របាយការណ៍ពីអង្គការក្រុមប្រឹក្សាពិសេសសម្រាប់មីយ៉ាន់ម៉ា (SACM) ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បានរកឃើញថា ក្រុមហ៊ុនមកពីប្រទេសយ៉ាងហោចណាស់ចំនួន ១៣ បានជួយយោធាមីយ៉ាន់ម៉ា បង្កើនសមត្ថភាពផលិតអាវុធ ដែលប្រើប្រាស់ ដើម្បីប្រព្រឹត្តអំពើឃោរឃៅក្នុងប្រទេស។
របាយការណ៍ចុងក្រោយនេះ បានរៀបរាប់លម្អិតអំពីរបៀបដែលមីយ៉ាន់ម៉ា បានបង្កើនការផលិតអាវុធចាប់តាំងពីកក្រុមយោធាបានធ្វើរដ្ឋប្រហារដណ្តើម អំណាចនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយបានបញ្ឆេះចលនាប្រឆាំងសាធារណៈដ៏ធំ។
របាយការណ៍អះអាងថា ក្រុមហ៊ុននៅសហរដ្ឋអាមេរិក អឺរ៉ុប អាស៊ី និងមជ្ឈិមបូព៌ា កំពុងគាំទ្រដល់ខ្សែចង្វាក់ផ្គត់ផ្គង់យោធាមីយ៉ាន់ម៉ាហើយជំរុញឱ្យក្រុមហ៊ុនទាំងនោះធានាថា ពួកគេមិនសម្របសម្រួលការរំលោភសិទ្ធិមនុស្សនោះទេ។
ការរីកចម្រើននៃឧស្សាហកម្មអាវុធក្នុងស្រុកកើតឡើងស្របពេលដែលប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិក បានអនុវត្តការហាមឃាត់អាវុធ ឬដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងការជួញដូរ ឬផលិតអាវុធផ្គត់ផ្គង់ឱ្យក្រុមយោធា។
របាយការណ៍ចុងក្រោយនិយាយថា មីយ៉ាន់ម៉ា មិនមានក្រុមហ៊ុនផលិតអាវុធឯកជនទេ ដូច្នេះក្រុមហ៊ុនផលិតអាវុធស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ និងនាយកឧស្សាហកម្មការពារជាតិ។ យ៉ាងណាមិញ រោងចក្រក្នុងស្រុកនៅតែអាចទាញយកបច្ចេកវិទ្យាដែលមានអាជ្ញាប័ណ្ណ និងខ្សែចង្វាក់ផ្គត់ផ្គង់ក្រៅប្រទេស ការគាំទ្រផ្នែកបច្ចេកទេស និងការគាំទ្រផ្សេងទៀត ដែលជួនកាលតាមរយៈការបញ្ជូនឧបករណ៍ (យោធា) ទៅសិង្ហបុរី និងតៃវ៉ាន់ ដើម្បីជួសជុល ឬថែទាំ។
ក្នុងសេចក្តីថ្លែងការណ៍ទន្ទឹមនឹងការចេញផ្សាយរបាយការណ៍ អ្នកជំនាញ SAC-M លោក Chris Sidoti បានជំរុញឱ្យរដ្ឋាភិបាលផ្សេងៗស៊ើបអង្កេត និងនៅពេលដែលមានភាពយុត្តិធម៌ ចាប់ផ្តើមសកម្មភាពប្រឆាំងនឹងក្រុមហ៊ុនដែលអាចឱ្យយោធាមីយ៉ាន់ម៉ាផលិតអាវុធដែលប្រើក្នុង «ការវាយប្រហារដោយមិនរើសមុខលើជនស៊ីវិល»។
លោក Sidoti ដែលជាមេធាវីសិទ្ធិមនុស្ស និងជាសមាជិកនៃបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិលើបញ្ហានៅមីយ៉ាន់ម៉ា ចន្លោះឆ្នាំ ២០១៧-២០១៩បានបន្តថា៖ «ក្រុមហ៊ុនបរទេសដែលចំណេញពីការឈឺចាប់របស់ប្រជាជនមីយ៉ាន់ម៉ា ត្រូវតែទទួលខុសត្រូវ»។
គួរគូសបញ្ជាក់ផងដែរថា របាយការណ៍មួយរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលចេញផ្សាយកាលពីឆ្នាំមុន បានគូសបញ្ជាក់អំពីក្រុមហ៊ុនមួយចំនួនដែលមានទំនាក់ទំនងជាមួយនឹងការផ្គត់ផ្គង់អាវុធឱ្យក្រុមយោធាមីយ៉ាន់ម៉ា រួមមានទាំងក្រុមហ៊ុនរុស្ស៊ី ចិន អ៊ុយក្រែន អ៊ីស្រាអែល សិង្ហបុរី និងហ្វីលីពីន។
របាយការណ៍ចុងក្រោយនិយាយថា កត្តាសំខាន់ដែលជំរុញឱ្យមានការកើនឡើងនៅក្នុងឧស្សាហកម្មផលិតអាវុធក្នុងស្រុក គឺហានិភ័យនៃការដាក់ទណ្ឌកម្ម ឬការរឹតត្បិតលើការនាំចូលអាវុធ យន្តហោះយោធា និងអាវុធផ្សេងទៀត ដែលធ្វើឱ្យយោធាបច្ចុប្បន្ននេះ ពឹងផ្អែកលើខ្លួនឯងក្នុងការផលិតអាវុធធុនតូច និងស្រាល។
របាយការណ៍ដដែលបន្ថែមថា សមត្ថភាពផលិតអាវុធរបស់មីយ៉ាន់ម៉ា រួមមានរបស់របរជាច្រើនប្រភេទ ចាប់តាំងពីកាំភ្លើងវាយប្រហារ និងកាំភ្លើងយន្ត រហូតដល់កាំភ្លើងត្បាល់ អាវុធប្រឆាំងរថក្រោះ និងយន្តហោះចម្បាំងមីស៊ីល និងប្រព័ន្ធបាញ់មីស៊ីល កាំភ្លើងធំនិងប្រព័ន្ធការពារអាកាស។ គ្រាប់មីន និងមីនសម្រាប់កងទ័ពជើងទឹក ក៏ស្ថិតក្នុងចំណោមអាវុធផ្សេងទៀតដែលផលិតក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ហើយអាវុធប្រភេទនេះក៏ត្រូវបានដាក់បង្ហាញក្នុងការតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខ ក្នុងទីក្រុងបាងកក ដែលដាក់បង្ហាញផលិតផលយោធាបែបនេះ។
ចំណែករោងចក្រផលិតអាវុធ ឈ្មោះ KaPaSa ដែលជាអក្សរកាត់នៃឈ្មោះក្នុងស្រុកសម្រាប់នាយកដ្ឋានឧស្សាហកម្មការពារជាតិមីយ៉ាន់ម៉ា បានប្រើសមាសធាតុមួយចំនួននាំចូលពីឥណ្ឌា និងចិន និងឧបករណ៍ផ្សេងៗទៀតពីអូទ្រីស អាល្លឺម៉ង់ ជប៉ុន តៃវ៉ាន់ និងសហរដ្ឋអាមេរិក៕
វីដេអូ៖


