មណ្ឌលថែទាំមនុស្សចាស់ជរារបស់ប្រទេសចិន កំពុងប្រយុទ្ធនឹងសមរភូមិដ៏កាចសាហាវមួយ ដើម្បីរក្សាសុវត្ថិភាព សម្រាប់មនុស្សចាស់ជរា នៅក្នុងមណ្ឌល ខណៈដែលរលកនៃការឆ្លងជំងឺកូវីដ ១៩ បានបោកបក់ពេញប្រទេស បន្ទាប់ពីការបន្ធូរបន្ថយគោលនយោបាយកូវីដសូន្យរបស់រដ្ឋាភិបាល។ មជ្ឈមណ្ឌលទាំងនេះ បានបិទទ្វារមណ្ឌល ដោយហាមអ្នកក្រៅចេញចូល និងឱ្យបុគ្គលិកខ្លួនឯងគេង ក្នុងមជ្ឈមណ្ឌល ស្របពេលជាមួយគ្នានោះមណ្ឌលទាំងនេះ ក៏កំពុងតែខិតខំស្វែងរកថ្នាំសង្កូវនានាដែរ។
គណៈកម្មការសុខភាពជាតិ បាននិយាយ កាលពីថ្ងៃអាទិត្យ ថ្ងៃទី ១៨ ខែធ្នូ ថា ប្រទេសចិនបានរកឃើញការឆ្លងជំងឺកូវីដ១៩ ដែលជាករណីមានរោគសញ្ញាថ្មី ២០៩៧ ករណី នៅ ១ ថ្ងៃមុននេះ។ ទោះជាយ៉ាងណាក៏ដោយ តួលេខផ្លូវការបានក្លាយទៅជាតួលេខ ដែលមិនសូវអាចជឿទុកចិត្តបាន ដោយសារពុំសូវមានការធ្វើតេស្តរកវីរុស នៅទូទាំងប្រទេស ហើយករណី ដែលគ្មានរោគសញ្ញា ក៏មិនត្រូវបានរាយការណ៍ទៀតដែរ។
អាជ្ញាធរបានព្រមានពីករណីកើនឡើងយ៉ាងឆាប់រហ័ស ហើយមន្ត្រីក្រសួងឧស្សាហកម្មលោក Zhou Jian បាននិយាយកាលពីថ្ងៃពុធថា ប្រទេសនេះកំពុង «ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញការផលិតឱសថសំខាន់ៗ»។
អ្នកជំនាញបារម្ភថា ប្រទេសនេះមិនមានឧបករណ៍គ្រប់គ្រាន់ ក្នុងការគ្រប់គ្រង «រលកឆ្លងថ្មី» ខណៈប្រទេសកំពុងបន្តបើកដំណើរការឡើងវិញ ដោយមនុស្សចាស់ ដែលងាយរងគ្រោះរាប់លាននាក់ នៅមិនទាន់បានចាក់វ៉ាក់សាំងពេញលេញនៅឡើយ។
ចំណែកឯមណ្ឌលថែទាំមនុស្សចាស់ឥឡូវនេះ កំពុងតែត្រូវបានទុកចោល ដោយត្រូវការពារខ្លួនឯង ខណៈសង្គមកំពុងតែបើកឡើងវិញ។ នេះជាការលើកឡើងរបស់អ្នកគ្រប់គ្រងមណ្ឌលចាស់ជរាមួយ នៅទីក្រុងប៉េកាំង។ អ្នកគ្រប់គ្រង ដែលសុំមិនបញ្ចេញឈ្មោះម្នាក់នេះ បាននិយាយថា៖ «យើងបិទទ្វារទាំងស្រុង»។
ពុំមាននរណាម្នាក់ ត្រូវបានអនុញ្ញាតឱ្យចេញ ឬចូលនោះទេ ហើយមានតែការផ្គត់ផ្គង់អាហារ និងសម្ភារបរិក្ខារ សម្រាប់ការថែទាំប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យយកចូល។ អ្នកគ្រប់គ្រងមណ្ឌលដដែល បានបញ្ជាក់ថា មណ្ឌលនេះ បញ្ជាទិញសម្ភារវេជ្ជសាស្ត្រ ក្នុងតម្លៃខ្ពស់ ប៉ុន្តែពួកគេក៏មិនទាន់បានទទួលនូវសម្ភារទាំងនោះដែរ បើទោះបីជាបញ្ជាទិញអស់ ១ សប្តាហ៍ទៅហើយ ហើយបណ្តាញដឹកជញ្ជូនក្នុងទីក្រុង ក៏ត្រូវបានវាយលុក ដោយសារតែមានការឆ្លងក្នុងចំណោមបុគ្គលិកដឹកជញ្ជូន។
គាត់ក៏បានព្រមានផងដែរថា ពួកគាត់អាចនឹងមិនអាចការពារវីរុស បានជារៀងរហូតនោះទេ។ គាត់ប្រាប់ថា៖ «ទាំងអ្នកនាំសំបុត្រ និងបុគ្គលិកដឹកជញ្ជូន ស្ទើរតែទាំងអស់សុទ្ធតែវិជ្ជមាន។ ទោះបីជាអ្នកសម្លាប់មេរោគ ឬបោះសម្បកកញ្ចប់វេចខ្ចប់ខាងក្រៅ រួមទាំងបោះសម្បកកញ្ចប់ប្លាស្ទិកក៏ដោយ ក៏អ្នកមិនអាចបាញ់ថ្នាំសម្លាប់មេរោគលើអាហារទាំងអស់ ដែលត្រូវនាំចូលមកបានដែរ»។
មណ្ឌលថែទាំមនុស្សចាស់របស់ចិនជាច្រើន ត្រូវបានបិទទ្វារអស់ជាច្រើនសប្តាហ៍មកហើយ បន្ទាប់ពីការណែនាំរបស់រដ្ឋាភិបាលក្នុងតំបន់ ហើយ Yuecheng Senior Home នៅទីក្រុងប៉េកាំង ប្រាប់ កាលពីសប្តាហ៍មុនថាមណ្ឌលត្រូវបានបិទជិត ៦០ ថ្ងៃហើយ។
នៅទីក្រុងសៀងហៃ មណ្ឌលថែទាំ Xiangfu បានប្រាប់នៅដើមសប្តាហ៍នេះថា ខ្លួននឹងបន្ត «ការគ្រប់គ្រងបែបបិទជិត» ដោយបង្ខំបុគ្គលិកទាំងអស់ឱ្យដេក នៅក្នុងមណ្ឌល និងឱ្យបុគ្គលិកធ្វើការ តេស្តអាស៊ីត Nucleic ជារៀងរាល់ថ្ងៃ។
មណ្ឌលនេះ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា៖ «នៅពេលដែលសង្គមបង្កើនប្រសិទ្ធភាពគោលនយោបាយបង្ការ និងគ្រប់គ្រង មណ្ឌលរបស់យើង ក៏ត្រូវតែបន្តរក្សាការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាពិសេស»៕


