ក្រុងចូឡូ៖ មន្ត្រីបាននិយាយថា មនុស្សយ៉ាងតិច ១៤ នាក់បានស្លាប់ និង ៧៥ នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានសមាជិកនៃកងកម្លាំងសន្តិសុខ និងជនស៊ីវិល នៅក្នុងការវាយប្រហារ ២ កាលពីថ្ងៃចន្ទទាក់ទងនឹងអ្នកវាយប្រហារអត្តឃាតម្នាក់នៅលើកោះហ្វីលីពីនភាគខាងត្បូង ដែលជាបន្ទាយរឹងមាំរបស់ក្រុមប្រយុទ្ធអ៊ិស្លាម IS។
ការសម្របសម្រួលការវាយប្រហារយ៉ាងច្បាស់បានកើតឡើងនៅក្នុងក្រុងចូឡូ នៃខេត្តស៊ូលូ ជាទីដែលកងកម្លាំងសន្តិសុខគាំទ្រដោយរដ្ឋាភិបាលបានប្រយុទ្ធគ្នា ជាមួយក្រុមអាប៊ូសាយយ៉ាហ្វជាយូរមកហើយ។
លោកឧត្តមសេនីយ៍ទោ Corleto Vinluan បានថ្លែងថា ទាហាន ៧ នាក់ មន្ត្រីប៉ូលិសម្នាក់ និងជនស៊ីវិល ៦ នាក់បានស្លាប់នៅក្នុងការវាយប្រហារទាំង ២ នេះ គ្រាប់ទី១ បានផ្ទុះនៅពេលថ្ងៃត្រង់ នៅពេលដែលគ្រឿងផ្ទុះកែច្នៃដែលត្រូវបានគេដាក់ភ្ជាប់ជាមួយម៉ូតូ ១ គ្រឿងត្រូវគេចតនៅខាងក្រៅផ្សារទំនើប ១ បានផ្ទុះឡើង។
លោក Vinluan បានថ្លែងថាក្រោយមកបន្តិចផ្ទុះលើកទី២ បានកើតឡើងនៅលើផ្លូវដដែល នៅពេលអ្នកវាយប្រហារអត្តឃាតម្នាក់បានបំផ្ទុះខ្លួនឯង ខណៈកងកម្លាំងសន្តិសុខបានដាក់ខ្សែព័ទ្ធជុំវិញតំបន់នោះ។
លោកបានបន្ថែមថា ទាហានម្នាក់បានព្យាយាមចាប់ខ្លួនអ្នកវាយប្រហារគ្រាប់បែក នៅពេលនាងបំផ្ទុះគ្រឿងផ្ទុះរបស់នាងនោះ។
ជនស៊ីវិលសរុបទាំងអស់ ៤៨ នាក់ ក៏បានរងរបួសជាមួយនឹងទាហាន ២១ នាក់ និងប៉ូលិស ៦ នាក់។
លោកវរសេនីយ៍ទោ Ronaldo Mateo បានថ្លែងថា ទាហានម្នាក់បានឲ្យមនុស្សម្នាក់ទុកម៉ូតូនោះនៅខាងក្រៅហាងលក់គ្រឿងទេស ជាទីដែលមានមនុស្សម្នាជាច្រើនក្នុងនោះមានសមាជិកយោធាដែរ។ គ្រឿងផ្ទុះភ្ជាប់ជាមួយម៉ូតូនោះ បានផ្ទុះភ្លាមៗ។
លោកបានថ្លែងថា៖ «ទាហានរបស់យើងកំពុងរៀបចំកិច្ចប្រតិបត្តិការ។ នោះគឺជាពេលវេលាដែលគ្រឿងផ្ទុះកែច្នៃនោះ ត្រូវបានគេចុចបំផ្ទុះ»។
លោក Mateo បានថ្លែងថា ប្រហែលជាក្រុមអាប៊ូសាយយ៉ាហ្វ នៅពីក្រោយការវាយប្រហារទាំង ២ នោះ។
ដោយត្រូវបានអាមេរិកចុះបញ្ជីជាអង្គការភេរវកម្មមួយក្រុមអាប៊ូសាយយ៉ាហ្វ គឺជាបណ្តាញធូររលុងរបស់ក្រុមជនសកម្មប្រយុទ្ធអ៊ិស្លាមដែលត្រូវបានគេស្តីបន្ទោសចំពោះការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតនៅហ្វីលីពីន និងចាប់ជំរិតទេសចរ និងអ្នកផ្សព្វផ្សាយសាសនាគ្រិស្ត។
ពួកគេ ក៏បានទាក់ទងជាមួយជនសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម ដែលស្វះស្វែងរកដើម្បីបង្កើតរដ្ឋកាលិហ្វនៅអាស៊ីអាគ្នេយ៍។
ការវាយប្រហារកាលពីថ្ងៃចន្ទ បានកើតឡើងក្រោយពីការចាប់ខ្លួនមេដឹកនាំក្រុមអាប៊ូសាយយ៉ាហ្វនៅលើកោះមីនដាណៅភាគខាងត្បូង កាលពីដើមខែនេះ។
កងកម្លាំងសន្តិសុខបានប្រុងជើងការ ដើម្បីទប់ទល់នឹងលទ្ធភាពវាយប្រហារនានា ក្រោយពីចាប់ខ្លួនលោក Abduljihad Susukan ដែលត្រូវបានគេចោទប្រកាន់ថា បានចាប់ជំរិត និងកាត់ក្បាលជនបរទេសអស់ជាច្រើននាក់។
ប៉ូលិសបាននិយាយថា លោក Abduljihad ត្រូវបានចោទប្រកាន់ថា បានសម្លាប់មនុស្ស ២៣ នាក់ ចាប់ជំរិតមនុស្ស ៥ នាក់ និងប៉ុនប៉ងសម្លាប់មនុស្ស ៦ នាក់ផ្សេងទៀត។
លោក Harry Roque អ្នកនាំពាក្យរបស់លោក ឌូតឺតេ បានថ្កោលទោសការវាយប្រហារនេះ និងបានចូលរួមរំលែកមរណទុក្ខដល់គ្រួសាររបស់ជនរងគ្រោះក្នុងការវាយប្រហារនោះ៕ AFP/PSA


