កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅលីបង់ កាលពីថ្ងៃសុក្រ បានជំរុញឱ្យទីក្រុងបេរូត ធានាឱ្យមានការស៊ើបអង្កេតឱ្យបានឆាប់ទៅលើការបាញ់សម្លាប់ទាហានអៀរឡង់ នៅភាគខាងត្បូងប្រទេស ក្បែរព្រំដែនអ៊ីស្រាអែល។
យោធាអៀរឡង់បាននិយាយថា ក្បួនរថយន្តរបស់កងរក្សាសន្តិភាព បានរងការបាញ់ប្រហារ កាលពីល្ងាចថ្ងៃពុធនៅជិតភូមិ Al-Aqbiya ដោយបណ្តាលឱ្យសមាជិក ៣ នាក់ផ្សេងទៀតនៃកងកម្លាំង UNIFIL រងរបួស។
នាយករដ្ឋមន្ត្រីចាំផ្ទះលីបង់ លោក Najib Mikati និងមេទ័ព Joseph Aoun កាលពីថ្ងៃសុក្រ បានចុះទៅទីស្នាក់ការ UNIFIL នៅទីក្រុង Naqura ជាប់ព្រំដែន និងថ្កោលទោសការវាយប្រហារ ដែលបណ្តាលខ្មាន់កាំភ្លើងឈ្មោះ Sean Rooney ស្លាប់។
អ្នកនាំពាក្យ UNIFIL លោក Andrea Tenenti បានហៅការវាយប្រហារនោះថាជា ឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរ និងប្រាប់អ្នកសារព័ត៌មានថា វាពិតជាចាំបាច់ណាស់ សម្រាប់អាជ្ញាធរលីបង់ ក្នុងការនាំខ្លួនជនដៃដល់មកកាត់ទោស។
លោកបន្ថែមថា៖ «វាគឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងសហគមន៍អន្តរជាតិ ប្រឆាំងអ្នករក្សាសន្តិភាព ដែលនៅទីនេះ ដើម្បីរក្សាស្ថិរភាព»។
នេះគឺជាការស្លាប់សមាជិក UNIFIL លើកដំបូង ក្នុងឧប្បត្តិហេតុហិង្សា នៅលីបង់ ចាប់តាំងពីខែមករា ឆ្នាំ ២០១៥ នៅពេលដែលកងរក្សាសន្តិភាពអេស្ប៉ាញម្នាក់ ត្រូវបានគេសម្លាប់ ក្នុងការបាញ់សងសឹករបស់អ៊ីស្រាអែល។
UNIFIL ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៨ ដើម្បីតាមដានការដកកងកម្លាំងអ៊ីស្រាអែល បន្ទាប់ពីពួកគេបានលុកលុយលីបង់ ក្នុងការសងសឹកនឹងការវាយប្រហាររបស់ប៉ាឡេស្ទីន។
បច្ចុប្បន្ននេះ ដោយមានទាហានជិត ១ ម៉ឺននាក់ កម្លាំង UN ដើរតួជាអ្នកសម្របសម្រួល រវាងអ៊ីស្រាអែល និងលីបង់ ដែលតាមលក្ខណៈបច្ចេកទេស នៅមានសង្គ្រាមនៅឡើយ។ អ៊ីស្រាអែល បានដកខ្លួនចេញពីលីបង់ភាគខាងត្បូងក្នុងឆ្នាំ ២០០០ ប៉ុន្តែបានប្រយុទ្ធនឹងសង្គ្រាមឆ្នាំ ២០០៦ ដ៏ខ្លាំងក្លាជាមួយនឹងចលនាហេសបូឡាហ៍ ដែលគាំទ្រដោយអ៊ីរ៉ង់ដ៏មានឥទ្ធិពល និងសម្ព័ន្ធមិត្តរបស់ខ្លួន។
ប្រភពតុលាការនៃប្រទេសលីបង់ បានប្រាប់សារព័ត៌មាន AFP ថា អ្នករក្សាសន្តិភាព ត្រូវស្លាប់ដោយគ្រាប់កាំភ្លើងចំក្បាល នៅពេលដែលគ្រាប់កាំភ្លើងចំនួន ៧ គ្រាប់ ត្រូវរថយន្ត។ ប្រភពដដែលបានបន្ថែមថា មនុស្ស ៣ នាក់ ត្រូវរងរបួស នៅពេលដែលរថយន្ត បានបុកបង្គោលធំ ១ ដើម ហើយបានក្រឡាប់។
អ្នកនាំពាក្យកងទ័ពអៀរឡង់ បានប្រាប់សារព័ត៌មានថា ក្រុមជំនាញត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅលីបង់ នាថ្ងៃសៅរ៍ ដើម្បីបើកការស៊ើបអង្កេតលើការវាយប្រហារនោះ។
ប៉ុន្មានឆ្នាំនេះ មានឧប្បត្តិហេតុជាច្រើន រវាងអ្នកគាំទ្រក្រុមហេសបូឡាហ៍ និងកងកម្លាំង UN នៅតាមតំបន់ព្រំដែន ដែលស្មោះត្រង់នឹងក្រុមប្រដាប់អាវុធ ខណៈដែលលោក Wafic Safa ប្រមុខសន្តិសុខហេសបូឡាហ៍ បានប្រាប់ទូរទស្សន៍ LBCI នៅលីបង់ថា ឧប្បត្តិហេតុនោះ គឺអចេតនា ហើយបានអំពាវនាវឱ្យអ្នកស៊ើបអង្កេតឱ្យបានឆាប់ ដើម្បីស្វែងរកការពិត៕
វីដេអូ៖


