ក្រុងចាឡាឡាបាដ៖ មន្ត្រីបានថ្លែងកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងតិច ២៩ នាក់បានស្លាប់ នៅក្នុងការឆ្មក់វាយប្រហារមួយ ទៅលើគុកអាហ្វហ្គានីស្ថានមួយកន្លែង ដែលបានអះអាងដោយក្រុមរដ្ឋអ៊ិស្លាម ខណៈប្រទេសនេះបានរង់ចាំមើលថា តើបើបទឈប់បាញ់ ១ របស់រដ្ឋាភិបាលជាមួយក្រុមតាលីបង់ អាចនឹងបញ្ចប់ឬយ៉ាងណា ក្រោយពីអស់សុពលភាពជាផ្លូវការនោះ។
ការប្រយុទ្ធគ្នាចុងក្រោយបានបញ្ចប់ នៅពេលថ្ងៃត្រង់ នៅពន្ធនាគារក្នុងទីក្រុងចាឡាឡាបាដភាគខាងកើត ជាទីដែលក្រុមយុទ្ធជន IS និងអ្នកទោសតាលីបង់ ១ ៧០០ នាក់ កំពុងត្រូវបានឃុំខ្លួននោះ។
ខិត្តប័ណ្ណសារព័ត៌មានអាម៉ាក (Amaq) របស់ក្រុមរដ្ឋអ៊ិស្លាមបាននិយាយថា ក្រុមយុទ្ធជនរបស់ខ្លួនបាននៅពីក្រោយការឆ្មក់វាយប្រហារ ដែលបានចាប់ផ្តើមជាមួយការវាយប្រហារបំផ្ទុះរថយន្តអត្តឃាតមួយ ហើយបានបង្ហាញថា មានអ្នកទោសជាង ១ ០០០ នាក់ បានរត់គេចខ្លួននៅមុនមនុស្សភាគច្រើនបំផុតក្នុងចំណោមពួកគេត្រូវចាប់ខ្លួន។
ការវាយប្រហារនោះ គឺជាឧប្បត្តិហេតុហិង្សាខ្លាំងក្លាបំផុត ចាប់តាំងពីក្រុមតាលីបង់ និងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានរៀបចំឲ្យមានបទឈប់បាញ់រយៈពេល ៣ ថ្ងៃ ដោយសារប្រារព្ធពិធីបុណ្យអ៊ីដ អាល់-អាដហាតាមបែបសាសនាមូស្លីម ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យកន្លងទៅ។
មន្ត្រីអាហ្វហ្គានីស្ថានបានថ្លែងថា ក្រុមអ្នកវាយប្រហារសរុបទាំងអស់ចំនួន ១០ នាក់ក៏បានស្លាប់ នៅក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅកន្លែងពន្ធនាគារនោះ។ ចំណែកក្រុម IS មិនមែនជាផ្នែកនៃបទឈប់បាញ់នេះទេ៕ AFP/SK


