មន្ត្រីក្នុងតំបន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារបានកំណត់គោលដៅលើតំបន់ Kharkiv ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន និងតំបន់ Odesa ភាគខាងត្បូង។
អស់ជាច្រើនខែមកហើយ រុស្ស៊ីបានវាយប្រហារទៅលើកន្លែងសំខាន់ៗក្នុងប្រទេសអ៊ុយក្រែន ដោយមីស៊ីល និងយន្ត ហោះដ្រូនរំខានការផ្គត់ផ្គង់ទឹក កម្តៅ និងអគ្គិសនីសម្រាប់មនុស្សរាប់លាននាក់។
អភិបាលទីក្រុង Kharkiv លោក Oleg Synegubov បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«សត្រូវបានធ្វើការវាយប្រហារប្រហែល ១៥លើកទៅលើទីក្រុង និងតំបន់។ ជាថ្មីម្តងទៀត អ្នកកាន់កាប់ បានកំណត់ គោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ»។
លោកបានបន្តថា៖«យោងតាមព័ត៌មានបឋម អគារលំនៅឋានឯកជនមួយនៅក្នុងតំបន់ Kharkiv ត្រូវរងការវាយប្រហារ។
លោក Synegubov បានបន្ថែមថា ព័ត៌មានអំពីជនរងគ្រោះ និងទំហំនៃការខូចខាតកំពុងត្រូវបាន«បញ្ជាក់»។
នៅក្នុងទីក្រុងសំខាន់នៃតំបន់ Kharkiv អភិបាលក្រុង Igor Terekhov បាននិយាយថា៖ «ហេដ្ឋារចនាសម្ព័ន្ធថាមពល» ត្រូវបានគេយកជាគោលដៅហើយមាន «បញ្ហា» ជាមួយអគ្គិសនីនៅក្នុងផ្នែកខ្លះនៃទីក្រុងនេះ។
នៅក្នុងតំបន់ Odesa អភិបាលក្រុងលោក Maksym Marchneko បាននិយាយថា មីស៊ីលបាន វាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៃតំបន់នេះ ក៏ដូចជាអគារលំនៅឋានដែលរងការខូចខាត បន្ទាប់ពី «ការវាយប្រហារមីស៊ីលដ៏ធំ»។
លោក បានបន្តថា៖ «ជាសំណាងល្អ មិនមានអ្នករងរបួសនោះទេ» ដោយបន្ថែមថា «ការរឹតបន្តឹងការផ្គត់ផ្គង់ថាមពល» គឺនៅជាធរមាន។
ប្រព័ន្ធការពារអាកាសត្រូវបានធ្វើឱ្យសកម្មនៅក្នុងតំបន់ Kyiv។ នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលយោធាក្នុងតំបន់។
អភិបាលនៃតំបន់ Khmelnytskyi ភាគខាងលិច លោក Segiy Gamaliy បានជំរុញអ្នកស្រុកឱ្យ «បន្តនៅក្នុងជម្រក» ដោយនិយាយថា សត្រូវកំពុងវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេស»៕


