ប្រធានសភាជាន់ទាបអាមេរិក លោកស្រី Nancy Pelosi កាលពីថ្ងៃទី ១៨ ខែឧសភា កន្លងទៅ បានធ្វើការអំពាវនាវឱ្យប្រមុខរដ្ឋប្រទេសនានាជុំវិញពិភពលោកធ្វើ «ពហិការការទូត» ដោយមិនចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងានៅរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុងឆ្នាំ ២០២២ ខាងមុខនេះ។
ថ្លែងក្នុងវេទិកាដេញដោលតាមប្រព័ន្ធវីដេអូរបស់សភាជាន់ទាបអាមេរិក លោកស្រី Pelosi បានលើកឡើងថា «អ្វីដែលខ្ញុំស្នើស្រដៀងគ្នានឹងសំណើរបស់មនុស្សភាគច្រើនដែរនោះគឺ ពហិការការទូត។ […] យើងមិនបាច់ផ្ដល់កិត្តិយសឱ្យរដ្ឋាភិបាលចិនដោយមានវត្តមានប្រមុខរដ្ឋប្រទេសនានា ដើម្បីបង្ហាញពីការគាំទ្រដល់កីឡាករយើង [ដែលលេងនៅអូឡាំពិក]»។
លោកស្រីក៏បានលើកឡើងថា លោកស្រីជាអ្នកគាំទ្រកីឡា ១ រូប ហើយតែងតែតាមដាន និងលើកទឹកចិត្តកីឡាករផងដែរ ដូច្នេះហើយលោកស្រីមានបំណងលើកទឹកចិត្តដល់កីឡាករកាន់តែខ្លាំងបន្តទៀត ពេលដែលពួកគេត្រឡប់មកសហរដ្ឋអាមេរិកវិញ ក្រោយលេងអូឡាំពិកនៅចិនចប់។
យ៉ាងណាមិញសម្រាប់ថ្នាក់ដឹកនាំប្រទេស លោកស្រីបានបន្តថា «ប៉ុន្តែសម្រាប់ប្រមុខរដ្ឋ ដែលទៅប្រទេសចិន អំឡុងពេលដែលមានអំពើប្រល័យពូជសាសន៍កើតឡើង នោះគេនឹងចោទសួរអស់លោកគ្រប់គ្នាថា៖ «តើអស់លោកមានសិទ្ធិអំណាចផ្នែកសីលធម៌អ្វីទៀត នឹងនិយាយរឿងសិទ្ធិមនុស្ស បើអស់លោកសុខចិត្តផ្ដល់ការគោរពដល់រដ្ឋាភិបាលចិន ដែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍?»។
ស្ត្រីវ័យ ៨១ ឆ្នាំរូបនេះ បានបញ្ជាក់ម្ដងទៀតថា អូឡាំពិកនៅតែមានដដែល តែសំណូមពរឱ្យមេដឹកនាំពិភពលោកកុំទៅចូលរួមព្រឹត្តិការណ៍នោះ។
កាលពីឆ្នាំ ២០០៨ លោកស្រី Pelosi ដដែលក៏ធ្លាប់អំពាវនាវដល់លោកប្រធានាធិបតី George W. Bush មិនឱ្យចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅដែលធ្វើឡើងនៅទីក្រុងប៉េកាំង។ កាលនោះលោកស្រីបានតវ៉ាលើហេតុផលកំណត់ត្រាសិទ្ធិមនុស្សរបស់ចិន ដែលបានធ្វើការបង្ក្រាបលើរឿងទីបេ។ យ៉ាងណាក៏ដោយ លោក Bush នៅតែមានវត្តមាននៅឯរដ្ឋធានីប៉េកាំងនាពេលនោះ។
ការធ្វើពហិការការទូតដោយប្រមុខរដ្ឋ ឬតំណាងរដ្ឋាភិបាលមិនចូលរួមព្រឹត្តិការណ៍កីឡាធំៗក៏ធ្លាប់មានម្ដងដែរ កាលពីប៉ុន្មានឆ្នាំកន្លងទៅ។ កាលពីឆ្នាំ ២០១៨ មន្ត្រីរដ្ឋាភិបាលអង់គ្លេសក៏ដូចជាខ្សែរាជវង្សនៃប្រទេសនេះ បានធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ដែលធ្វើឡើងនៅប្រទេសរុស្ស៊ី។ នៅពេលនោះ អង់គ្លេសមានទំនាក់ទំនងការទូតរង្គោះរង្គើជាមួយរុស្ស៊ី ដោយអង់គ្លេសបានចោទរុស្ស៊ីថា ដាក់ថ្នាំបំពុលប៉ុនប៉ងសម្លាប់អតីតចារបុរសរុស្ស៊ីនៅលើទឹកដីអង់គ្លេស។
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកស្រី Pelosi លោកអនុទូត និងជាអ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក Liu Pengyu បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិកគ្មានសិទ្ធិអ្វីនោះទេ ក្នុងការរិះគន់រឿងសិទិ្ធមនុស្សនៅចិននោះ។
កន្លងមកមានអ្នកតាក់តែងច្បាប់អាមេរិកមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋក៏ដូចជាក្រុមសិទ្ធិមនុស្សនានា តែងតែទទូចឱ្យមានការធ្វើពហិការពេញទំហឹង ដោយមិនឱ្យអត្តពលិកអាមេរិកចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងាដែលនឹងធ្វើឡើងនៅប្រទេសចិន នាឆ្នាំ ២០២២ ខាងមុខនេះ។
ទោះបីជាមានការទទូចបែបនេះក្ដី ជំហររបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden នៅមិនទាន់ច្បាស់លាស់នៅឡើយ ជុំវិញរឿងធ្វើពហិការការទូត ឬការធ្វើពហិការអត្តពលិកនោះ។
លោកស្រី Jen Psaki អ្នកនាំពាក្យនៃសេតវិមានសហរដ្ឋអាមេរិកបានលើកឡើងកាលពីខែមេសាថា សហរដ្ឋអាមេរិកមិនទាន់ពិភាក្សាអំពីការធ្វើពហិការរួមគ្នាលើព្រឹត្តិការណ៍អូឡាំពិក ២០២២ ជាមួយសម្ព័ន្ធមិត្តអាមេរិកនៅឡើយទេ។
មុនចប់អាណត្តិរបស់ខ្លួនកាលពីខែមករា កន្លងទៅលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកជំនាន់លោកប្រធានាធិបតី Donald Trump បានហៅសកម្មភាពរបស់ចិនទៅលើជនជាតិអ៊ុយហ្គ័រនៅខេត្តស៊ីនជាំងថា ជា «អំពើប្រល័យពូជសាសន៍»។
ទាក់ទិននឹងរឿងនេះដែរ នាយិកាប្រតិបត្តិនៃគណៈកម្មការអូឡាំពិក និងប៉ារ៉ាអូឡាំពិកសហរដ្ឋអាមេរិក លោកស្រី Sarah Hirshland បានលើកឡើងក្នុងលិខិតកម្រាស់ ២ ទំព័រ ផ្ញើទៅកាន់សភាអាមេរិកថា ស្ថាប័នកីឡាមួយនេះក៏ព្រួយបារម្ភពីស្ថានភាពជនជាតិអ៊ុយហ្គ័រដែរ តែហាមឃាត់មិនឱ្យក្រុមកីឡាករអាមេរិកទៅលេងអូឡាំពិកមិនមែនជាចម្លើយដោះស្រាយបញ្ហាភូមិសាស្ត្រនយោបាយទេ។
លោកស្រីក៏បានលើកឡើងពីមេរៀន ដែលអាមេរិកធ្លាប់ធ្វើពហិការក្នុងព្រឹត្តិការណ៍អូឡាំពិកនៅសហភាពសូវៀតកាលពីឆ្នាំ ១៩៨០ ដោយតវ៉ាលើរឿងសូវៀតលើកទ័ពចូលទឹកដីអាហ្វហ្គានីស្ថាន ហើយជាលទ្ធផលសូវៀតនៅតែបន្តនៅដែនដីមជ្ឈិមបូព៌ានោះ រហូតដល់ឆ្នាំ ១៩៨៩៕
ហ៊ីម រដ្ឋា


