របបយោធានិយាយថា ប៉ូលិសមីយ៉ាន់ម៉ាបានចាប់ខ្លួនជនសង្ស័យចំនួន ១២ នាក់នៃក្រុមជួញដូរមនុស្ស ដែលជាប់ពាក់ព័ន្ធនឹងករណីជនជាតិរ៉ូហ៊ីងយ៉ា ១៣ នាក់ ត្រូវបានគេសម្លាប់។
នៅថ្ងៃទី ២០ ខែធ្នូ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លើកឡើងថា ប៉ូលិសបានឆ្មក់ចូលទីតាំងមួយ ក្នុងទីប្រជុំជន Hlegu ក្បែរមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុង Yangon ដោយរឹបអូសបានរថយន្តចំនួន ៥គ្រឿង និងនាវាដឹកប្រេងមួយគ្រឿង។
ក្នុងប្រតិបត្តិការនោះ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យទាំង ១២នាក់ ដែលពួកគេកំពុងរៀបចំត្រៀមដឹកជញ្ជូនមនុស្ស ២៥៥នាក់ ដើម្បីចាកចេញពីប្រទេស។
ប៉ូលិសក៏បានរកឃើញជនជាតិរ៉ូហ៊ីងយ៉ាចំនួន ១៩នាក់ផ្សេងទៀត ក្នុងប្រតិបត្តិការលើកនេះដែរ ប៉ុន្តែប៉ូលិសបានចាប់ខ្លួនពួកគេក្រោមបទចោទថា ល្មើសនឹងបំរាម ដែលហាមឃាត់មិនឱ្យជនជាតិរ៉ូហ៊ីងយ៉ាចេញពីរដ្ឋរ៉ាក់ឃីន។ ក្រុមសិទ្ធិមនុស្សនិយាយថា ពួកគេប្រឈមនឹងការចាប់ខ្លួន និងកាត់ទោសពីបទប៉ុនប៉ងធ្វើដំណើរនៅក្រៅរដ្ឋរ៉ាក់ឃីន។
កាលពីថ្ងៃទី ៥ ខែធ្នូ ជនជាតិរ៉ូហ៊ីងយ៉ា ១៣នាក់ នោះត្រូវបានគេប្រទះឃើញស្លាប់ នៅលើដងផ្លូវក្បែរទីក្រុង Hlegu។
សេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀប ដែលពួកគេបានស្លាប់នោះទេ ប៉ុន្តែប្រភពពីជនជាតិរ៉ូហ៊ីងយ៉ា និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបាននិយាយថា អ្នកទាំង ១៣នាក់ កំពុងធ្វើដំណើរនៅខាងក្នុងកប៉ាល់ដឹកប្រេង។
ជនម៉ូស្លីមរ៉ូហ៊ីងយ៉ារាប់សែននាក់ បានភៀសខ្លួនចេញពីការបង្ក្រាប ដោយយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៧ ដោយបានទៅដល់ប្រទេសបង់ក្លាដែស ដែលមានព្រំប្រទល់ជាប់គ្នា។ ពួកគេប្រឈមនឹងរឿងរ៉ាវដ៏អាក្រក់ ដូចជាការសម្លាប់ ការរំលោភ ជាដើម។
ប្រទេសមីយ៉ាន់ម៉ា កំពុងប្រឈមនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ នៅតុលាការអន្តរជាតិ បន្ទាប់ពីមានការធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា រួមមានការសម្លាប់ និងការបណ្ដេញចេញជាដើម។
ជារៀងរាល់ឆ្នាំ មនុស្សជាច្រើននាក់ ព្យាយាមប្រថុយគ្រោះថ្នាក់រត់គេចចេញពីប្រទេសភូមា ដោយពួកគេតែងតែធ្វើដំណើរតាមទូកទៅកាន់ប្រទេសម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី៕


