ប្រទេសកាហ្សាក់ស្ថាន ដែលទើបធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពង្រីកអាណត្តិប្រធានាធិបតីពី ៥ ឆ្នាំ ទៅ ៧ ឆ្នាំ ក្នុង ១ អាណត្តិ និងការកែឈ្មោះរដ្ឋធានីដោយលុបឈ្មោះអតីតប្រធានាធិតិបតី បានងាកទៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសតួកគី ដែលកំពុងកើនឥទ្ធិពលក្នុងតំបន់បន្ទាប់ពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលបង្កឡើងដោយប្រទេសរុស្ស៊ី។
ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev បានទទួលស្វាគមន៍ លោក Recep Tayyip Erdogan សម្រាប់ការបើកកិច្ចពិភាក្សាមួយទល់នឹងមួយ និងកិច្ចប្រជុំអន្តរគណៈប្រតិភូ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានតួកគី Anadolu។
ប្រធានាធិបតីក៏បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សាសហប្រតិបត្តិការយុទ្ធសាស្ត្រកម្រិតខ្ពស់ តួកគី-កាហ្សាក់ស្ថាន ដើម្បីបង្កើនទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច វប្បធម៌និងការពារជាតិ។
នៅមុនកិច្ចប្រជុំជាន់ខ្ពស់ លោក Erdogan បាននិយាយថា ការអភិវឌ្ឍក្នុងតំបន់ និងសកលលោក ទាមទារឱ្យពិភពតួកគី រក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងពង្រឹងសាមគ្គីភាព។
លោក Erdogan បានបន្ថែមថា៖ «ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសន្តិសុខស្ថិរភាព បូរណភាពទឹកដី និងភាពរុងរឿងរបស់ប្រទេសកាហ្សាក់ស្ថាន»។
លោក Erdogan ក៏បាននិយាយផងដែរថាតួកគី និង កាហ្សាក់ស្ថាន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៦ ដើម្បីបង្កើនទំនាក់ទំនង។
តួកគី គឺជាប្រទេសដំបូងគេដែលទទួលស្គាល់ឯករាជ្យរបស់កាហ្សាក់ស្ថានក្នុងឆ្នាំ ១៩៩២ គឺមាន ១ ឆ្នាំ ក្រោយពេលដែលសូវៀតដួលរលំ ដោយបណ្តាលឱ្យប្រទេសនៅអាស៊ីកណ្តាលជាច្រើនប្រកាសឯករាជ្យ រួមទាំង កាហ្សាក់ស្ថានផងដែរ៕


