ក្រុងសេអ៊ូលៈ មន្ត្រីទូតម្នាក់ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងត្បូងនឹងពន្លឿនគំនិតផ្ដួចផ្ដើមរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាបង្កើតបរិយាកាសមួយសម្រាប់បន្តការចរចា ដែលផ្ដោតទៅលើការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
រដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី KangKyungwha បានថ្លែងថាក្រសួងរបស់លោកស្រី នឹងប្រឹងប្រែងឲ្យបានពេញទំហឹង ដើម្បីលើកទឹកចិត្តប្រទេសចិន និងរុស្ស៊ីឲ្យប្រើឥទ្ធិពលរបស់ពួកគេ ដើម្បីបញ្ចុះបញ្ចូលនិង នាំកូរ៉េខាងជើងមកកាន់តុចរចា។
លោកស្រី Kang បានថ្លែងប្រាប់ក្រុមអ្នកតំណាងរាស្ត្រក្នុងពេលត្រួតពិនិត្យរដ្ឋសភាថា៖ «យើងនឹងបន្តខំប្រឹងប្រែងក្នុងតួនាទីដឹកនាំរបស់យើងដើម្បីបង្កើតបរិយាកាស ដែលអាចឲ្យកិច្ចចរចាលុបបំបាត់នុយក្លេអ៊ែរអាចបន្តឡើងវិញបាន» «នៅក្នុងដំណើរការនេះ យើងនឹងបញ្ចុះបញ្ចូលចិន និងរុស្ស៊ីឲ្យប្រើឥទ្ធិពលរបស់ពួកគេដែលមានលើកូរ៉េខាងជើង»។
ការបញ្ជាក់ជាថ្មីពីកិច្ចចរចាជាមួយនឹងកូរ៉េខាងជើងរបស់លោកស្រីត្រូវបានធ្វើឡើង ទោះបីជាភាពតានតឹង កំពុងតែកើនឡើងក្តី ដោយបណ្ដាលឲ្យកូរ៉េខាងជើងប្រព្រឹត្តទង្វើបង្កហេតុជាបន្តបន្ទាប់ និងបានបង្កឲ្យមានសង្គ្រាមពាក្យសម្ដីរវាងមេដឹកនាំកូរ៉េខាងជើង និងអាមេរិកនោះ។
កូរ៉េខាងត្បូង បានបន្តថ្លែងថា ខ្លួននឹងព្យាយាមដោះស្រាយវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង ដោយប្រើប្រាស់តែទណ្ឌកម្ម និងការដាក់សម្ពាធទេប៉ុន្តែខ្លួននឹងប្រើប្រាស់មធ្យោបាយផ្លូវការទូត ដែលរួមមានទាំងការចរចាដោយផ្ទាល់ជាមួយកូរ៉េខាងជើង។
នៅក្នុងសុន្ទរកថានៅក្រុងប៊ែរឡាំងកាលពីខែកក្កដាប្រធានាធិបតីកូរ៉េខាងត្បូងលោកម៉ូន ជេអ៊ីន បានថ្លែងអំពីសារៈសំខាន់ពីកិច្ចចរចាក្នុងការដោះស្រាយសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង ហើយលោកបានបន្ថែមថារដ្ឋាភិបាលរបស់លោកនឹងព្យាយាមធ្វើយ៉ាងណាបង្កើតឲ្យបានរបប ដែលមានសន្តិភាពជាអចិន្រៃ្តយ៍នៅលើឧបទ្វីបកូរ៉េ។
លោកស្រី Kang បានសន្យាថា នឹងរក្សាឲ្យបាននូវកម្លាំងសម្រាប់សម្រេចគោលដៅនៃគោលនយោបាយរបស់លោកប្រធានាធិបតីលើសំណុំរឿងកូរ៉េខាងជើង ហើយនឹងបន្តការខិតខំប្រឹងប្រែងធ្វើឲ្យមានសន្តិភាព៕



