សារព័ត៌មាន THIAPBS ផ្សាយថា កសិករដាំដូងប្រេងនៅទូទាំងប្រទេសថៃ គ្រោងដាក់ញត្តិក្នុងពេលដំណាលគ្នាទៅកាន់អាជ្ញាធរក្នុងខេត្តនីមួយៗ ដើម្បីស្វែងរកជំនួយពីរដ្ឋាភិបាលថៃ ឱ្យអន្តរាគមន៍លើតម្លៃដូងប្រេងឆៅដែលបានធ្លាក់ចុះជាមកនៅក្នុងតម្លៃ ៤ បាត/គីឡូក្រាម។
កសិករដាំដូងប្រេង ត្អូញត្អែរថាតម្លៃគ្រាប់ដូងប្រេងឆៅបន្តធ្លាក់ថ្លៃពីតម្លៃ ១២ បាតក្នុងមួយគីឡូក្រាមដល់ ៤ បាតក្នុងមួយគីឡូក្រាមនាពេលបច្ចុប្បន្ន។ កសិករថៃក៏ត្អួញត្អែរពី តម្លៃជីគីមីបន្តឡើងថ្លៃពីមធ្យម ៦០០ បាត ក្នុង ១ បាវ។ គិតត្រឹមខែធ្នូនេះជីនៅថៃ ១បាវ ៥០ គីឡូក្រាមមានតម្លៃដល់ចន្លោះពី ១ ៥០០-១ ៨០០ បាត ហើយនិន្នាការនេះនៅតែបន្តកើនឡើង។
ចំពោះអ្នកចំការដែលពឹងលើរបរដាំដុះដើម្បីចិញ្ចឹមជីវិត ពួកគេអះអាងថា តម្លៃគ្រាប់ប្រេងដូងឆៅ គឺតែមានតម្លៃទាបបំផុត ៦បាតក្នុង១ គីឡូក្រាម។
អាជ្ញាធរថៃអះអាងថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនឆ្នាំនេះ បានជំរុញឱ្យតម្លៃជីគីមីកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែកង្វះការផ្គត់ផ្គង់ និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។
ទន្ទឹមនឹងនេះ សមាគម និងតំណាងកសិករអំពៅនៅថៃ ក៏គ្រោងនឹងជួបរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Suriya Juangroongruangkit ដើម្បីពិភាក្សាអំពីតម្លៃដំណាំអំពៅថ្មី ដែលគណៈកម្មាធិការស្ករ និងអំពៅមិនទាន់កំណត់នៅឡើយ៕


