក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយផ្តល់លុយឱ្យកសិករដាំដំណាំផ្សេងដូចជាស្រូវសាលី ឬល្មៀត។
ប៉ុន្តែយោងតាមក្រុមអ្នកជំនាញ កិច្ចប្រឹងប្រែងរបស់ពួកគេ ត្រូវបរាជ័យដោយក្រុមតាលីបង់ដែលគ្រប់គ្រងតំបន់ដាំអាភៀនធំៗ និងបានទទួលប្រាក់រាប់រយលានដុល្លារពីជំនួញនេះ៕


