ក្រុងបេរូត៖ ក្រុមបុគ្គលិកជួយសង្គ្រោះបានធ្វើការពេញ ១ យប់ រហូតឈានដល់ថ្ងៃពុធ ក្រោយពីការផ្ទុះទ្រង់ទ្រាយធំ ២ បានធ្វើឲ្យកក្រើកនៅទូទាំងកំពង់ផែរបស់ទីក្រុងបេរូត ដោយបានបណ្តាលឲ្យមនុសុ្សជាង ១០០ នាក់ស្លាប់ និងជាច្រើនពាន់នាក់ផ្សេងទៀតបានរងរបួស ខណៈការផ្ទុះនោះបានបំផ្លាញអគារអស់ជាច្រើននៅទូទាំងរដ្ឋធានីលីបង់។
ការផ្ទុះលើកទី២ បានធ្វើឲ្យមានដុំភ្លើងពណ៌ទឹកក្រូចឆេះយ៉ាងសន្ធោសន្ធៅ ឡើងទៅលើអាកាសភ្លាមៗ ហើយបានលាយឡំដោយរលកអណ្តាតភ្លើងដូចជាខ្យល់កួចមួយ ដែលបានបំផ្លិចបំផ្លាញកំពង់ផែ និងកញ្ចក់បង្អួចអគារអស់ជាច្រើនខ្នងនៅទូទាំងទីក្រុងបេរូត។
ការផ្ទុះនោះបានធ្វើឲ្យឮលាន់យ៉ាងខ្លាំងទៅដល់ទីក្រុងនីកូស៊ីនៃប្រទេសស៊ីប ចម្ងាយ ២៥០ គីឡូម៉ែត្រ ត្រូវបានកត់ត្រាដោយក្រុមអ្នកធរណីវិទ្យាថា ការផ្ទុះនោះមានកម្លាំងស្មើរញ្ជួយដី ៣,៣ រ៊ិចទ័រ។
ដោយមានឈាមហូរ និងអារម្មណ៍មមើមមាយ អ្នករងរបួសបានជាប់គាំងទៅណាមិនរួចនៅក្នុងកម្ទេចកម្ទីកញ្ចក់បាក់បែក និងអគារជាច្រើននៅកណ្តាលទីក្រុងបេរូត ត្រូវឆេះអស់គ្មានសល់។
មនុស្សជាង ៤ ០០០ នាក់ បានរងរបួសដោយសារការផ្ទុះទាំងនោះ ដោយមានអ្នករងរបួសបានកត់ត្រាយ៉ាងត្រឹមត្រូវនៅទូទាំងទីក្រុងបេរូត នៃប្រទេសលីបង់។

ប្រទេសលីបង់ បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ដែលបានធ្វើឲ្យប្រជាជនជាងពាក់កណ្តាល ស្ថិតនៅក្នុងភាពក្រីក្រ។ ស្ថានការណ៍នោះ បានធ្វើឲ្យធ្ងន់ធ្ងរកាន់តែខ្លាំងឡើង នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណា។
លោកនាយករដ្ឋមន្ត្រី ហាស់សាន់ ឌៀប បានថ្លែងថា សារធាតុគីមីអាម៉ូញ៉ូមសម្រាប់ផលិតជីកសិកម្ម ២ ៧៥០ តោន ដែលបានស្តុកទុកអស់ជាច្រើនឆ្នាំ នៅក្នុងឃ្លាំងកំពង់ផែមួយបានផ្ទុះឡើង ដោយបានបង្កឲ្យមាន «មហន្តរាយមួយយ៉ាងធ្ងន់ធ្ងរបំផុត»។
លោក ហាស់សាន់ ឌៀប បានថ្លែងថា៖ «អ្វីបានកើតឡើងនៅថ្ងៃនេះ មិនមានការទទួលខុសត្រូវនោះទេ»។ «អ្នកដែលទទួលខុសត្រូវចំពោះមហន្តរាយនេះ នឹងត្រូវបង់ថ្លៃសម្រាប់ខូចខាតទាំងនេះ»។
ប្រធានសន្តិសុខលោកឧត្តមសេនីយ៍ អាប់បាស់ អ៊ីប្រាហ៊ីម បានថ្លែងថា សារ ធាតុគីមីអាម៉ូញ៉ូមទាំងអស់នេះ ត្រូវរឹបអូសប៉ុន្មានឆ្នាំថ្មីៗនេះ ហើយយកមករក្សាទុកនៅក្នុងឃ្លាំងកំពង់ផែក្រុងបេរូតនេះ។

ទាហានម្នាក់នៅកំពង់ផែជាទីដែលក្រុមសាច់ញាតិដែល កំពុងបាត់ខ្លួនបានប្រញាយគ្នា ដើម្បីស្វែងរកមនុស្សជាទីស្រឡាញ់របស់ពួកគេបាត់ខ្លួនថ្មីៗ បានប្រាប់កាសែត AFP ថា៖ «នេះ គឺជាមហន្តរាយមួយនៅក្នុងកំពង់ផែនោះ ហើយមានសាកសពជាច្រើន បានដេកស្តូកស្តឹងនៅលើដី។ រថយន្តសាមុយជាច្រើនគ្រឿង នៅកំពុងដឹកជញ្ជូនសាកសពទាំងនោះ»។
ស្ត្រីម្នាក់ក្នុងវ័យ ២០ ឆ្នាំ បានឈរយំស្រែកប្រាប់ទៅកងកម្លាំងសន្តិសុខ ដោយបានសុំឲ្យពួកគេជួយដល់បងប្រុសនាងដែលជាកម្មករកំពង់ផែ។
«ឈ្មោះរបស់គាត់ គឺ ចេដ ភ្នែករបស់គាត់ គឺពណ៌ខៀវ» អ្នកស្រីបានអង្វរពួកគេ ប៉ុន្តែគ្មានអ្នកជួយនោះទេ ខណៈក្រុមមន្ត្រីកងកម្លាំងសន្តិសុខបានបដិសេធមិនអនុញ្ញាតឲ្យអ្នកស្រី ចូលទៅរកបងប្រុសរបស់អ្នកស្រីនោះទេ។
លោកយាយ Makrouhie Yerganian មានវ័យ ៧០ ឆ្នាំ ដែលបានរស់នៅក្បែរកំពង់ផែនេះជាច្រើនទសវត្សរ៍ ហើយនោះនិយាយឲ្យដឹងថា៖ «ការផ្ទុះនោះដូចគ្រាប់បរិមាណូអ៊ីចឹង ដោយបន្ថែមថា «ខ្ញុំបានឆ្លងកាត់បញ្ហាគ្រប់យ៉ាង ប៉ុន្តែមិនធ្លាប់មានការផ្ទុះបែបនេះពីមុនមកទេ សូម្បីតែនៅក្នុងសង្គ្រាមស៊ីវិល ១៩៧៥-១៩៩០ ក៏មិនដែលមានដែរ»៕ AFP/SK


